រថយន្តបាឡែនបុករះរថយន្តបីគ្រឿងដែលចតស្ងៀមនៅតាមផ្លូវរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ ៖ បុរសម្នាក់ស្រវឹងស្រាជោកជាំបានបើករថយន្តកាមរីបាឡែនបោះពួយយ៉ាងលឿនទៅបុករថយន្តដែលចតស្ងៀមនៅក្បែរចិញ្ចើមផ្លូវ ចំនួន៣គ្រឿង រងការខូចខាត យ៉ាងដំណំ បង្កឲ្យមានការភ្ញាក់ផ្អើលកាលវេលា ម៉ោង៩និង៥០នាទីយប់ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨។

ករណីកើតហេតុនៅត្រង់ចំណុចមុខផ្ទះលេខ២៦២ លក់គ្រឿងទេសនិងភេសជ្ជៈ គ្រប់មុខ យុីហោ បេ យូអេង តាមបណ្តោយផ្លូវ១០៧(សុកហុក) ក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានី ភ្នំពេញ។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនដំបូងគេឃើញបុរសម្នាក់ស្រវឹងស្រាជោកជាំបានបើករថយន្តកាមរីបាឡែន ពណ៌ ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2Q.6976 បោះពួយយ៉ាងលឿនតាមបណ្តោយផ្លូវ១០៧(សុកហុក)ទិសដៅពីជើងទៅត្បូង ខណៈមកដល់កន្លែងកើតហេតុខាងលើ ក៏រេចង្កូតមកឆ្វេងដៃបុករថយន្តកាមរីស្វិត ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2E.3632 ដែលចតស្ងៀមនៅចិញ្ចើមផ្លូវបណ្តាលឲ្យបែកស្តុបខាងឆ្វេង អស់មួយចំហៀង។

ហើយក៏រេចង្កូតទៅបុករថយន្ត ហាយលែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AM.6937បណ្តាលឲ្យរថយន្ត ហាយលែនឌ័រ វិលមួយជុំខ្ទាតទៅកណ្តាលថ្នល់រងការខូចខាត ផ្នែកខាងឆ្វេងកំពិតទ្វារទាំងពីរ និងបែកស្តុបខាងក្រោយអស់មួយចំហៀងខាងឆ្វេង។

ហើយមិនទាន់អស់ល្បឿនក៏បន្តទៅមុនទៀតបុករថយន្តឡង់គ្រឹៈស័រ ពណ៌ទឹកប្រាក់ ពាក់ស្លេកលេខ ភ្នំពេញ2P.9877ដែលចតនៅមុខផ្ទះលេខ ២៦២Eo ក្បែរចិញ្ចើមផ្លូវ ពេញទំហឹងបណ្តាលឲ្យរថយន្ត ឡង់គ្រឹៈស័រថយក្រោយទៅបុកខ្ទុបបង្គោលភ្លើង រងការខូចខាត ផ្នែកខាងមុខខាងក្រោយយ៉ាងដំណំ។

ចំណែកឯ រថយន្តបង្ករងការខូចខាតផ្នែកខាងមុខស្ទើរតែទាំងស្រុងរថយន្តបង្ក ពេលដែលបុកហើយបានចុះពីលើរថយន្ត ដើរត្រេតត្រោតស្រវឹងជោកជាំ។ ពេលនោះក៏មានសាច់ញាតិមកអូសដៃចូលផ្ទះ ពីព្រោះផ្ទះជនបង្កនៅជិតនោះហើយក៏ សម្ងំដេកបាត់ឈឹង។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់ក៏ទំនាក់ទំនងជំនាញចរាចរណ៍ក្រុងចុះមកវ៉ាស់វែងយក រថយន្តទាំងអស់ទៅរក្សាទុកនៅចរាចរណ៍ផ្លូវគោកស្នងការនគរបាល រាជធានីភ្នំពេញ រង់ចាំភាគីបង្កចូលខ្លួន មកដោះស្រាយនៅថ្ងៃក្រោយ៕ នូ បូរ៉ា

អត្ថបទដែលជាប់ទាក់ទង