ឃាត់រថយន្តសាំយ៉ុងមួយគ្រឿង ដែលដឹកជញ្ជូនសត្វព្រៃ និងឈើខុសច្បាប់

កំពង់ធំ៖ រថយន្តសាំយ៉ុងមួយគ្រឿង សង្ស័យបានកំពុងតែធ្វើសកម្មភាពដឹកជញ្ជូនបទល្មើសដែលត្រូវបានហាមឃាត់ ដែលដឹកនាំដោយ លោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ រួមជាមួយកងកម្លាំងកងរាជអាវុធហត្ថស្រុកសន្ទុក សហការជាមួយផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្ម ឃាត់រថយន្តដើម្បីត្រូតពិនិត្យ ទើបប្រទះឃើញមានសត្វព្រៃ ដែលដឹកជញ្ជូនដោយគ្មានច្បាប់អនុញ្ញាត។

សកម្មភាពចុះប្រតិបត្តិការបង្រ្កាបរថយន្តដឹកសត្វព្រៃ បានធ្វើឡើងនៅវេលាម៉ោង ១២ៈ៣០នាទី ថ្ងៃទី១០ ខែកក្តដា ឆ្នាំ២០១៨ នៅចំណុច ភូមិកំពង់ថ្ម ឃុំបល្ល័ង្គ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ក្នុងនោះសមត្ថកិច្ច ឃាត់បានរថយន្តម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2N 4820 រួមទាំងម្ចាស់រថយន្ត ឈ្មោះ តេង តៃ មានទីលំនៅភូមិអំពិលលើ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។

ក្នុងនោះសមត្ថកិច្ចបានរឹបអូសសត្វព្រៃមួយចំនួនៈមានសត្វ សំពោចព្រៃចំនួន៩ ក្បាល ស្មើរនឹង ២៣គីឡូក្រាម(ចំនួន២បេ) សត្វតុកែ ស្មើរនឹង ៥គីឡូក្រាម(មួយបេ) ឈើធ្នង់២ដុំ ស្មើរនឹង ០.១២០០ម៉ែត្រគូប វត្ថុតាងទាំងអស់ ត្រូវបានប្រគល់ជូនផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្ម ទទួលយកទីរក្សាទុកកន្លែងសុវត្តិភាព ដើម្បីធ្វើពិធីប្រលែងចូលព្រៃឱ្យរស់នៅបែបធម្មជាតិវិញ ។

ក្នុងនោះដែរក៏មានការសំណូមពរពីសំណាក់ប្រជាពលរដ្ឋ សុំឱ្យសមត្ថកិច្ចមេព្រៃ និងកងរាជអាវុធហត្ថ ជួយទប់ស្កាត់រថយន្តដឹកឈើ ដោយខុសច្បាប់ ដែលបានធ្វើសកម្មភាពការដឹកជញ្ជូនបទល្មើសព្រៃឈើ ដោយគ្មានច្បាប់អនុញ្ញាតិ របស់មេឈ្មួញ ឈ្មោះ ចែខេង ដែលជាមេឈ្មួញជើងខ្លាំងអាងខ្នងអ្នកធំនៅពីក្រោយ ដែលមានមេការឈ្មោះ រ័ត្ន ជាមេការក្រុមហ៊ុនជាអ្នករត់ការសមត្ថកិច្ច ដែលបានដឹកឈើប្រណិតឆ្លងកាត់កំពង់ធំ ដោយពុំមានការទប់ស្កាត់នោះឡើយ៕ ដោយៈ CSB (PC2)

អត្ថបទដែលជាប់ទាក់ទង