ទឹកស្ទឹងសង្កែ ហក់ឡើងដល់កម្ពស់់១២ម៉ែត្រ ខណៈមន្ទីរធនធានទឹកបើកទ្វារអាងទឹកពហុបំណង បាត់ដំបងទាំង៧

បាត់ដំបង៖ ទឹកស្ទឹងសង្កែហក់ឡើងរហូតដល់កម្ពស់់១២ម៉ែត្រ ជិតប្រកាសអាសន្ន មន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបងបើកទ្វារអាងទឹកពហុបំណងបាត់ដំបងទាំង៧នោះ។

យោងតាមហ្វេសបុកផេករបស់ក្រសួងធនធានទឹក និងឧតុនិយមបានអោយដឹងថា បរិមាណទឹកភ្លៀងដែលបានហូរធ្លាក់ច្រើនជាបន្តបន្ទាប់នៅតំបន់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រស្រុកសំឡូត ខេត្តបាត់ដំបង បានបណ្តាលអោយទឹកដែលផ្ទុកនៅក្នុងអាងទឹកពហុបំណងបាត់ដំបង ស្ថិតនៅក្នុងស្រុករតន មណ្ឌលកើនឡើងយ៉ាងគំហុកនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨ នេះ ។

ជាមួយគ្នាមន្ទីរធនធានទឹកនិងឧតុនិយមខេត្តបាត់ដំបងបានបង្ហាញអោយដឹងដែរថា មន្ទីរបានសហការជាមួយក្រុមហ៊ុនសាងសង់សំណង់ទឹករបស់ចិនបានបើកទ្វារទឹកអាងចំនួន០៧ប្រឡោះដើម្បីរំដោះធារទឹកមួយផ្នែកអោយហូរចាក់ទៅកាន់ប្រព័ន្ធធារាសាស្ត្រកង្ហតសម្រាប់បម្រើការផ្គត់ផ្គង់អោយការងារបង្កបង្កើនផលស្រូវរបស់កសិករ ហើយនិងមួយផ្នែកទៀតបានទម្លាក់ទឹកចុះមកតាមដងស្ទឹងសង្កែ ក្នុងបំណងផ្គត់ផ្គង់ដល់ការប្រើប្រាស់ផ្សេងៗរបស់ប្រជាពលរដ្ឋនៅផ្នែកខាងក្រោម ។

ប្រជាពលរដ្ឋនៅក្នុងស្រុកសំឡូតបានលើកឡើងថា ឥទ្ធិពលអាកាសធាតុសំពាធប៉ុន្មានថ្ងៃចុងក្រោយនេះ បង្កឱ្យមានរលឹមនិងធ្លាក់ភ្លៀងជាបន្តបន្ទាប់ហើយនៅព្រឹកថ្ថៃទី១២ ខែកក្តដានេះ ទឹកស្ទឺងបានឡើងយ៉ាងខ្ពស់រហូតលិចស្ពានយោលថែមទៀត ។

តាមការគាត់សម្គាល់ពីប្រភពប្រជាពលរដ្ឋក្នុងក្រុងបាត់ដំបងបានបញ្ជាក់ដែរថា រយ:ពេលទឹកភ្លៀងហក់ឡើងយ៉ាងគំហុកនេះចាប់ផ្តើមតាំងពីថ្ងៃទី៩ មកដល់ថ្ងៃទី១២ ខែកក្តដាឆ្នាំ២០១៨ ដែលមានកម្ពស់១២ម៉ែត្រ ខណ:គ្រាមុនទឹកស្ទឹងសង្កែមានកម្ពស់ត្រឹមតែបាតស្ទឹងប៉ុណ្ណោះ ។

លោក ឡុង ផលគុណ ប្រធានមន្ទីរធនធានទឹកនិងឧត្តុនិយមខេត្តបាត់ដំបងធ្លាប់បានលើកឡើងថា ទឹកស្ទឹងសង្កែជន់ឡើងក្នុងកម្ពស់១២ម៉ែត្រនេះនៅមិនទាន់ឋិតក្នុងកម្ពស់ដែលត្រូវប្រកាសអាសន្នឡើយទេ៕

ដោយ : SR

អត្ថបទដែលជាប់ទាក់ទង