លិខិតចៅចាក់ស្មុក៖ ក្រុមអ្នកប្រជាធិបតេយ្យវង្វេងទ្រឹស្តី

ទាំងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ទាំងក្នុងច្បាប់ជាតិ និងអន្តរជាតិ បានលើកឡើងថា ការអនុវត្តលទ្ធិប្រជាធិបតេយ្យ គឺត្រូវធ្វើឡើងតាមរយៈការបោះឆ្នោត។ ទាំងអាជ្ញាធររដ្ឋាភិបាល គណបក្សនយោបាយរួមនឹងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានជំរុញ និងអំពាវនាវឱ្យប្រជាពលរដ្ឋអនុវត្តសិទ្ធិរបស់ពួកគាត់ឱ្យបានត្រឹមត្រូវដែលនេះគឺជាការអនុវត្ត និងគោរពតាមគោលការណ៍ និងលើកស្ទួយការអនុវត្តលទ្ធិប្រជាធិបតេយ្យ។ ប្រជាពលរដ្ឋនៃប្រទេសដទៃទៀតចង់ និងទាមទារឱ្យមានការបោះឆ្នោតដើម្បីពួកគេបានទៅបញ្ចេញមតិតាមរយៈ សន្លឹកឆ្នោតជ្រើសតាំងថ្នាក់ដឹកនាំប្រទេសរបស់ខ្លួន ប៉ុន្តែមិនបានដូច បំណងឡើយ។ ប៉ុន្តែចម្លែកអ្វីតែអ្នកនយោបាយរត់ចោលស្រុក និងជនជាតិខ្មែរ លក់ខ្លួនមួយចំនួន បែរជាអំពាវនាវប្រជាពលរដ្ឋខ្លួនដែល មានសិទ្ធិបោះឆ្នោតមិនឱ្យទៅបោះឆ្នោត មិនឱ្យអនុវត្តសិទ្ធិស្របច្បាប់របស់ខ្លួនទៅវិញ ខណៈប្រទេសមួយនេះបាន រៀបចំការបោះឆ្នោតតាមកាលកំណត់ និងមានការអនុវត្តលទ្ធិប្រជាធិបតេយ្យស្របតាមគោលការណ៍ច្បាប់ត្រឹមត្រូវ។

តើហេតុអ្វីបានជាអ្នកនយោបាយខ្មែរមួយចំនួន និយាយ ភូតកុហក និងប្រែក្រឡាស់គោលការណ៍ លទ្ធិប្រជាធិបតេយ្យយ៉ាងដូច្នេះ?

ទី១-បាយបិណ្ឌជាបាយបាត្រ៖ ពីមុនពេលដែលខ្លួននៅមានបក្សទាំងទណ្ឌិត សម រង្ស៊ី និងជនជាប់ចោទ កឹម សុខា រួមនឹងក្រុមបក្ខពួកខ្លួនបានអំពាវនាវឱ្យប្រជាពលរដ្ឋទៅបោះឆ្នោតស្របតាមសិទ្ធិ និងមានចែង នៅក្នុងដំណើរការ ប្រជាធិបតេយ្យ រហូតដល់ដើរទៅបញ្ចុះបញ្ចូលប្រជាពលរដ្ឋ នៅក្នុងប្រទេសថៃ ឬប្រទេសកូរ៉េខាងត្បូងជាដើមវិលមកស្រុកដើម្បីបោះឆ្នោត។ ប៉ុន្តែពេលបក្សខ្លួនត្រូវបាន រំលាយដោយសារ តែរកឃើញថាបានឃុបឃិតជាមួយបរទេស និងទទួលការ បង្គាប់បញ្ជាពីបរទេស អនុវត្តផែនការបដិវត្តន៍ពណ៌នៅកម្ពុជា បែរជាពួកគេអំពាវនាវប្រជាពលរដ្ឋមិនឱ្យទៅបោះឆ្នោតតាមទ្រឹស្តី «ដេកផ្ទះ ឈ្នះស្អាត»ទៅ វិញ និងបានលើកឡើងថាការអំពាវនាវមិនឱ្យប្រជាពលរដ្ឋទៅបោះឆ្នោតក៏ជាការអនុវត្តនូវលទ្ធិប្រជាធិបតេយ្យដែរ។ ចុះបើមិនទៅបោះឆ្នោតបានអីឈ្នះ? នេះគឺជាយុទ្ធសាស្ត្រ ចាញ់-ចាញ់! ចាញ់ដោយសារតែគ្មាន បក្សមកប្រកួតប្រជែង និងចាញ់ដោយសារតែគ្មានអាសនៈ នៅក្នុងរដ្ឋសភា។ ប្រៀបសកម្មភាពពីមុន និងឥ ឡូវនេះ ក្រុមអ្នកនយោបាយទាំង នេះទំនងអាចមានបញ្ហាខួរក្បាល ឬក៏វង្វេងទ្រឹស្តីក្រោយពីត្រូវព្រនង់ច្បាប់ រឿងឃុបឃិតនឹងបរទេស រហូតបក្សនយោបាយខ្លួនត្រូវបានរំលាយនិងសមាជិក នយោបាយជាន់ខ្ពស់ចំនួន ១១៨ នាក់ ត្រូវបានហាមឃាត់មិនឱ្យធ្វើនយោបាយរយៈពេល ៥ ឆ្នាំ។

