រុក្ខទិវា៩កក្កដា ត្រូវបានប្រារព្វឡើងនៅ ក្រុងកំពង់ឆ្នាំង ក្រោមអធិបតីភាព អភិបាលរងខេត្ត

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨នេះ អភិបាលរងខេត្ត លោក អៀង វុធ បានធ្វើជាអធិបតីដ៏ខ្ពង់ខ្ពស់បំផុតក្នុងពិធី «រុក្ខទិវា០៩ ខែកក្កដា ឆ្នាំ២០១៨» ដែលប្រារព្ធឡើងនៅ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំងខេត្តកំពង់ឆ្នាំង។ពិធីនោះក៏មានអញ្ជើញចូលរួមផងដែរពីសំណាក់ប្រធានមន្ទីរកសិកម្មខេត្ត លោក ងិន ហ៊ុន ប្រធានរដ្ឋបាលព្រៃឈើ មន្ទីពាក់ព័ន្ធ និងមន្ត្រីរាជការ ជាច្រើននាក់។

គូសបញ្ជាក់អំពីខ្លឹមសារសំខាន់ នៃការប្រារព្ឋពិធីរុក្ខទិវានេះគឺមានអត្ថន័យសំខាន់ណាស់ចំពោះប្រទេសជាតិយើង ដែលរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយ គតិបណ្ឌិត និងឈ្លាសវៃបំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជា ណាចក្រកម្ពុជា បានដាក់ចេញនូវគោលនយោបាយ ជាអាទិភាពក្នុង ក្របខណ្ឌកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល លើការថែរក្សាការពារព្រៃឈើ ការដាំដើមឈើឡើងវិញ ការប្រើប្រាស់ធនធានធម្មជាតិ ប្រកបដោយនិរន្តរភាព និងការផ្សព្វផ្សាយអប់រំប្រជាពលរដ្ឋឲ្យយល់ដឹងពីពហុប្រយោជន៍ នៃព្រៃឈើ ហើយគោលនយោបាយដ៏ ប្រពៃនេះត្រូវបានព្រះសង្ឃ និង បងប្អូនប្រជាពលរដ្ឋយើងចូលរួម យ៉ាងសកម្មនិងសស្រាក់សស្រាំបំផុត។

ផ្អែកលើគោលនយោបាយ ដ៏ត្រចះត្រចង់នេះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជំរុញយ៉ាងខ្លាំងក្លាដល់រដ្ឋបាលព្រៃឈើ ដែលជាសេនាធិការ និងដោយមានការចូលរួមសហការពី ស្ថាប័ន អង្គភាពពាក់ព័ន្ធ ព្រមទាំងរដ្ឋបាលរាជធានី-ខេត្តផងនោះ បានរៀបចំប្រារព្វ”រុក្ខទិវា”នៅលើទីតាំងតាមបណ្តារាជធានី-ខេត្តជារៀងរាល់ឆ្នាំ នាពេលកន្លងមក។

ពិសេសព្រឹត្តិការណ៍ ក្នុងថ្ងៃនេះ គឺជាការរំឭកនិងចងចាំផងដែរនូវព្រះរាជបូជនីយកិច្ចដឹកនាំដ៏ថ្លៃថ្លាបំផុតរបស់ ព្រះករុណាព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ព្រះបិតាឯករាជ្យជាតិ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គបានបដិសន្ធិ “បុណ្យរុក្ខទិវា”នេះឡើងជាព្រះរាជប្បវេណីតាំងពីឆ្នាំ១៩៥២ នៅសម័យសង្គម រាស្ត្រនិយម ដោយមានការចូលរួមយ៉ាងផុលផុសពី ប្រជាពលរដ្ឋគ្រប់ស្រទាប់ នៅក្នុងសង្គមជាតិយើងទាំងមូល ហើយនៅទីបំផុតត្រូវ បានទទួលស្គាល់ជាពិធីប្រពៃណីជាតិ មួយហៅថា”បុណ្យរុក្ខទិវា”តរៀងមកទល់បច្ចុប្បន្ននេះ។

ទិវានេះពិតជាផ្តល់នូវឧត្តមប្រយោជន៍ដ៏ជ្រាលជ្រៅបំផុតចំពោះប្រទេសជាតិយើង ឆ្លុះបញ្ចាំងពីភាពរឹងមាំនៃការកសាងគ្រឹះសេដ្ឋកិច្ចជាតិ ជាសក្ខីកម្មបង្ហាញពីសាមគ្គីភាពស្អិតល្មួតរវាងព្រះសង្ឃ មន្ត្រីរាជការ និងប្រជាពលរដ្ឋទូទាំងប្រទេស ក្នុងការជំរុញលើកទឹកចិត្តចូលរួមចលនាដាំដើម ឈើ នៅគ្រប់ទីកន្លែង វត្តអារ៉ាម សាលារៀន មន្ទីរពេទ្យ និង ការពារថែរក្សាព្រៃឈើ សត្វព្រៃគ្រប់ប្រភេទ ដើម្បីផ្តល់សារប្រយោជន៍ដ៏សម្បូរបែប ដល់សង្គមជាតិយើងទាំងមូល។

រដ្ឋមន្ត្រីក្រសួងធ្លាប់ បានបញ្ជាក់ទៀតថាៈជាលទ្ធផលជាក់ស្តែងគិតចាប់ពីឆ្នាំ១៩៨៩រហូតមកដល់ឆ្នាំ២០១៧ ពិធី “រុក្ខទិវា”បានប្រារព្វធ្វើនៅតាម បណ្តារាជធានី-ខេត្តមានចំនួន១៤ ទូទាំងប្រទេស សរុបចំនួន ២៧លើក នៅលើផ្ទៃដីទំហំ៤៨៤,៦៥ហិកតា ក្នុងនោះរួមមាន៖ រាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ឆ្នាំង ពោធិ៍សាត់ កំពង់ធំ សៀមរាប តាកែវ កំពត ព្រៃវែង ស្វាយរៀង កំពង់ចាម ព្រះសីហនុ មណ្ឌលគិរី និងព្រះវិហារ ហើយទទួលបានផលល្អប្រសើរ ដែលឆ្លុះបញ្ចាំងពីវឌ្ឍនភាពជាវិជ្ជមានលើការបង្កើតធនធាន និងគម្របព្រៃឈើឡើងវិញ។

អត្ថបទដែលជាប់ទាក់ទង