រដ្ឋសភានីតិកាលទី៥ បានបិទបញ្ចប់ការងារពេញមួយអាណត្តិរយៈពេល៥ឆ្នាំរបស់ខ្លួន នៅថ្ងៃនេះ

ភ្នំពេញ៖ រដ្ឋសភានីតិកាលទី៥ បានបិទបញ្ចប់ការងារពេញមួយអាណត្តិរយៈពេល៥ឆ្នាំរបស់ខ្លួនហើយចាប់ពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៨នេះតទៅ។ ពេញមួយអាណត្តិទី៥នេះ រដ្ឋសភាបានសម្រេចអនុម័ត្តលើសេចក្តីព្រៀងច្បាប់ និងសេចក្តីស្នើច្បាប់ចំនួន១០៩។

ឯកឧត្ដម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភាបានថ្លែងថា ដំណើរការរបស់រដ្ឋសភាពេញមួយអាណត្តិទី៥នេះ បានប្រព្រឹត្តទៅដោយភាពល្អប្រសើរ និងគោរពទៅតាមរដ្ឋធម្មនុញ្ញរបស់កម្ពុជា។ លោកបានបន្តថា ដំណើរការពេញមួយអាណត្តិរបស់រដ្ឋសភា បានជួយជំរុញឱ្យលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាដំណើរការទៅដោយភាពល្អប្រសើរ។

សូមបញ្ជាក់ថា រដ្ឋសភានីតិកាលទី៥ បានបើកសម័យប្រជុំដំបូងក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃចន្ទ ទី២៣ ខែកញ្ញា ឆ្នាំ២០១៣។

តំណាងរាស្រ្តបានធ្វើសច្ចាប្រណិធាន នៅព្រះបរមរាជវាំងមុនចូលកាន់តំណែងនៅរសៀលថ្ងៃដដែល។ រដ្ឋសភាបានប្រជុំក្រោមអធិបតីភាពសម្ដេចពញ៉ាចក្រី ហេង សំរិន ព្រឹទ្ធសមាជិករដ្ឋសភា ដើម្បីបោះឆ្នោតជ្រើសតាំងប្រធាន អនុប្រធាន រដ្ឋសភា ប្រធាន អនុប្រធានគណៈកម្មការជំនាញ និងផ្តល់សេចក្តីទុកចិត្តរាជរដ្ឋាភិបាល នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣។

គួរបញ្ជាក់ថា រដ្ឋសភាអាណត្តិទី៦ នឹងត្រូវកើតឡើយនៅអំឡុងចុងខែកញ្ញា ឆ្នាំ២០១៨នេះ រយៈពេលជាង១ខែក្រោយពេលការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨៕

អត្ថបទដែលជាប់ទាក់ទង