ខឹងកូនទៅបម្រើភ្ញៀវនៅហាងផឹកស៊ីម្តាយផឹកឱ្យស្រវឹងរួចបើកម៉ូតូឌុបកូនមកផ្ទះវិញជួបគ្រោះថ្នាក់ចរាចរណ៍របួសធ្ងន់ទាំងពីរនាក់

ពោធិ៍សាត់៖ ដោយសារតែខឹងកូនស្រីនិយាយមិនស្តាប់ទៅបម្រើភ្ញៀវនៅហាងផឹកស៊ីមួយកន្លែងនៅទីរួម ស្រុកវាលវែងម្តាយ បានផឹក ឱ្យស្រវឹងជោគរួចបើកបរម៉ូតូឌុបកូនត្រឡប់មកផ្ទះវិញទៅបុកបង្គោលចំណាំងផ្លាតដែលនៅចិញ្ចើមផ្លូវបណ្តាលឱ្យរងរបួសធ្ងន់ទាំងពីរ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី១១ ខែកក្កដាឆ្នាំ២០១៨នៅលើកំណាត់ ផ្លូវជាតិលេខ៥៥ ត្រងចំណុចផ្លូវច្រកចូលទៅភូមិទំព័រ ស្ថិតក្នុងភូមិ ស្ទឹងថ្មី ស្រុកវាលវែង ខេត្តពោធិ៍សាត់។

លោក ធាង ឡេងអធិការនគរបាលស្រុកវាលវែងប្រាប់ឱ្យដឹងថា៖ជនរងគ្រោះជាម្តាយឈ្មោះឌឿន រុំ អាយុ៥៣ឆ្នាំឯកូនស្រីឈ្មោះញ៉េន ស្រីវ៉ុន អាយុ១៨ឆ្នាំរស់នៅក្នុងភូមិកើតហេតុខាងលើតែម្តង។

លោកថានៅមុនករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងដោយដឹងថាកូនស្រីទៅបម្រើភ្ញៀវនៅក្នុងហាងផឹកស៊ីមួយកន្លែងទើបបើកថ្មីក្នុងស្រុកវាលវែងម្តាយខឹងខ្លាំងផឹកស្រាឱ្យស្រវឹងជោគជាំហើយជិះម៉ូតូ ម៉ាកវ៉េវ ពណ៌ក្រហម ក្នុងគោលបំណងទៅយកកូនត្រឡប់មកផ្ទះវិញលុះឌុបមកជិតដល់ផ្ទះបើកទៅបុកបង្គោលចំណាំងផ្លាតដែលនៅចិញ្ចើមផ្លូវទាំងកម្រោលបណ្តាលឱ្យបោកក្បាលនៅលើផ្លូវរង របួសធ្ងន់ទាំងពីរនាក់ម្តាយ និងកូនត្រូវបានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តពោធិ៍សាត់តែម្តង។

លោកបញ្ជាក់ថា៖ មួលហេតុដែលបង្កគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះកើតឡើងគឺដើមចមកើតចេញពីម្តាយមិនពេញចិត្តនឹងកូនស្រីទៅបម្រើភ្ញៀវក្នុងហាងផឹកស៊ីរួចហើយមួម៉ៅក្តៅក្រហាយផឹកស្រាឱ្យស្រវឹងបើកបរម៉ូតូយ៉ាងដូច្នេះឯង៕ដោយ៖ (SP)

អត្ថបទដែលជាប់ទាក់ទង