គិតទៅពិតជាត្រឡប់ត្រឡិនមែន! នេះបង្ហាញថាអ្វីៗដែលក្រុមប្រឆាំងលើកលែងថាកម្ពុជា មានស្ថិរភាព មានលទ្ធិប្រជាធិបតេយ្យឬមានសេរីភាពគឺអាស្រ័យលើបបូរមាត់ របស់ពួកគេ និងចៅហ្វាយនាយរបស់ពួកគេតែប៉ុណ្ណោះ
មិនអាស្រ័យលើការពិតឡើយ។ ពួកគេថាសេរីគឺសេរី ថាប្រជាធិបតេយ្យគឺប្រជាធិបតេយ្យ ថាល្អៗ ថាអាក្រក់គឺអាក្រក់ បាយបិណ្ឌជាបាយបាត្រមែន! ប៉ុន្តែ ពួកគេត្រូវយល់ថា ពលរដ្ឋខ្មែរ មានចំណេះដឹងនិងការយល់ដឹងគ្រប់គ្រាន់ក្នុងការជឿលើអ្វីដែល ពួកគេប្រឌិតឡើង។

ទី២-បើខ្លួនគ្មានសិទ្ធិ គឺមានតែបំផ្លាញចោល៖ ក្រោយពីតុលាការកំពូលរកឃើញថាគណបក្សសង្គ្រោះជាតិប្រព្រឹត្តកំហុសបានឃុបឃិតនិងទទួលបញ្ជាពីបរទេស និងសម្រេចរំលាយចោលនៅថ្ងៃទី១៦ ខែ វិច្ឆិកា ឆ្នាំ ២០១៧ ក្រុមអ្នកនយោបាយលក់ខ្លួនមួយចំនួនបានដើរធ្វើយុទ្ធនាការ បំផ្លាញកម្ពុជា និងដើរអង្វរ ជនបរទេស និងប្រទេសមួយចំនួនឱ្យដាក់សម្ពាធនយោបាយ និងទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងនឹងកម្ពុជា និង រហូត ដល់អំពាវនាវឱ្យបរទេសឈប់ផ្តល់ជំនួយ ឈប់វិនិយោគ ព្រមទាំងឈប់ទិញទំនិញពីប្រទេសកម្ពុជាថែមទៀត។ តើនៅប្រទេសលើពិភពលោក មានទេដែលមេបក្សនយោបាយម្នាក់ ដើរអំពាវនាវឱ្យគេកាត់ជំនួយ និងបំផ្លាញសេដ្ឋកិច្ចប្រទេសជាតិខ្លួនឯង ប្រឆាំងនឹងផលប្រយោជន៍ពលរដ្ឋខ្លួនឯង? គឺគ្មានទេមានតែអ្នកនយោបាយខ្មែររត់ចោលស្រុកមួយក្តាប់តូច ប៉ុណ្ណោះ ដែលគ្មានភាពអៀនខ្មាសសុំបរទេសឱ្យបំផ្លាញ ខ្មែរ ហែកកេរ្តិ៍ប្រទេសជាតិខ្លួនឯងនោះ។ ពួកគេធ្វើដោយមិនបានតម្កល់ផលប្រយោជន៍ជាធំនេះគឺជាកិច្ចខិតខំប្រឹងប្រែងចុងក្រោយ ដើម្បីស្រោចស្រង់ខ្មោចបក្សសង្គ្រោះជាតិឱ្យរស់វិញ។

