ពិធីកាត់ខ្សែបូរសម្ពោធផ្លូវបេតុង និងសមិទ្ធផលនានាមួយចំនួនក្នុងវត្តមុនីសុវណ្ណ ហៅវត្តគង់ម៉ុច

សៀមរាប៖ ពិធីកាត់ខ្សែបូរសម្ពោធផ្លូវបេតុង និងសមិទ្ធផលនានា មួយចំនួនក្នុងវត្តមុនីសុវណ្ណ ហៅវត្តគង់ម៉ុច នាថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៨ ក្រោមវត្តមាន លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប ដោយមានការចូលរួមពីសំណាក់ ព្រះចៅអធិការវត្ត លោកយាយ លោកតា សិស្សានុសិស្ស និងប្រជាពលរដ្ឋជាច្រើនកុះករផងដែរ។

លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប បានមានប្រសាសន៍ថា សមិទ្ធផលដែលរីកចម្រើនក្នុងវត្តអារាមបង្ហាញឱ្យឃើញអំពីការវិវឌ្ឍរីកចម្រើននៃសង្គមជាតិ។ ហើយសមិទ្ធិផលដែលវត្តទទួលបាននាពេលនេះ បង្ហាញឱ្យឃើញពីការគោរពស្រឡាញ់វិស័យព្រះពុទ្ធសាសនាដែលជាសានារបស់រដ្ឋ និងបង្ហាញពីការយកចិត្តទុកដាក់ចូលរួមអភិវឌ្ឍសង្គមរបស់បងប្អូនប្រជាពុទ្ឋបរិស័ទ ទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ ដែលវិស័យទាំង២នេះ គឺមានទំនាក់ទំនងគ្នាយ៉ាងស្អិតរមួត ជាកញ្ចក់ឆ្លុះបង្ហាញជាសត្យានុម័តឱ្យឃើញ អំពីការវិវឌ្ឍរីកចម្រើននៃសង្គមជាតិ។ ហើយវត្តអារាមដែលមានការរីកចម្រើន គឺជាកត្តាឆ្លុះបង្ហាញឱ្យឃើញអំពីជីវភាពប្រសើរឡើងនៃប្រជាពុទ្ធបរិស័ទនៅក្នុងតំបន់ចំណុះជើងវត្តនោះ ជាមួយនឹងទេព្យកោសល្យដឹកនាំនៃព្រះគ្រូចៅអធិការវត្ត ព្រមទាំងការផ្តល់ជំនឿទុកចិត្តពីសំណាក់ព្រះសង្ឃផងដែរ ក្រោមគោលការណ៍ជាមូលដ្ឋានព្រះពុទ្ធសាសនាផ្សាភ្ជាប់នឹងសង្គម។

លោកអភិបាលរងខេត្ត មានប្រសាសន៍ទៀតថា ទីវត្តអារាមគឺជាឃ្លាំងរក្សាទុកវប្បធម៌អក្សរសាស្រ្តប្រពៃណី ហើយព្រះសង្ឃមានតួនាទីយ៉ាងសំខាន់លើការងារអប់រំបណ្តុះបណ្តាលសីលធម៌សង្គម ពិសេសសំដៅទៅរកការតម្រង់ទិសដៅអនាគតនៃយុវជន ព្រោះពួកគេគឺជាទ្រព្យសម្បត្តិដ៏ស្តុកស្តម្ភនៃប្រទេសជាតិ ហើយសមិទ្ធផលដែលបានកសាងឡើងទាំងនេះ កើតឡើងដោយសារប្រទេសជាតិយើងមានសន្តិភាពគ្រប់គ្រាន់ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាំឱ្យប្រទេសជាតិយើងមានសុខសន្តិភាព មានស្ថេរភាព និងភាពរីកចម្រើនសម្បូរសប្បាយ។ ដូច្នេះតាមរយៈនេះក្នុងនាមអាជ្ញាធរខេត្ត សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត សូមអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨នេះ ឱ្យបានគ្រប់ៗគ្នា ដើម្បីជ្រើសរើសថ្នាក់ដឹកនាំដែលមានសមត្ថភាព ក្នុងការដឹកនាំនិងអភិវឌ្ឍសង្គមជាតិយើង។

