មន្ត្រី និងបុគ្គលិកអាជ្ញាធរជាតិអប្សរាទទួលវគ្គបណ្តុះបណ្តាល ស្តីពីការជួយសង្គ្រោះបឋម លើកទី៥

សៀមរាប៖ កាលពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៨ អាជ្ញាធជាតិរអប្សរាបានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីការជួយសង្គ្រោះបឋមពីអង្គការ NPO Srolanh Project មកពីប្រទេសជប៉ុន។ វគ្គសិក្សានេះមានគ្រូចំនួន ១២នាក់ បង្រៀនដល់ភ្នាក់ងារទេសចរនៃនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរចំនួន ៣៦នាក់ និងបុគ្គលិកនៃនាយកដ្ឋានសណ្តាប់ និងសហប្រតិបត្តការណ៍ចំនួន ១៤នាក់ ដែលកំពុងបំពេញការងារនៅតាមប្រាសាទគោលដៅក្នុងរមណីយដ្ឋានអង្គរ។

វគ្គសិក្សានេះផ្តោតសំខាន់លើជំនាញសង្គ្រោះបឋមដូចជា គោលការណ៍គ្រឹះនៃការសង្គ្រោះបឋម ការដាក់ស្ថានភាពដំណេក ភាពស្ហុក សន្លប់បាត់ស្មារតី បាត់ដង្ហើម-គាំងបេះដូង (CPR) ការធ្វើចលនាដង្ហើមពេលមានមនុស្សគាំងបេះដូង ស្លាក់ លង់ទឹក ឆក់ចរន្តអគ្គិសនី រន្ទះបាញ់ ការពុល ការរលាក ការហូរឈាម របួស ការបាក់ឆ្អឹង របៀបរំរបួស ការលើកដាក់និងបញ្ជូនជនរងគ្រោះ ការជួយសង្គ្រោះដោយសារបាក់ឬគ្រេចជាដើម ដោយមានការអនុវត្តផ្ទាល់លើទ្រឹស្តី។

សូមបញ្ជាក់ថា ការរៀបចំវគ្គបណ្តុះបណ្តាលសង្គ្រោះបឋមខាងលើ ធ្វើឡើងរៀងរាល់៦ខែម្តង គឺនៅខែកុម្ភៈ និងខែកក្កដារៀងរាល់ឆ្នាំ។ នេះជាលើកទី៥ហើយ ដែលអង្គការ NPO Srolanh Project បានចុះមកបង្រៀនដល់ភ្នាក់ងារទេសចរ និងបុគ្គលិកនៃនាយកដ្ឋានសហប្រតិបត្តិការ និងសណ្តាប់ធ្នាប់ ដែលមានសិក្ខាកាមចូលរួមទាំងអស់សរុបចំនួន ២០៦នាក់ ដើម្បីពង្រឹងសមត្ថភាពដល់បុគ្គលិក និងលើកកម្ពស់ការងារឱ្យមានប្រសិទ្ធិភាពបន្ថែមទៀតក្នុងការជួយសង្គ្រោះភ្ញៀវទេសចរ ករណីមានគ្រោះថ្នាក់ជាយថាហេតុនៅពេលទស្សនាតំបន់រមណីយដ្ឋានអង្គរ៕ ដោយៈ KHS (PC2)

អត្ថបទដែលជាប់ទាក់ទង