បើបរករថយន្តគេចពីម៉ូតូ​បួងចង្កូតបានទៅក្រឡាប់ផ្កាប់ផ្ងារជើងតែម្នាក់​ឯង

ភ្នំពេញ​៖រថយន្ត​កូរ៉េ​ពីរ​តោន​កន្លះ​មួយ​គ្រឿង ​បើក​បរបោះ​ពួយ​យ៉ាង​លឿន ​ហើយ​បាន​បើកគេចពីម៉ូតូមួយគ្រឿងទៀត ដែលជិះនៅខាងមុខរថយន្ត បម្រុងបត់ត្រលប់ក្រោយ​ បណ្តាល​ឲ្យ​រថយន្ត​ក្រឡាប់ផ្ងារជើងតែម្នាក់ឯង ​រង​របួស​តៃកុង​រថយន្តម្នាក់។

ហេតុ​ការណ៍​នេះ​កើត​ឡើង​កាល​ពី​វេលាម៉ោង​៩និង៣០នាទីយប់​ ថ្ងៃ​ទី​១១​ ខែ​កក្កដា​ ឆ្នាំ​២០១៨ ត្រង់​ចំណុច​ខាងជើង​ច្រក​ចូល​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​សែនសុខ​ តាម​បណ្ដោយ​ផ្លូវ​ហាណូយ​ ស្ថិត​ក្នុង​សង្កាត់​ឃ្មួញ​ ខណ្ឌ​សែនសុខ​។

យោងតាមប្រភពព័ត៌មាន​ពីកន្លែងកើតហេតុបានអោយដឹងថា នៅ​ពេលកើតហេតុគេឃើញម៉ូតូមិនចាំម៉ាក​មួយ​គ្រឿង​ បានធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​ហាណូយ​ ក្នុង​ទិសដៅ​ពី​ជើង​ទៅ​ត្បូង​។ លុះ​មក​ដល់​ចំណុច​កើត​ហេតុ​ម៉ូតូ​ខាងលើក៏​បាន​បន្ថយ​ល្បឿន​បម្រុងបត់ត្រលប់​ក្រោយ​វិញ​។

ខណៈពេល​នោះស្រាប់​តែមានរថយន្ត​មួយ​គ្រឿង​​ ម៉ាក​ ហ៊ីយុនដាយ​ ពណ៌លឿង​លាយស​ ជា​ប្រភេទ​រថយន្ត​កូរ៉េ​ពីរ​តោន​កន្លះ​ ដឹកទំនិញ​ចាប់ហួយ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​3D-5362 ដែល​បើកបរ​ដោយ​បុរស​ម្នាក់​ និង​ព្រូ​ពីរ​នាក់​រួម​ដំណើរ​ជាមួយ​ ដែលបើកស្រប់ទិស​គ្នា​​មក​ពី​ក្រោយ​ ក្នុង​ល្បឿន​យ៉ាង​លឿន​ដោយខ្វះ​ការ​ប្រុងប្រយ័ត្ន​ ហើយក៏​បាន​វាក់អើ​និង​ម៉ូតូ​ខាងលើ​។

ភ្លាមៗ​នោះ​រថយន្តកូរ៉េក៏បាន​បួង​ចង្កូត​មកខាង​ស្តាំ​គេចពីចេញម៉ូតូ​ បណ្ដាល​ឲ្យ​រថយន្ត​ចាក់គួក្រឡាប់​ផ្ងារ​ជើងតែឯង​ងការខូចខាត​ និង​បណ្តាល​ឲ្យ​តៃកុង​រថយន្ត​ម្នាក់រងបួសស្រាល​ ដោយឡែក​ម៉ូតូដែលបើកបត់ត្រលប់ក្រោយ​ខាងលើ​បាន​ជិះ​បន្ត​ដំណើរ​ទៅ​បាត់​ទៅ​។

ក្រោយ​ពេល​កើត​ហេតុ​សមត្ថកិច្ច​មូលដ្ឋាន​និង​សមត្ថកិច្ច​ជំនាញ​បាន​ចុះ​មក​ដល់​ចំណុច​កើត​ហេតុ​ហើយ​ដោយ​រថយន្ត​កូរ៉េ​ខាង​លើ​មិន​បាន​បង្ក​គ្រោះ​ថ្នាក់​ដល់​អ្នក​ដទៃ​និង​មិន​មាន​បង្កការ​ដល់​ទ្រព្យសម្បត្តិ​សារធារណ​អ្វី​នោះ​ សមត្ថកិច្ច​ក៏បាន​ឱ្យ​ម្ចាស់​រថយន្ត​ធ្វើការស្ទូច​យកចេញពី​កន្លែង​កើតហេតុ​បាត់ទៅ៕ហាក់ អ៊ីឌី

អត្ថបទដែលជាប់ទាក់ទង