ជនជាតិចិនពីរនាក់បើកម៉ូតូចេញពីហាងផឹកសុីក្នុងល្បឿនលឿនមិនប្រយ័ត្នក៏ញហរុលទៅបុកជាមួយរថយន្តដឹកត្រីពេញទំហឹងបណ្តាលឱ្យរងរបួសធ្ងន់ទាំងពីរនាក់

ភ្នំពេញ ៖ បុរសជនជាតិចិនពីរនាក់ ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅឯមន្ទីពេទ្យឯកជនភ្លាមៗ បន្ទាប់ពីរូបគេជិះម៉ូតូឌុបគ្នាឆ្លងផ្លូវមិនប្រយ័ត្នបានបុកជាមួយរថយន្តដឹកត្រីចំពីមុខយ៉ាងពេញទំហឹង កាលពីវេលាម៉ោង៣និង១០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវព្រះសុីសុវត្ថិ (ជួរផ្លូវមាត់ទន្លេ) កែងនិងផ្លូវលេខ១១៨ ស្ថិតក្នុងសង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលឃើញហេតុការណ៍ខាងលើបានឱ្យដឹងថា នៅពេលកើតហេតុ គេឃើញបុរសពីរនាក់ជាជនជាតិចិន បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាគុបជ្រុង ពណ៌ផ្ទៃមេឃ ពាក់ស្លាកលេខស៊េរីចាស់ ដោយធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១១៨ ទិសដៅពីលិចមកកើតក្នុងល្បឿនលឿន ហើយមកដល់ចំណុចកើតហេតុមិនបានបន្ថយល្បឿនក៏បានបត់ឆ្វេងឆ្លងផ្លូវទៅជើងមិនប្រយ័ត្ន ស្របពេលនោះក៏មានរថយន្តកូរ៉េ១តោនកន្លះ ពណ៌ខៀវ ពាក់ស្លាកលេខ តាកែវ 2A-2392 ដែលដឹកត្រីឡើងពេញ ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះសុីសុវត្ថិ ទិសដៅពីជើងមកត្បូងក្នុងល្បឿនលឿនដូចគ្នាក៏បានបុកចំពីមុខរថយន្តពេញទំហឹង បណ្ដាលឱ្យជនជាតិចិនដែលជិះម៉ូតូ រងរបួសធ្ងន់ទាំង២នាក់ ។ ភ្លាមៗ ជនរងគ្រោះត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះទៅកាន់មន្ទីពេទ្យឯកជនភ្លាមៗ ។ ចំណែកឯរថយន្តនិងម៉ូតូបានរងការខូចខាតផ្នែកខាងមុខដូចគ្នា ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកទីកន្លែងកើតហេតុ ហើយទំនាក់ទំនងទៅជំនាញចរាចរណ៍ឱ្យមកធ្វើការវាស់វែងយករថយន្ត និងម៉ូតូទៅរក្សាទុកនៅការិយាល័យនៃស្នងការដ្ឋាននគរបាលចរាចរណ៍ជើងគោករាជធានីភ្នំពេញ ដើម្បីរងចាំដោះស្រាយតាមផ្លូវច្បាប់នាពេលក្រោយ ៕ អត្ថបទ នូ បូរ៉ា រូបភាព AhBoyz(CSC)

អត្ថបទដែលជាប់ទាក់ទង