រថយន្តកាមរីឆ្លាមព្រលះម៉ូតូវីវ៉ា រងរបួសធ្ងន់បាក់ជើងទាំងពីរនាក់ខាងម៉ូតូ

ពោធិ៍សាត់៖ មនុស្សចំនួនពីរនាក់បានរងរបួសធ្ងន់បាក់ជើងខាងឆ្វេងដូចគ្នាដោយសារករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តម៉ាកកាមរីឆ្លាមពណ៌ត្រាវពាក់ផ្លាកលេខភ្នំពេញ2I -4681បុកជាមួយម៉ូតូម៉ាកវីវ៉ាពណ៌ខ្មៅពាក់ផ្លាកលេខកំពង់ឆ្នាំង1B-3202 ចំពីមុខពេញទំហឹងនៅលើស្ពានថ្មឆ្លងស្ទឹងពោធិ៍សាត់បន្ទាត់ផ្លូវជាតិលេខ៥ស្ថិតក្នុងភួមិពាល១សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់វេលាម៉ោង១១និង១៥នាទីយប់ថ្ងៃទី១០ ខែកក្កដាឆ្នាំ២០១៨។

លោកស៊ាង ហៃ អធិការនគរបាលក្រុងពោធិ៍សាត់ប្រាប់ឱ្យដឹងថា ជនរងគ្រោះទាំងពីរនាក់សមត្ថកិច្ចមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេដោយសារក្រោយកើតហេតុប្រញ៉ាប់បញ្ជូនយកទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តពោធិ៍សាត់បន្ទាប់មកដោយសារស្ថានភាពធ្ងន់ធ្ងរ ក៏បញ្ជូនយកទៅសង្គ្រោះនៅខេត្តបាត់ដំបងដោយឡែកអ្នកបើកបររថយន្តមិនបានរត់គេចទៅណានោះទេពោលគឺនៅចាំដោះស្រាយ។ លោកថាភាគីទាំងពីរអ្នករស់នៅខេត្តពោធិ៍សាត់តែម្តង។

លោកបានបញ្ជាក់ថានៅមុនពេលកើតហេតុភាគីខាងរថយន្តធ្វើដំណើរទិសដៅពីលិចមកកើត ឯភាគីខាងម៉ូតូទិសដៅពីកើតមកលិចមកដល់លើស្ពានចំណុចកើតហេតុមិនដឹងយ៉ាងម៉េចស្រាប់តែបុកគ្នាចំពីមុខពេញទំហឹងបណ្តាលឱ្យជនរងគ្រោះដែលជិះម៉ូតូបាក់ជើងខាងឆ្វេងទាំងពីរនាក់តែម្តង៕

ក្រោយកើតហេតុសមត្ថកិច្ចវាសវែងរួចយករថយន្តនិងម៉ូតូមករក្សាទុកនៅអធិការដ្ឋានក្រុងពោធិ៍សាត់រងចាំដោះស្រាយនៅពេលក្រោយ៕ដោយSP(CSC)