កម្មករ កម្មការិនីរោងចក្រស្បែកជើងតាកែវស៊ូ ប្រមាណជាង ១ពាន់នាក់ យល់ព្រមចូលធ្វើការវិញ បន្ទាប់ពីអភិបាលខេត្តធ្វើការសម្របសម្រួល

តាកែវ៖ ក្រោមការដឹកនាំសម្របសម្រួល និងដោះស្រាយរវាង កម្មករ កម្មការិនី រោងចក្រស្បែកជើងតាកែវស៊ូ និងថៅកែរោងចក្រ ពីសំណាក់ ឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ រួមជាមួយតំណាងក្រសួង និងមន្ទីរការងារបណ្តុះបណ្តាល និងវិជ្ជាជីវៈខេត្ត អាជ្ញាធរក្រុងដូនកែវ អស់រយៈពេលពេញមួយថ្ងៃ កាលពីថ្ងៃពុធ ៧រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែកក្តដា ឆ្នាំ២០១៨។

ក្នុងការសម្របសម្រួលនេះដែរ កម្មករ កម្មការិនី ប្រមាណជាង ១ពាន់នាក់ ដែលកំពុងបម្រើការងារនៅរោងចក្រខាងលើនេះ បានយល់ព្រមចូលបម្រើការងារវិញជាធម្មតា។

ចំពោះលក្ខខ័ណ្ឌដែលបានស្នើសុំដោយកម្មករ កម្មការិនីទាំងនេះ គឺការស្នើសុំឱ្យក្រុមហ៊ុនគិតគូរនូវអត្ថប្រយោជន៍ផ្សេងៗតាមផ្លូវច្បាប់ ពោលគឺ គិតប្រាក់បំណាច់ឆ្នាំ ចាប់ពីខែមេសា ឆ្នាំ២០១២ ដល់ឆ្នាំ២០១៨ និងស្នើសុំថៅកែរោងចក្រក្នុងអំឡុងធ្វើកូដកម្មកុំកាត់ប្រាក់ខែ។

ពាក់ព័ន្ធនឹងលក្ខខ័ណ្ឌទាំងពីរខាងលើនេះ ថៅកែរោងចក្របានឯកភាពនូវចំណុចបើកប្រាក់បំណាច់ឆ្នាំរយៈពេល៦ឆ្នាំ និងបានបដិសេធចំពោះ ការកុំឱ្យកាត់ប្រាក់ក្នុងពេលធ្វើកូដកម្ម ដូច្នោះកម្មករក៏បានព្រមព្រៀងគ្នាទទួលយកក្រោមនយោបាយឈ្នះ ឈ្នះ ទាំងសងខាង ៕ ដោយៈ SBN (PC2)

អត្ថបទដែលជាប់ទាក់ទង