ទស្សនៈកូនខ្មែរ៖ កុំឃើញទឹក ស្ងប់ វាយតម្លៃថាអត់មានត្រី~ ច្រឡំធំហើយ!

ភ្នំពេញ៖ ប៉ុន្មានថ្ងៃមកហើយដែលគណបក្សនយោបាយចំនួន ២០ បានធ្វើយុទ្ធនាការឃោសនារក សំឡេងឆ្នោត គណបក្សប្រជាជនកម្ពុជាបានសម្តែងឲ្យឃើញនូវភាពខ្លាំងជាបក្សធំជាងគេ និងនាំមុខគេដដែល។ ក្នុងកម្មវិធីបើក យុទ្ធនាការឃោសនាថ្ងៃដំបូង នៅកោះពេជ្រក្នុងរាជធានី ភ្នំពេញ គណបក្សដឹកនាំដោយលោកហ៊ុន សែន មានអ្នកចូលរួម ៦ ម៉ឺននាក់ដោយមាន រៀបចំក្បួនដង្ហែរយ៉ាងគគ្រឹកគគ្រេងបំផុត។ នៅតាមបណ្តាខេត្ត ក៏គណបក្សកាន់អំណាចមួយនេះបាននាំមុខដែលមានអ្នកចូលរួមច្រើនបំផុតដែរ។ យ៉ាងនេះក៏ដោយ ក៏មានក្រុមប្រឆាំងជ្រុលនិយមមួយចំនួនដែល មិនចង់ឃើញភាពស្ងប់សុខរបស់ពលរដ្ឋនៅតែឆ្លៀតឱកាសបន្តុះបង្អាប់គណបក្សប្រជាជនកម្ពុជា ដោយពួកគេលើកឡើងថា មិនសូវឃើញមានអ្នកសាទរតាមដងផ្លូវ។ ហើយពួកគេសន្និដ្ឋានថា ប្រជាជនមិនសូវគាំទ្រការបោះឆ្នោតនេះទេ។ នេះជាការវាយតម្លៃដោយភាន់ច្រឡំធំតាមរបៀបឃើញទឹកស្ងប់ថាអត់មានត្រី។

សម្រាប់ក្រុមអ្នកតាមដាន នយោបាយមួយនៅប្រទេសកម្ពុជា ការលើកឡើងបែបនេះគឺជាចេតនាអាក្រក់ពីសំណាក់អ្នក ដែលមិនចង់ឃើញភាពសុខ សានរបស់ខ្មែរតែប៉ុណ្ណោះ។ ប៉ុន្តែ អ្វីដែលជាការពិតហើយ ដែល ពួកគេគួរយល់ដឹងគឺ គណបក្សប្រជាជនកម្ពុជាគឺជាបក្សចាស់ទុំជាងគេនៅក្នុងឆាកនយោបាយដែលបានកាន់អំណាចជិត ៤០ ឆ្នាំមកហើយ។ ក្នុងនាមជាបក្សកាន់អំណាច ជានិច្ចកាល គណបក្សប្រជាជនកម្ពុជាគឺជាអ្នករក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងការពារភាពសុខសានជូនប្រជាពលរដ្ឋ។

ខុសពីក្រុមប្រឆាំងដែលចូលចិត្តធ្វើបាតុកម្មរំខានដល់ការ ប្រកបរបររកស៊ីរបស់អ្នកដទៃ ឬបង្កឲ្យកកស្ទះចរាចរណ៍ និងពេលខ្លះនាំគ្នាបិទផ្លូវធ្វើឲ្យរំខានអ្នកធ្វើដំណើរពេញមួយព្រឹកឬពេញមួយថ្ងៃក៏មានជាពិសេសគឺប្រើវោហាសាស្ត្រញុះញង់អោយមានអំពើហឹង្សា ការដុតកំហឹងពូជសាសន៍ ការលាបពណ៍ ។ល។ ផ្ទុយទៅវិញ ភាពចាស់ទុំរបស់បក្សកាន់អំណាចគឺអាចរក្សាភាពស្ងប់សុខជូនពលរដ្ឋឲ្យបាន។

ចំណែកអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាក៏ខុសគ្នាពីអ្នកគាំទ្របក្សប្រឆាំងដែរ។ ខុសគ្នាត្រង់អ្នកគាំទ្របក្សកាន់អំណាចមានភាពចាស់ទុំដោយពួកគេមិនបង្កភាព រំជើបរំជួល មិនចូលចិត្តស្រែកឡូឡា មិនបង្កហិង្សារញ៉េរញ៉ៃ និងមិនធ្វើឲ្យខូចសណ្តាប់ធ្នាប់សាធារណៈឡើយ។ បើត្រូវចូលរួមហែបក្សក៏ធ្វើឡើងដោយភាពចាស់ទុំដែរ។ ចំណែកអ្នក មិនបានទៅចូលរួម ពួកគេនៅ ប្រកបការងារតែរៀងៗខ្លួន ដោយមិនចាំបាច់បង្ហាញកាយវិការពុះកញ្ជ្រោលអ្វីឡើយ ពោលគឺពួកគេចូលចិត្តយកភាព ស្ងប់ស្ងាត់ជាធំ។ចាំដល់ថ្ងៃបោះឆ្នោត ក៏ដើរទៅគូស សន្លឹកឆ្នោត រួចដាក់ក្នុងហឹបឆ្នោត ហើយត្រឡប់មកផ្ទះវិញជាការស្រេច។

ភាពស្ងប់ស្ងៀមរបស់អ្នកគាំទ្ រ បក្សប្រជាជនគឺដោយសារ ទី១៖ ពួកគេធ្លាប់គាំទ្រគណបក្សនេះជិត ៤០ឆ្នាំមកហើយ ដូច្នេះពួកគេដឹងចិត្ត ដឹងថ្លើម គ្នាយ៉ាងច្បាស់លាស់ដោយមិនចាំបាច់បញ្ចេញកាយវិការ ឬសំឡេងស្រែកហ៊ោកញ្ចៀវដូចកូនក្មេងឡើយ។ ទី២៖ ពួកគេគិតថា គណបក្សរបស់ខ្លួននឹងបន្តឈ្នះឆ្នោតដឹកនាំប្រទេសរយៈពេលយូរតទៅទៀតពីព្រោះប្រជាពលរដ្ឋខ្មែរភាគច្រើនលើសលប់ត្រូវការគណបក្សប្រជាជនកម្ពុជាដឹកនាំប្រទេសជាចាំបាច់ជាពិសេស គឺវត្តមាននិងតម្រូវការចាំបាច់ខ្វះបាននូវលោកហ៊ុន សែនបន្តធ្វើជានាយករដ្ធមន្ត្រីដោយគ្មានអ្នកណាមកជំនួសបានឡើយ។

ទី៣៖ ជ័យជំនៈរបស់គណបក្សមួយគឺអាស្រ័យទៅលើការគូសសន្លឹកឆ្នោតគាំទ្រក្នុងបន្ទប់បិទជិត គឺមិនមែន បានមកដោយការស្រែកឡូឡាតាមដងផ្លូវឡើយ។ មូលហេតុទាំងនេះហើយដែលធ្វើឲ្យគណបក្សប្រជាជនកម្ពុជា ប្រកាន់យកភាពស្ងប់ស្ងាត់ ក្នុងនាមជាបក្សចាស់ទុំ ដែលខុសពីបក្សប្រឆាំង។ រីឯអ្នកគាំទ្របក្សប្រជាជនក៏មានភាព ចាស់ទុំខុសពីអ្នកគាំទ្របក្សប្រឆាំងដែរ។ ភាពចាស់ទុំនេះហើយដែលអាចរក្សាបាននូវភាព សុខដុមរមនារបស់សង្គមយើងមកទល់នឹងសព្វថ្ងៃ។ ភាពចាស់ទុំនេះហើយដែលធ្វើឲ្យបក្សប្រជាជនឈ្នះឆ្នោតជាដរាបមក។ ភាពចាស់ទុំនេះហើយដែលធ្វើឲ្យប្រទេសជាតិមានសន្តិភាព និងស្ថិរភាពនយោបាយ ក៏ដូចជាអាចរក្សាលំនឹងជីវភាពរបស់ ប្រជាជនបានយ៉ាងល្អ។