ក្នុងពិធីសម្ពោធនាពេលនេះដែល ព្រះតេជគុណ សង្គាហកោ ឡា អ៊ិនតាក់ ព្រះគ្រូចៅអធិការវត្តមុនីសុវណ្ណ ហៅវត្តគង់ម៉ុច មានថេរដីកាថា សមិទ្ធផលថ្មីៗដែលសម្ពោធនាពេលនេះ គឺក្រោមការចូលរួម ឧបត្ថម្ភបច្ច័យ ទាំងស្រុងពី ប្រជាពុទ្ឋ បរិស័ទ ឆ្ងាយជិត ហើយព្រះសង្ឃ និងគណៈកម្មការអាចារ្យវត្ត ក៏បានមូលមតិគ្នាធ្វើការកែលំអ និងកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងវត្តជាបន្តបន្ទាប់ ដើម្បីបង្កលក្ខណៈងាយស្រួលដល់បងប្អូនប្រជាពុទ្ធបរិស័ទ សម្រាប់ធ្វើបុណ្យទានផ្សេងៗ ព្រោះថា វត្តនេះ ថ្វីត្បិតតែនៅក្បែរក្រុងសៀមរាប តែទទួលរងនូវការបំផ្លិចបំផ្លាញស្ទើរទាំងស្រុងកាលពីក្នុងរបបខ្មែរក្រហម។

ព្រះតេជគុណសង្គាហកោ បានមានសង្ឃដីកាបន្ត ថា ប៉ុន្តែក្រោយថ្ងៃ ៧ មករា ១៩៧៩ វត្តបានចាប់ផ្តើមស្តារ និងជួសជុលកសាងហេដ្ឋារចនាសម្ព័ន្ធជាបន្តបន្ទាប់មក ដែលជាក់ស្តែងថ្មីៗនេះ វត្តសម្រេចសាងសង់បាននូវផ្លូវក្រាលគ្រួសក្រហមជាប់របងវត្ត ជាប់នឹងសាលាបឋមសិក្សាវត្តគង់ម៉ុច មានទទឹង៦ម៉ែត្រ និងបណ្តោយ៥០០ម៉ែត្រចំណាយថវិកាអស់៥.០០០ដុល្លារអាមេរិក និងផ្លូវបេតុងខ្វាត់ខ្វែងក្នុងវត្ត ប្រវែង៧៤៥ម៉ែត្រ ស្មើនឹង៤.៤៧០ម៉ែត្រក្រឡា ចំណាយទឹកប្រាក់អស់៤៤.១៥០ដុល្លារអាមេរិក សរុបថវិកាទាំងអស់៤៩.១៥០ដុល្លារអាមេរិក ក្នុងនោះនៅខ្វះថ្លៃបេតុងចំនួន៣៤.១៥០ដុល្លារអាមេរិកទៀត។

ព្រះតេជគុណមានថេរដីកា បញ្ជាក់ទៀតថា ដោយក្នុងវត្តនេះខ្វះខាតនូវឧបដ្ឋានសាលាសម្រាប់ប្រជាពុទ្ធបរិស័ទជិតឆ្ងាយក្នុងការធ្វើបុណ្យទានទៅតាមប្រពៃណីទំនៀមទម្លាប់ព្រះពុទ្ឋសាសនា និងដោយភាពជាក់ស្តែងសាលាឆាន់ និងឧបដ្ឋានសាលាចាស់ឌ្រុឌទ្រោម មិនអាចមានសុវត្ថិភាពសម្រាប់ប្រជាពុទ្ធបរិស័ទ និងព្រះសង្ឃប្រើប្រាស់បាននោះ ព្រះសង្ឃ និងគណៈកម្មការអាចារ្យវត្ត ព្រមទាំងប្រជាពុទ្ធបរិស័ទចំណុះជើងវត្ត កាលពី៥ឆ្នាំមុន បានពិភាក្សាឯកភាព និង សម្រេចថាត្រូវតែកសាងសាលាធម្មសភាមួយ សម្រាប់ប្រជាពុទ្ធបរិស័ទជិតឆ្ងាយមកធ្វើបុណ្យទានទៅតាមប្រពៃណីទំនៀមទម្លាប់ព្រះពុទ្ធសាសនា ដែលបច្ចុប្បន្នកសាងបានប្រមាណជា៦៥ភាគរយហើយ ៕ ដោយៈ BRT (PC2)

អត្ថបទដែលជាប់ទាក់ទង