បុរសម្នាក់បើកម៉ូតូវ៉ាជែងមិនប្រយ័ត្ន បុករថយន្តបញ្ច្រាសទិសគ្នាពេញមួយទំហឹង រងរបួសធ្ងន់

បន្ទាយមានជ័យ៖ បើកម៉ូតូវ៉ាជែងមិនប្រយ័ត្ន បុករថយន្តបញ្ច្រាសទិសគ្នា រងរបួសធ្ងន់ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១២ៈ៥០នាទី ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៨នេះ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។

នគរបាលជំនាញចរាចរណ៍បានប្រាប់ឱ្យថា មុនពេលកើតហេតុ មានម៉ូតូមួយគ្រឿងបើកបរពីលិចទៅកើត ក្នុងល្បឿនលឿនហើយឡើងជែងម៉ូតូកង់បីមួយគ្រឿងដែលបើកនៅពីមុខ ស្រាប់តែជ្រុលទៅបុករថយន្ត លុច្សស៊ីស RX300 ដែលបើកបរបញ្ច្រាសទិសគ្នា បណ្តាលឱ្យរបួសធ្ងន់។

អ្នកបើកបរម៉ូតូមានឈ្មោះ និត ណង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មករ រស់នៅក្នុងភូមិខ្នារ ឃុំពួក ស្រុកពួក ខេត្តសៀមរាប (រងរបួសលើជើងខាងស្តាំ) ពុំមានពាក់មួកសុវត្ថិភាព ជិះម៉ូតូម៉ាក MSX ពណ៌ខ្មៅ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1K 8019។

ឯអ្នកបើកបររថយន្តឈ្មោះ ធី សុភាព ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរមន្រ្តីរាជការ រស់នៅក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ពុំមានរងរបួសទេ រថយន្តម៉ាកលុច្សស៊ីស RX300 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2R 9983។

ក្រោយពេលកើតហេតុបុរសរងរបួសធ្ងន់ត្រូវបានសមត្ថកិច្ចអន្តរាគមន៍ ហៅរថយន្តសង្គ្រោះយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកប៉ោយប៉ែត២ ចំណែករថយន្ត និងម៉ូតូ យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុង ដើម្បីដោះស្រាយបន្ត៕ ដោយៈ SN (PC2)

 

អត្ថបទដែលជាប់ទាក់ទង