ក្មេងប្រុសអាយុ២ឆ្នាំម្នាក់ ត្រូវរថយន្តកិនស្លាប់ភ្លាមៗនៅនឹងកន្លែង

កណ្តាល៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បានកើត​ឡើង​ដោយ​រថយន្ត​កិន​ក្មេងប្រុស​ម្នាក់​ស្លាប់ កាលពី​ថ្ងៃ​ពុធ ១៤រោជ ខែ​បឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវ​នឹង​ថ្ងៃទី ១១ ខែកក្កដា ឆ្នាំ២០១៨ វេលា​ម៉ោង៦ព្រឹក ស្ថិតនៅ​ចំណុច​ផ្លូវលំ​គ្រោះ​ក្រហម ក្នុងភូមិ​ទួល​ស្ពឺ ឃុំ​តា​លន់ ស្រុក​ស្អាង ខេត្តកណ្តាល ។

រថយន្ត​ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ​2Z 6298 អ្នកបើកបរ​ឈ្មោះ គង់ ឡុង ភេទ​ប្រុស អាយុ៦២ឆ្នាំ មាន​ទី​លំ​បច្ចុប្បន្ន​ភូមិ​តា​លន់ ឃុំ​តា​លន់ ស្រុក​ស្អាង ខេត្តកណ្តាល បាន​បើកបរ​ពី​ទិស​ខាងជើង ទៅ​ទិស​ខាងត្បូង មាន​ដឹក​ដីខ្សាច់ លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ រថយន្ត​ក៏បាន​ឈប់​នៅមុខ​ផ្ទះ​ឈ្មោះ ​ចាន់ សុផាត ភេទ​ស្រី អាយុ៣០ឆ្នាំ ជា​អ្នកលក់​ចាប់ហួយ ដើម្បី​ទិញ​ស្រា​បៀរ១កំប៉ុង។

ពេលនោះ​ឈ្មោះ ​ចាន់ ​សុផាត ជា​អ្នកលក់ក៏បាន​យក​ស្រា​បៀរ​ទៅ​ឲ្យ​ឈ្មោះ ​គង់ ឡុង ដែល​អង្គុយ​នៅក្នុង​រថយន្ត ស្រាប់​ពេលនោះ​កុមារ​រងគ្រោះ​ឈ្មោះ ​តុង ចាន់​មុន្នី​សត្យា ភេទ​ប្រុស អាយុ២ឆ្នាំ ត្រូវជា​កូន បាន​ដើរ​តាម​ពី​ក្រោយមកចូល​អង្គុយ​ក្រោម​រថយន្ត ដោយ​ម្តាយ​និង​អ្នកបើកបរ មិនបាន​ដឹង​ឡើយ។ លុះ​ពេល​រថយន្ត​ចេញដំណើរ ក៏បាន​កិន​កុមារ​រងគ្រោះ​បែកក្បាល​ស្លាប់ភ្លាមៗនៅនឹងកន្លែង​កើតហេតុ តែម្តង ។ ក្រោយពេល​កើតហេតុ​អ្នកបើកបរ បាន​រត់​គេចខ្លួនបាត់  ៕

អត្ថបទដែលជាប់ទាក់ទង