ចំនួនយានយន្តនៅរាជធានីភ្នំពេញ កើនឡើងដល់ជាង ២លាន ១៩ម៉ឺនគ្រឿង

ភ្នំពេញ ៖ គិតមកដល់ត្រឹមខែកក្ដដា ឆ្នាំ២០១៨នេះ ចំនួនយានយន្តនៅរាជធានីភ្នំពេញ មានការកើនឡើង រហូតដល់ជាង ២លាន ១៩ម៉ឺនគ្រឿង ។ កំណើននេះ ត្រូវបានកត់សម្គាល់ថា ដោយសារតែកំណើនសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ មានភាពប្រសើរឡើង ហើយរាជរដ្ឋាភិបាល អាចរក្សាបាននូវកំណើនសេដ្ឋកិច្ចថេរមួយក្នុងរង្វង់ ៧% ជាប់ៗគ្នាជាច្រើនឆ្នាំ។

បើតាមលោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ នៅដើមខែកក្ដដា ឆ្នាំ២០១៨នេះ បានប្រាប់ឱ្យដឹងថា រហូតដល់ខែកក្ដដានេះ ចំនួនរថយន្តគ្រប់ប្រភេទ មានចំនួន៤៨ម៉ឺនគ្រឿង ម៉ូតូមានចំនួន១លាន៧០ម៉ឺនគ្រឿង និងរឺម៉កកង់បី មានចំនួន១ម៉ឺន១ពាន់គ្រឿង”ដែលបានចុះ បញ្ជី។

លោកប្រធានមន្ទីររូបនេះធ្លាប់បានបញ្ជាក់ថា កាលពីចុងឆ្នាំ២០១៦ ចំនួនរថយន្តមានតែ៤០ម៉ឺនគ្រឿង និងម៉ូតូមានចំនួន១លាន៤០ម៉ឺនគ្រឿង ចំណែកចំនួនកង់បីក្នុងឆ្នាំ២០១៦ មន្ទីរសាធារណការ និងដឹកជញ្ជូន មិនបានបញ្ជាក់ពីតួរលេខនោះទេ។ ចំពោះចំនួនយានយន្តខាងលើនេះ គឺបានចុះបញ្ជីរួចរាល់ហើយ លើកលែងតែ រ៉ឺម៉កកង់បី មានចំនួនប្រមាណជាង១០% ប៉ុណ្ណោះ ដែលមិនទាន់បានចុះបញ្ជីការត្រឹមត្រូវ។

ទាក់ទិននិងចំនួនយានយន្តនេះ បើតាមរបាយការណ៍របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ចេញផ្សាយកាលពីថ្មីៗកន្លងទៅនេះ បានបង្ហាញថា ចំនួនយានយន្តនៅក្នុងប្រទេសកម្ពុជា បានកើនឡើងគួរឱ្យកត់សម្គាល់ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ គឺបន្ទាប់ពីកំណើនសេដ្ឋកិច្ចរបស់ប្រទេសបានរីកលូតលាស់ប្រមាណ៧% ក្នុងមួយឆ្នាំនារយៈពេលជាង១ទសវត្សរ៍កន្លងមកនេះ ដែលបច្ចុប្បន្ន រថយន្តនៅក្នុងប្រទេសកម្ពុជា មានចំនួនជិត ១លានគ្រឿង និង ម៉ូតូប្រមាណជាង៦លានគ្រឿង។

ចំណែក អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្តី ធ្លាប់មានប្រសាសន៍ថា “ដោយសារចំនួន យានយន្តមានការកើនឡើងនេះហើយ ធ្វើអោយគ្រប់ផ្លូវ ក្នុងរាជធានីភ្នំពេញ មានការកកស្ទះចរាចរណ៍ជាខ្លាំង ជារៀងរាល់ថ្ងៃ”។ក្រៅពីនេះនៅកត្តាជាច្រើនទៀត ដែលនាំឱ្យមានការកកស្ទះចរាចរណ៍ក្នុងរាជធានី ដូចជា៖ អ្នកបើកបរ មិនសូវគោរពច្បាប់ចរាចរណ៍ ប្រជាពលរដ្ឋមួយចំនួន រំលោភយកផ្លូវ និងចិញ្ចើមផ្លូវធ្វើអាជីវកម្មធ្វើជាចំណតផ្ទាល់ខ្លួន៕ បក្សីចាំក្រុង

អត្ថបទដែលជាប់ទាក់ទង