គ្រាន់តែជិះម៉ូតូប៉ះគ្នាបន្តិចបន្តួចសោះ ដកសោរចាក់គ្នាបណ្តាលភាគីម្ខាងទៀតរងរបួស បង្កជាបទល្មើសព្រហ្មទណ្ឌទាល់តែបាន

ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូឈប់ចាំឆ្លងផ្លូវត្រូវម៉ូតូមួយគ្រឿងទៀតជិះមកពីក្រោយបុកពីក្រោយ ខូចខាតបន្តិចបន្ទួចថែមទាំងដកសោរម៉ូតូចាក់លើជនរងគ្រោះបណ្ដាលអោយរងរបួសពេញផ្ទៃមុខ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង០១និង៣៥នាទី រសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨ នៅខាងផ្សារសារឿនយ៉ានី តាមបណ្ដោយផ្លូវលេខ២១៧ ក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ អៀច ចាន់រឹទ្ធ ភេទប្រុស អាយុ៤៦ ស្នាក់នៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ មានមុខរបរជាមន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជិះម៉ូតូម៉ាកហុងដាឌ្រីមសង់ សេរីឆ្នាំ២០០៨ ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1AC-4985 ។

ចំណែកជនបង្កឈ្មោះ ឈិន វិរៈ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅភូមិបុរីកម្ម សង្កាត់ជើងឯក ខណ្ឌដង្កោ ជិះម៉ូតូម៉ាកហុងដាឌ្រីមសង់សេរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1HB-3722 ។

បើតាមការរៀបរាប់ពីជនរងគ្រោះបានអោយដឹងថា នៅមុនពេលកើតហេតុរូបគាត់ជិះម៉ូតូបំណងទៅធ្វើការ ហើយពេលកំពុងឈប់ម៉ូតូចាំឆ្លងផ្លូវស្រាប់តែជនបង្កជិះម៉ូតូមកពីក្រោយបុកខូចខាតបន្តិចបន្ទួច។

ប្រភពដដែលបានបន្តថា ក្រោយពីបង្កហេតុជនបង្កមិនត្រឹមតែមិនសុំទោសនោះទេ តែបែជាជេប្រម៉ាតដល់ម៉ែ និងយកសោរម៉ូតូចាក់មកលើផ្ទៃមុខរបស់គាត់បណ្ដាលអោយរងរបួសជាច្រើនកន្លែងថែមទៀត។

ក្រោយពីកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះដល់កន្លែងកើតហេតុ ឃាត់ជនបង្កយកមកសួរនាំនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលជើងឯក និងអោយជនរងគ្រោះមកដាក់ពាក្យបណ្ដឹងផងដែរ៕

អត្ថបទដែលជាប់ទាក់ទង