ទឹកស្ទឹងសង្កែកំពុងហក់ឡើងយ៉ាងគំហុកបន្ទាប់ពីភ្លៀងធ្លាក់ជាច្រើនថ្ងៃ​ជាប់គ្នា​

បាត់ដំបង​៖​ បន្ទាប់ពីភ្លៀងធ្លាក់ជាប់គ្នាច្រើនថ្ងៃជាបន្តបន្ទាប់មក​ជំនន់​ទឹក​ភ្លៀងពី​តំបន់ជាប់ព្រំដែនថៃ​បានរុញធ្លាក់ចូល​ស្ទឹងសង្កែ​ឡើង​ខ្ពស់​យ៉ាងគំហុក។

យោងតាមរបាយការណ៍ពី​មន្ទីរ​ធនធាន​ទឹក ​និង​ឧតុនិយម​ខេត្ត​បាត់ដំបង​បានឱ្យដឹងថា បន្ទាប់ពីភ្លៀងធ្លាក់​ប៉ុន្មាន​ថ្ងៃ​ជាប់ៗគ្នា​មកនេះ​បរិមាណ​ទឹកភ្លៀង​ដែលហូរធ្លាក់ពីតំបន់​ព្រំដែន​កម្ពុជា​ថៃ​ក្នុង​ភូមិសាស្ត្រ​ស្រុកសំឡូត នៅថ្ងៃ​ទី១១ និងទី១២ ខែកក្កដានេះ បានបង្កឱ្យទឹក​ស្ទឹងសង្កែ​កំពុង​មានការកើនឡើង​យ៉ាងគំហុក រហូតកម្ពស់ជាង១២ម៉ែត្រ។

របាយការណ៍៍ដដែល​បាន​បន្តថា​ ដោយសារតែ​កម្ពស់​ទឹក​ហក់ឡើង​យ៉ាងគំហុកនៅក្នុងអាង​ទឹកពហុបំណងសេកសក ក្នុងស្រុក​រតនះមណ្ឌល​​បែបនេះ​​ជាហេតុ​នាំឱ្យខាង​មន្ទីរ​ធនធាន​ទឹក ​និង​ឧតុនិយម​ខេត្ត​ចុះសហការ​ជាមួយ​ក្រុមហ៊ុន​សាងសង់​របស់ចិន​ធ្វើការ​បើកទ្វារទឹកអាងចំនួន៥​ប្រឡោះដើម្បីរំដោះទឹកមួយ​ផ្នែកទៅកាន់​ប្រព័ន្ធ⁣​ធារាសាស្ត្រ​កង្ហត សម្រាប់ផ្គត់ផ្គង់​ឱ្យការងារបង្កបង្កើនផល​របស់​កសិករ និងមួយផ្នែកទៀត​ទម្លាក់​តាមស្ទឹងសង្កែ សម្រាប់ផ្គត់ផ្គង់​ឱ្យការប្រើប្រាស់​របស់​ប្រជាពលរដ្ឋ​នៅផ្នែកខាងក្រោម។

គួរបញ្ជាក់ថា៖​រយ៖ពេលទឹកភ្លៀងដែលហក់ឡើងខ្លាំងចាប់តាំងពីថ្ងៃទី៨ មកដល់ថ្ងៃទី១២ ខែកក្តដា ឆ្នាំ២០១៨ នេះទឹកស្ទឹងសង្កែមាន កម្ពស់រហូត ជាង១២ម៉ែត្រ ដែលកម្ពស់ទឹកនេះនៅមិនទាន់ឋិតក្នុងកម្ពស់ទឹកដែលត្រូវប្រកាសអាសន្ននៅឡើយទេ៕ដោយ៖ (ណារម្យ)

អត្ថបទដែលជាប់ទាក់ទង