ដំណាំទុរេន កំពុងមានការចាប់អារម្មណ៍របស់ប្រជាកសិករក្នុងខេត្តរតនគិរី

រតនគិរី៖  មជ្ឍមដ្ឋានទូទៅទទួលស្គាល់ថា ជាខេត្តមួយមានសក្តានុពលផ្នែកកសិកម្ម ដោយសារតែទឹកដីខេត្តមួយនេះសម្បូណ៍ទៅដោយជីវជាតិ និងអំណោយ ផលពីធម្មជាតិ ក្នុងការដាំដុះនូវដំណាំគ្រប់ប្រភេទ ។ ប៉ុន្តែទន្ទឹមនឹងនោះ ដំណាំកសិផលមួយចំនួនបរាជ័យ ដោយសារតម្លៃទីផ្សារមិនស្ថិតស្ថេរ ទើបធ្វើឱ្យម្ចាស់ចម្ការមួយចំនួន សម្រេចចិត្តផ្លាស់ប្តូរ មកដាំដំណាំទុរេនហូបផ្លែនេះវិញ ម្យ៉ាងវិញទៀតដំណាំប្រភេទនេះ ងាយស្រួលក្នុងការរកទីផ្សារ និងជាទីពេញនិយមសម្រាប់ប្រជាពលរដ្ឋខ្មែរទូរទៅពិសា ដោយសាររសជាតិផ្លែទុរេន នេះ ផ្អែមឆ្ងាញ់ និងក្រអូបខុសពីផ្លែឈើដទៃទៀត ។

ជាក់ស្តែង លោក ស៊ូ ចន្ថា មានអាយុ ៣៤ ឆ្នាំ ដែលជាម្ចាស់ចម្ការទុរេន ១កន្លែង មានផ្ទៃដីដាំដុះចំនួន ៥ហិកតា ស្មើ ២០០ ដើមទុរេន ស្ថិតក្នុងភូមិជ្រី សង្កាត់យក្សឡោម ក្រុងបានលុង ខេត្តរតនគិរី ដែលពីមុនធ្លាប់បរាជ័យដំណាំជាមួយនិង ចន្ទី បានរៀបរាប់ថា មូលហេតុដែលលោកចាប់អារម្មណ៍ និងងៀកមកដាំដំណាំទុរេននេះ វិញ គឺដោយសារកត្តាតម្លៃទីផ្សារ ព្រោះថាដំណាំហូបផ្លែទុរេននេះ វាពេញនិយមសម្រាប់ការបរិភោគរបស់ពលរដ្ឋទូរទៅ តម្លៃវា ក៏ល្អប្រសើរ ហើយពុំមានការធ្លាក់ថ្លៃខ្លាំងដូចដំណាំដទៃ ដូច្នេះទើបធ្វើឱ្យលោកសម្រេចកាប់ឆ្កាដំណាំដទៃដែលលោកធ្លាប់ដាំ ងាកមកដាំដំណាំទុរេននេះវិញម្ដង ។

ម្ចាស់ចម្ការទុរេនរូបនេះ បានឱ្យដឹងទៀតថា បច្ចប្បន្នផ្ទៃដី ៥ហិកតា លោកដាំដើមទុរេនបានចំនួន ២០០ ដើម ហើយលោកអាចរកប្រាក់ចំណូលបានប្រមាណជា ២ម៉ឺនដុល្លារសហរដ្ឋអាមេរិកក្នុង ១ឆ្នាំៗ ដោយសារការលក់ផ្លែទុរេននេះ។ លោកបានបន្តថា ក្នុង១គីឡូ លោកអាចលក់បានតម្លៃចន្លោះពី១ម៉ឺន ៧ពាន់រៀល ទៅ២ម៉ឺន ២ពាន់រៀល ។
លោកក៏បានបញ្ជាក់ទៀតថា ដំណាំទុរេនរបស់គាត់នេះ គឺបាននាំពូជមកខេត្តកំពត ជាប្រភេទទុរេនម៉ាន់ថង ហើយដាំដុះតាមបែបធម្មជាតិ ពុំមានប្រើជីគីមីនោះទេ គឺប្រើតែជីធម្មជាតិតែប៉ុណ្ណោះ ។
ម្ចាស់ចម្ការដដែល ក៏បានសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ សុំបន្តការគាំទ្រនូវដំណាំធម្មជាតិរបស់កូនខ្មែរក្នុងទឹកដីខេត្តរតនគិរីនេះបន្ថែមទៀត បើទោះបីតម្លៃខ្ពស់ជាងគេបន្តិចបន្តួច ជាមួយកសិផលនាំចូលពីប្រទេសជិតខាងយ៉ាងណាក៏ដោយ ។ដោយHSP(CSC)

អត្ថបទដែលជាប់ទាក់ទង