អ្វីដែលជាការកត់សម្គាល់ដែរ នោះគឺ គណបក្សនយោបាយ ១៩ ទៀតដែលកំពុងប្រកួតរកសំឡេងឆ្នោតពេលនេះក៏ប្រកាន់យកភាពចាស់ទុំក្នុងការធ្វើនយោបាយដែរ។ គ្មានបក្សណាមួយដើរតាមលំអានរបស់អតីតបក្សសង្គ្រោះជាតិដែលចូលចិត្តយកភាពឈាមរាវ កំហឹង គំនុំ និងការញុះញង់បំបែកបំបាក់មកធ្វើជាគោលការណ៍ឡើយ។ នេះគឺជាមូលហេតុដែលធ្វើឲ្យការបោះឆ្នោតលើកនេះបានផ្តល់ភាពកក់ក្តៅជូនពលរដ្ឋ ភ្ញៀវទេសចរណ៍ ក៏ដូចជាអ្នកវិនិយោគទុនទាំងក្នុង និងក្រៅស្រុក។ ខុសពីលើកមុន ដែលពួកគេតែងភ័យបារម្ភ នៅពេលបោះឆ្នោតដោយសារ មានបក្សក្រឡុក តែឥឡូវអ្វីៗបាន ដំណើរការទៅជាធម្មតា ដោយគ្មានការព្រួយបារម្ភឡើយ។ នេះហើយជាលទ្ធផលវិជ្ជាមានដែលកើតឡើងពីភាពចាស់ទុំរបស់អ្នកនយោបាយ។

ទោះយ៉ាងណា ពួកធ្លាប់ក្រឡុកសភាពការណ៍ពេលបោះឆ្នោត និងក្រោយបោះឆ្នោត មិនសប្បាយចិត្តនឹងឃើញដំណើរការបោះឆ្នោតមានភាព ស្ងប់ស្ងាត់ និងសុខសានបែបនេះ ទេ។ ពួកគេឆ្លៀតឌឺដងឲ្យគេថា មិនសូវមានប្រជាជនគាំទ្រទៅវិញ។ ទន្ទឹមនឹងនោះ ពួកគេក៏កំពុងបន្តរៀបចំផែនការអុកឡុកបំផ្លាញការបោះឆ្នោតតាមគ្រប់រូបភាព។ ប៉ុន្តែ ភាពចាស់ទុំគឺតែងតែទទួលបានជ័យជំនៈ។ គណបក្សដែលមានភាពចាស់ទុំ និងផ្តល់ភាពកក់ក្តៅដល់ពលរដ្ឋដូចគណបក្សប្រជាជនកម្ពុជា នៅតែជាជម្រើសមិនអាចខ្វះបាន។ ចំណែកគណបក្សដែលនាំតែរឿងក្តៅក្រហាយជួបនឹងក្តីវិនាសនៅទីបំផុត។ សូមចងចាំថា«ទឹកស្ងប់មិនមែនមានន័យថាគ្មានត្រីនោះឡើយ»! ដោយសារតែការវាយតម្លៃ សភាពការណ៍ច្រឡំរហូត បែបនេះហើយបានជាធ្វើនយោបាយចាញ់រហូត គឺចាញ់គ្មានថ្ងៃងើបមុខរួចឡើយ៕

ដោយ៖ អ្នកវិភាគសង្គមនយោបាយកម្ពុជា

អត្ថបទដែលជាប់ទាក់ទង