ប្រជាពលរដ្ឋ រិះគន់ លោក ទូច ហីង មេប៉ុស្តិ៍ (ផាតាម) ថាជាអ្នកបើកដៃឱ្យឈ្មួញ ដឹកជញ្ជូនឈើទៅប្រទេសវៀតណាម

រតនគិរី៖ ពលរដ្ឋអង្កេតឃើញក្បួន ម៉ូតូ រថយន្ត របស់ក្រុមឈ្មួញកំពុងតែសំរ៉ុកដឹកជញ្ជូនឈើចេញព្រៃសហគមន៍ ក្នុងភូមិតាំង លូម ឃុំញ៉ាង ស្រុកអណ្តូងមាស ហើយឆ្ពោះទៅតាមច្រកប៉ុស្តិ៍ ផាតាម យ៉ាងអាណាធិតេយ្យ ដោយមិន បានរំខានទៅដល់សមត្ថកិច្ច ប្រចាំការនៅច្រកនោះឡើយ ធ្វើឱ្យមានការរិះគន់ លោក ទូច ហីង មេប៉ុស្តិ៍ (ផាតាម)ថា៖ ទំនងជាទទួលបានលាភសក្ការផ្អែមមាត់ផ្អែមក រហូតជាប់ត្រគៀកងាកខ្លួនមិនរួច មិនអាចចុះបង្រ្កាប់បានអស់រយះពេលជាច្រើន ឆ្នាំមកហើយ។

ប្រភពព័ត៌មានពីប្រជាសហគមន៍ភូមិ តាំងលូម បានឱ្យដឹងថា៖
បច្ចុប្បន្ននេះ ជនជាតិ វៀតណាមដែលមានថៅកែឈ្មោះ ថិញ និងឈ្មោះ ណាត បាននាំ កម្មកររបស់ខ្លួន ចូលមក កាប់ឈើប្រណិត នៅតាមបណ្តោយដងទន្លេសេសាន ចំងាយប្រមាណ ៥០០ម៉ែត្រ ពីប៉ុស្តិ៍ ផាតាម ដែលជាប៉ុស្តិ៍ការពារព្រំដែនរបស់នគរបាល មានលោកទូច ហីង ជាមេប៉ុស្តិ៍នៅសព្វថ្ងៃ។

ប្រភពបន្តទៀតថា៖ក្រុមឈ្មួញទាំងនេះតែងតែ ឱ្យកម្មករចូលទៅលួច កាប់បំផ្លាញព្រៃឈើក្នុងដែនសហគមន៍ ពេលដែល ប្រជាពលរដ្ឋបានរាយការណ៍សូមការអន្តរាគមន៍ ពីលោកទូច ហីង មេប៉ុស្តិ៍ ផាតាម តែហាក់បីដូចជាមិនមានប្រសិទ្ធភាពនោះទេ គេសង្ស័យថាមេឈ្មួញទាំងនោះបានផ្តល់ លាបសក្ការជូនលោក ហើយមើលទៅបានជាមិនអើរពើបែបនេះ។

ពាក់ព័ន្ធនឹងការចោតប្រកាន់ខាងលើក៏មានការបែកធ្លាយ រឿង លោក ទូច ហីង មេប៉ុស្តិ៍ ផាតាម និងមានឈ្មោះ សែន វណ្ណស៊ីម មានតួនាទីជាមេស្នាក់ការ និងម្នាក់ទៀតឈ្មោះ ម៉ាន ដែរជាកូនចៅរបស់លោក ហាក់ ប៊ុន្នី មេបញ្ជាការកងរាជអាវុធហត្ថស្រុក អណ្តូងមាស បានដាក់ប៉ុស្តិ៍ អង្គុយចាំយកលុយពីក្បាល់ម៉ូតូក្រុមនាក់ដឹកឈើ ក្នុងមួយម៉ូតូត្រូវបង់ ៣ម៉ឺនរៀល ជាហាងឆេងមិនអាចកាត់ថ្លៃបាន ហើយកន្លែងដែលត្រូវបង់លុយច្រើនជាងគេ នោះគឺកន្លែងលោក ទូច ហីង តែម្តង។

សកម្មភាពដាក់ប៉ុស្តិ៍ចាំប្រមូលលុយពីក្រុមនាក់ដឹកឈើទាំងនោះ ហាក់បី ដូចជាផ្គើននឹងអនុសាស្រ្តរបស់សម្តេចអគ្គមហាសេនាបតី តេជោហ៊ុន សែន ដែលសូមឱ្យលុបបំបាត់កុងត្រូលជជុះ និងភាពអសកម្មរបស់មន្ត្រីខិលខូចមួយចំនួនឱ្យអស់។

ដែលសម្តេចចាត់ទុកថាជាមន្ត្រីថ្នាក់ទី១ មន្ត្រីជើង១០សម្តេចមិនត្រូវការមន្ត្រី អសកម្មបែបនេះទេ មន្ត្រីទាំងអស់នេះហើយ ដែរធ្វើឱ្យបាត់បង់សន្លឹកឆ្នោត របស់សម្តេច រហូតដល់មានការខឹងគោ វ៉ៃរទេះទៅវិញ។

ជុំវិញការលើកឡើងខាងលើ អ្នកសារព័ត៍មានយើងមិនអាចសូមការបំភ្លឺលោក ទូច ហីង ដែលជាមេប៉ុស្តិ៍ ផាតាម និងមន្រ្ដីពាក់ព័ន្ធមួយចំនួនទៀតបានទេ ដោយពុំមានលេខទូរស័ព្ទទំនាក់ទំនង ៕ដោយ៖ (ប៊ុន រិទ្ធី)

អត្ថបទដែលជាប់ទាក់ទង