រថយន្តដឹកដីមួយគ្រឿងបានក្រឡាប់នៅផ្លូវចំណោតលោកយាយម៉ៅ ក្រុងព្រះសីហនុ

ព្រះសីហនុ៖ រថយន្តដឹកខ្សាច់មួយគ្រឿង បានបុករនាំងពុះចែកទ្រូងផ្លូវ បណ្តាលឱ្យក្រឡាប់នៅផ្លូវចំណោតលោកយាយម៉ៅ ក្រុងព្រះសីហនុ ខណៈពេលបើកបរចុះផ្លូវចំណោត ធ្វើឱ្យរថយន្តរងការខូចខាតយ៉ាងដំណំ កាលពីវេលាម៉ោងជាង៩ព្រឹក ថ្ងៃទី១០ ខែកក្កដា ឆា្នំ២០១៨។

បើតាមនគរបាលចរាចរណ៍ដែលចុះទៅអន្តរាគមន៍កន្លែងកើតហេតុ បញ្ជាក់ថា បុរសម្នាក់ជាអ្នកបើកបររថយន្ត (មិនទាន់ស្គាល់អត្តសញ្ញាណ) បានរងរបួស និងពុំមានអ្នករងគ្រោះដល់អាយុជីវិតទេ។

ប្រជាពលរដ្ឋលើកឡើងថា ករណីគ្រោះថ្នាក់ចរាចរណ៍ដែលឧស្សាហ៍កើតមាននៅផ្លូវចំណោតលោកយាយម៉ៅ ក្រុងព្រះសីហនុ អាចកើតឡើងដោយសារតែផ្លូវនេះចាក់ក្រាលបេតុង ហើយពេលមានភ្លៀង ផ្លូវរអិលហ្វ្រាំងមិនសុី ទើបមានគ្រោះថ្នាក់។

ជុំវិញបញ្ហានេះទាំងលោក ណុប ហេង ប្រធានមន្ទីរសាធារណការ ខេត្តព្រះសីហនុ ក៍ដូចជាមន្ត្រីប៉ូលីសចរាចរណ៍ថ្លែងពន្យល់ថា កត្តាចម្បងដែលនាំឱ្យមានគ្រោះថ្នាក់ចរាចរណ៍ញឹកញាប់នេះ មិនមែនតែកត្តាផ្លូវទេ គឺភាគច្រើនកើតឡើងមកពីកត្តាអ្នកបើកបរ ដូចជាបើកបរលឿនពេកពេលចុះចំណោតជាដើម។

ទាក់ទងដល់បញ្ហាស្ថាបនាបន្ត លោកប្រធានមន្ទីរឱ្យដឹងជាបណ្តោះអាសន្នថា នៅឆ្នាំ២០១៩ខាងមុខ ពេលទទួលបានថវិកាតាមគម្រោងស្នើសុំនោះ នឹងមានការចាក់ក្រាលកៅស៊ូបន្ថែមហើយ។ ទោះជាយ៉ាងនេះក្តី មន្ត្រីពន្យល់ថា ការបើកបរដោយប្រុងប្រយ័ត្ន គឺជាកត្តាចាំបាច់បំផុតក្នុងការ ការពារគេចពីគ្រោះថ្នាក់៕ ដោយៈ SS2 (PC2)

អត្ថបទដែលជាប់ទាក់ទង