រឿងស្វាចាំចម្ការ ជារឿងអប់រំខ្លីមួយស្តីពីការងារទូទៅក្នុងនាមជាអ្នកដឹកនាំ មិនដឹងពីសម្ថភាពកូនចៅ(ឈើវៀច​ធ្វើ​កង់ ឈើត្រង់​ធ្វើទូក)

ប្រភពផេក៖សមាគមអ្នកអក្សរសិល្ប៍កម្ពុជា – Cambodia Literati Association

រឿងស្វាចាំចម្ការ

កាលពីសម័យបុរាណមួយមានម្ចាស់ចម្ការដាំដើមឈើហូបផ្លែច្រើនណាស់ ហើយអ្នកម្ចាស់ចម្ការនោះ លោកបាន ចិញ្ចឹមស្វាមួយហ្វូងផងដែរ។ នៅក្នុងពេលនោះដែរ ក្នុងភូមិ មានគេលេងពិធីបុណ្យឈប់សម្រាកពីការងារចំនួនបីថ្ងៃដែរ។

ម្ចាស់ចម្ការលោកគ្មាននរណាយាមចម្ការឱ្យ ក៏ទៅពឹងស្វា ប្រាប់ថា ខ្ញុំរវល់ទៅដើរលេងបុណ្យបីថ្ងៃ ស្វាឯងជួយមើល​ចម្ការខ្ញុំផង ដើមឈើណាធំ ឫសវែងចាក់ទឹកឱ្យច្រើន ដើមឈើណាតូចឫសខ្លីដាក់ទឹកតិច ល្មមបានហើយ។

ពេលនោះ​ម្ចាស់ចម្ការក៏ទៅដើរលេងបាត់ទៅ។ ចំណែកស្វានោះចាប់ផ្តើម ឆ្ងល់ធ្វើម្តេចដើម្បីដឹងថាដើមឈើណាមានឫសវែង ដើមឈើណាមានឫសខ្លី? អាណាចាក់ទឹកច្រើន អាណាចាក់ទឹកតិច? ពេលនោះស្វានាំគ្នាទៅដកដើមឈើទាំងនោះ ដើម្បីដឹងថា ឈើណាមានឫសខ្លី ក៏ដាក់ទៅវិញទៅនិងឈើណា មានឫសវែង ក៏ដាក់ទៅវិញទៅ បានចាក់ទឹកតាមវែងនិងខ្លីនោះទៅ។

លុះបីថ្ងៃក្រោយមក ដើមឈើមួយចម្ការនោះ ក៏ដួលងាប់អស់ទៅ។ ម្ចាស់ត្រឡប់មកវិញយំសោកបោកខ្លួនស្តាយស្រណោះដើមឈើ។

វិភាគអត្ថន័យ

រឿងនេះជាខ្លឹមសារអប់រំខ្លីមួយស្តីពីការងារក្នុងស្ថាប័នទូទៅប្រធានគ្រប់គ្រងមួយក្នុងនាមជាអ្នកដឹកនាំ មិនដឹងពីសមត្ថភាព ពីការយល់ដឹងរបស់កូនចៅ និងការណែនាំមិន ច្បាស់លាស់ ដើម្បីដឹងថា ឈើណាមានឫសវែង ឈើណាមានឫសខ្លី ដើម្បីងាយស្រួលក្នុងការចាក់ទឹក។ ការមិនប្រាប់ ឱ្យបានច្បាស់លាស់គឺរមែងតែងតែអន្តរាយជាមិនខានដូចក្នុងរឿងនេះជាដើម។

ចំណែកឯស្វាដែលជាអ្នកនៅក្រោម បង្គាប់ហ្នឹង មានចិត្តល្អ ប៉ុន្តែល្ងង់ វាទៅជាខូចការទៅវិញ គឺថាក្នុងនាមជាកូនចៅ បើស្តាប់មិនច្បាស់ ពីការណែនាំ ពីមេទេ ត្រូវសួរ គឺត្រូវមានការទំនាក់ទំនងគ្នា ដូច្នេះប្រធាន ត្រូវដឹងពីសមត្ថភាពកូនចៅ ការណែនាំនោះ ត្រូវតែច្បាស់លាស់  ហើយកូនចៅ ត្រូវមានកាតព្វកិច្ចមួយ ត្រូវបំពេញ ភារកិច្ចដែលមេប្រើ ហើយមិនច្បាស់ត្រូវសាកសួរនាំ មិនមែនចិត្តល្អហើយល្ងង់ វាអាចទៅជារឿងខូចខាតដូចស្វានេះ ជាដើម។

អត្ថបទដែលជាប់ទាក់ទង