ប៉ុន្តែឥឡូវនេះអ្វីដែលជា កិច្ចខិតខំប្រឹងប្រែងបំផ្លាញជាតិ របស់ពួកគេត្រូវបានបរាជ័យ ហើយបែរងាកមករំខាន អុកឡុក បង្ខូចការបោះឆ្នោតដែលនឹងធ្វើនៅថ្ងៃទី២៩ ខែកក្កដា ខាងមុខ វិញតាមរយៈការបង្កើតព័ត៌មានក្លែងក្លាយ បង្កចលាចល និងបំពុលសង្គម តាមរយៈក្រុមអ្នកលេងហ្វេសប៊ុក រត់ចោលស្រុក។ នេះបង្ហាញថាពួកគេមិនបានស្រឡាញ់ ជាតិ និងប្រជាពលរដ្ឋពិតប្រាកដ ដូចដែលខ្លួនតែងតែទន្ទេញចាំមាត់នោះទេ។ នៅក្នុងចិត្តរបស់ពួកគេមានតែផលប្រយោជន៍ប៉ុណ្ណោះ ពួកគេបានបម្រើបរទេស និងបម្រើផលប្រយោជន៍ខ្លួនដោយគេងចំណេញលើការលះបង់របស់ប្រជាពលរដ្ឋ។ ពួកគេធ្វើជាគិតជាតិ និងប្រជាជនក្រោម លេសសិទ្ធិមនុស្ស លទ្ធិប្រជាធិប្បតេយ្យ ប៉ុន្តែពេលនេះ នៅពេលដែលពួកគេបាត់បង់ផលប្រយោជន៍ គឺពួកគេបាន នាំគ្នាបំផ្លាញទាំងប្រទេសជាតិ និងបំផ្លាញលទ្ធិប្រជាធិបតេយ្យដោយគ្មានស្តាយស្រណោះឡើយ ហើយដើម្បីតែសងសឹកជូនខ្លួន ពួកគេញុះញង់ឱ្យប្រជាពលរដ្ឋបោះបង់កាតព្វកិច្ច និងសិទ្ធិអំណាចស្របច្បាប់របស់ពួកគេដោយមិនឱ្យទៅ បោះឆ្នោតហើយពួកគេកុហកពលរដ្ឋថានេះគឺជាការអនុវត្តតាមលទ្ធិប្រជាធិបតេយ្យ។ ក្រុមអ្នកនយោបាយ ក្បត់ជាតិនេះយល់ថា បើខ្លួនគ្មានសិទ្ធិនិងគ្មានផលប្រយោជន៍ នរណាក៏មិនអាចទទួលបានឡើយគឺមានតែបំផ្លាញចោលតែប៉ុណ្ណោះ។ គិតយូរៗទៅ ក្រុមអ្នកនយោបាយនេះពិតជាក្បត់ជាតិ និងបំផ្លាញជាតិមែន!

ទោះបីជាពួកគេប្រើជនបរទេស មកគំរាមផង ញុះញង់ពលរដ្ឋធ្វើបាតុកម្មប្រឆាំងនឹងកម្ពុជានៅតាមបណ្តាប្រទេសនានាផងដើម្បីបំផ្លាញកម្ពុជា ប៉ុន្តែប្រទេសមួយនេះនៅឈររឹងមាំ និងកាន់តែរឹងមាំថែមទៀត ចំពោះមុខក្រុមជនក្បត់ជាតិ និងក្រុមជនលក់ខ្លួន។ តាមពិតពួកគេគឺគ្រាន់តែជាអ្នកប្រជាធិបតេយ្យក្លែងក្លាយ និងស្ទើរភ្លើងតែប៉ុណ្ណោះ ពូកែភូតកុហក់ និងបោកប្រាស់។ ដោយសារតែចេះស្ទើរភ្លើងអំពីមេរៀន ប្រជាធិបតេយ្យ ទើបបានជាវង្វេងរូបមន្ត និងទ្រឹស្តីយ៉ាងដូច្នេះ។ ប៉ុន្តែពលរដ្ឋខ្មែរមិនវង្វេងទ្រឹស្តីដូចក្រុមអ្នកនយោបាយរត់ចោលស្រុកទាំងនេះទេ គឺយល់ច្បាស់ណាស់ថា លទ្ធិប្រជាធិបតេយ្យគឺតាមរយៈការបោះឆ្នោត ហើយថ្ងៃបោះឆ្នោត ២៩ ខែកក្កដា ឆ្នាំ ២០១៨ ខាងមុខ ពលរដ្ឋខ្មែរដែល មានសិទ្ធិបោះឆ្នោតច្រើន លើសលប់នឹងអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរបស់ខ្លួន ហើយអ្នកដែលឈ្នះស្អាតគឺអ្នកដែលទៅបោះឆ្នោត ហើយអ្នកដែលចាញ់គឺអ្នកដែលដេកផ្ទះ! សូមកុំ វង្វេងទ្រឹស្តីក្នុងលទ្ធិប្រជាធិបតេយ្យ!!

ដោយ ចៅ ចាក់ស្មុក
រាជធានីភ្នំពេញ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ ២០១៨

អត្ថបទដែលជាប់ទាក់ទង