ទឹកស្ទឹងសង្កែបានហក់ឡើងជាងពាក់កណ្តាលស្ទឹងមានកម្ពស់៩ម៉ែត្រ ខណៈទឹកភ្លៀងបន្តធ្លាក់ជាបន្តបន្ទាប់

បាត់ដំបង៖ ប្រជាពលរដ្ឋនៅក្នុងក្រុងបាត់ដំបង បានលើកឡើងថា ឥទ្ធិពលអាកាសធាតុសម្ពាធប៉ុន្មានថ្ងៃចុងក្រោយនេះ បានបង្កឱ្យទឹកភ្លៀងបន្តធ្លាក់ជាបន្តបន្ទាប់នៅក្នុងខេត្តបាត់ដំបង និងនៅតំបន់ប៉ែកខាងលើជាប់ខេត្តបាត់ដំបង ដូចជានៅប្រទេសថៃ តំបន់ខេត្តប៉ៃលិន និងស្រុកសំឡូតជាដើម ជាហេតុរុញច្រានឱ្យទឹកកើនឡើងគំហុកចូលមកក្នុងស្ទឹងសង្កែ។

រយៈពេលទឹកភ្លៀងហក់ឡើងខ្លាំងនេះ ចាប់តាំងពីថ្ងៃទី០៨ មកដល់ថ្ងៃទី១០ ខែកក្តដា ឆ្នាំ២០១៨ ទឹកស្ទឹងមានកម្ពស់៩ម៉ែត្រ ខណៈគ្រាមុនទឹកស្ទឹងសង្កែមានកម្ពស់ត្រឹមបាតស្ទឹងប៉ុណ្ណោះ។

លោក ឡុង ផល្គុណ ប្រធានមន្ទីរធនធានទឹក និងឧត្តុនិយម ធ្លាប់បានលើកឡើងថា កាលណាទឹកភ្លៀងបន្តឡើងច្រើននៅប៉ែកខាងលើជាហេតុនាំឱ្យទឹកភ្លៀងបានហូរចាក់មកចាល់ និងទំនប់ពហុបំណងសេកសក ក្នុងស្រុករតនៈមណ្ឌល និងសំណង់ទ្វារទឹកធារាសាស្រ្តកង្ហត ក្នុងស្រុកបាណន់ រួចហើយមន្ត្រីជំនាញបានបើកទ្វារទឹកនោះដើម្បីរក្សាកម្ពស់ទឹកក្នុងទំនប់ឱ្យនៅដដែល ធ្វើឱ្យទឹកក្នុងស្ទឹងសង្កែឡើងខ្ពស់តែម្តង។

គួររំលឹកដែរថា កាលពីអំឡុងចុងខែវិច្ឆកា ឆ្នាំ២០១៧ កន្លងមកទឹកស្ទឹងសង្កែបានជន់ឡើងរហូតដល់កម្ពស់១២,៦ម៉ែត្រ ដែលកម្ពស់នេះមិនទាន់ស្ថិតក្នុងកម្ពស់ទឹកដែលត្រូវប្រកាសអាសន្ននៅឡើយទេ៕ ដោយៈ VSK (PC2)

អត្ថបទដែលជាប់ទាក់ទង