ក្ដៅៗ! រថយន្តសាម៉ុយតម្រៀបចាំមុខល្អាងស្រេច ក្រុមសង្គ្រោះចូលយកក្មេងហើយ មិនអាចចាំ៤ខែទេ

ប្រទេសថៃ៖ នៅព្រឹកថ្ងៃអាទិត្យនេះ ​រថយន្ត​សង្គ្រោះ​បន្ទាន់​ជា​ច្រើន​គ្រឿង​បាន​មក​ដល់​មុខ​ល្អាង​ថាំហ្លួង​ហើយ ​ជា​ទី​ដែល​ក្រុម​សង្គ្រោះ​កំពុង​រៀប​ចំ​យក​កុមារ​ទាំង ១២​នាក់ និង​ជំនួយ​ការ​គ្រូ​បង្វឹក​ពួក​គេ​ម្នាក់ ​ដែល​ជាំ​គាំង​ក្នុង​រូង​ល្អាង​ចេញ​មក​ក្រៅ​ ​ខណៈ​គេ​ព្យាករណ៍​ថា ​ព្យុះ​ថ្មី​មួយ​​នឹង​នាំ​ភ្លៀង​ធ្លាក់​ខ្លាំង​ឆាប់​ៗ​។

ការ​ប្រកាស​ពី​អាជ្ញាធរ​នេះ ​បាន​កើត​ឡើង​នៅ​ព្រលឹម​ថ្ងៃ​អាទិត្យ​នេះ ​ខណៈ​ពពក​ខ្មៅ​រក​ភ្លៀង​កំពុង​សង្គ្រុប​លើ​ជួរ​ភ្នំ គួរ​ឲ្យ​ព្រួយ​បារម្ភ។ ​ចំណែក​អ្នក​សារព័ត៌មាន​នានា​ត្រូវ​បាន​រារាំង​មិន​ឲ្យ​ចូល​ក្នុង​ល្អាង ​និង​រើ​ទៅ​ឆ្ងាយ​ចម្ងាយ ៥០០​ម៉ែត្រ ពី​មជ្ឈមណ្ឌល​ជួយ​សង្គ្រោះ។

​​នៅ​យប់​មិញ​ភ្លៀង​ធ្លាក់​ដ៏​ខ្លាំង​សម្បើម​មួយ​បាន​ចាក់​ស្រោច​នៅ​ភាគ​ខាង​ជើង​ប្រទេស​ថៃ ​បណ្ដាល​ឲ្យ​ស្ថានភាព​នៅ​ល្អាង​កាន់​តែ​អាក្រក់​ជាង​មុន​បន្តិច។ ​វា​មើល​ទៅ​ទំនង​ជា​អាច​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​​នៅ​ថ្ងៃ​នេះ ​រួច​បន្ត​ដល់​ថ្ងៃ​ស្អែក​ថែម​ទៀត។ ​នៅ​ពេល​មេឃ​បន្ត​ធ្លាក់​ភ្លៀង​ខ្លាំង ​ដូច្នេះ​ការ​សម្រេច​ចិត្ត​ជួយ​សង្គ្រោះ​អាច​នឹង​កើត​ឡើង​ភ្លាម​ៗ។ ពេលណា ​ទឹក​ភ្លៀង​មូសុង​ចាប់​ផ្ដើម​ហូរ​ចូល​ក្នុង​ល្អាង ​កម្រិត​ទឹក​នឹង​កើន​ឡើង​ធ្វើ​ឲ្យ​ក្រុម​សង្គ្រោះ​​រឹតតែ​ពិបាក​បូម​ទឹក​ចេញ ​ព្រោះ​​ពួកគេ​បាន​បូម​ជាង ២​សប្ដាហ៍​ហើយ ​តែ​កម្រិត​ទឹក​ស្រក​តិច​មែន​ទែន។

​បើ​តាម​ប្រភព​ពី​សារព័ត៌មាន Khaosode ​វិញ​ថា ​ក្រុម​អ្នក​មុជ​ទឹក​ជា​ច្រើន​បាន​ប្រែ​ជា​ងងឹត​មុខ​ ទន់​ខ្លួន​រក​សន្លប់​ក្នុង​រូង​ល្អាង​ដោយ​សារ​តែ​ខ្វះ​អុកស៊ីហ្សែន ​កើន​ឡើង​កាបូនឌីអុកស៊ីត។ ​អតីត​អភិបាល​ខេត្ត​ឈៀងរ៉ៃ លោក​ណារ៉ុងសាក់​ថា ​ការ​នាំ​ក្មេង​ចេញ​គួរ​តែ​ចាប់​ផ្ដើម​ចេញ​ថ្ងៃ​នេះ ប្រសិន​បើ​សុខភាព​ពួក​គេ​ល្អ ហើយ​ស្ថានភាព​ផ្សេង​ទៀត​ពួក​គេ​អាច​ទ្រាំទ្រ​បាន។

«​ ​ប្រសិន​បើ​មេឃ​ភ្លៀង ​កម្រិត​ទឹក​នឹង​កើន​ឡើង​មិន​ខាន ហើយ​កន្លែង​ទួល​ខ្សាច់​ដែល​ក្មេង​សម្ងំ​ នឹង​លិច​បន្ថែម​ទៀត។ ​តែ​បើ​សិន ថ្ងៃ​នេះ ឬ​ពីរ​បី​ថ្ងៃ​បន្ទាប់ ​អាកាសធាតុ​ល្អ ​កម្រិត​ទឹក​ថយ​ចុះ ​សុខភាព​ក្មេង​ល្អ ​យើង​នឹង​ពិភាក្សា​លម្អិត​ថា ​នឹង​យក​ពួក​គេ​ចេញ​តាម​របៀបណា»។ ចំណែក​​​នៅ​មុន​នេះ​បន្តិច នៅ​ម៉ោង ១០​ព្រឹក​ ​លោក​​ស្រាប់​តែ​ប្រាប់​ថា «ថ្ងៃ​នេះ​ជា​ថ្ងៃ​ល្អ ​ក្រុម​អ្នកជំនាញ​​មុជទឹក​បរទេស​ចំនួន ១៣​នាក់ ​សម្រេច​ចូល​ទៅ​សង្គ្រោះ​ហើយ​​អម​ជាមួយ​ក្រុម​អ្នក​មុជទឹក Thai Navy SEAL​​ ​៥​នាក់​ផង​​ដែរ​។ ​សូម​រង់​ចាំ​ទទួល​ដំណឹង​ល្អ… ។

អត្ថបទដែលជាប់ទាក់ទង