ទំនប់អាងទឹកថ្មី ស្រុកអន្លង់វែង មានសមត្ថភាពស្តុកទឹកសម្រាប់ផ្គត់ផ្គង់ឱ្យការងារបង្កបង្កើនផលស្រូវលើផ្ទៃដីប្រមាណ ៦.០០០ ហិកតា

ឧត្តរមានជ័យ៖ សំណង់បង្ហៀរនៃទំនប់អាងទឹកថ្មី ស្ថិតក្នុងឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ត្រូវបានបញ្ចប់ការសាងសង់ជាស្ថាពរហើយដោយក្រសួងធនធានទឹក និងឧតុនិយម បន្ទាប់ពីសំណង់បង្ហៀរនៃទំនប់អាងទឹកថ្មីនេះរងការខូចខាតស្ទើរទាំងស្រុង ដោយសារគ្រោះទឹកជំនន់ជាបន្តបន្ទាប់ ។ ក្រសួងធនធានទឹក និងឧតុនិយម បានសាងសង់ឡើងវិញប្រវែង ២៨០ ម៉ែត្រ ។

ក្រសួងធនធានទឹកបានបញ្ជាក់ថា តាមរយៈការសាងសង់សំណង់បង្ហៀរថ្មីនេះ ទំនប់អាងទឹក ថ្មី នឹងមានសមត្ថភាពស្តុកទឹកសម្រាប់ផ្គត់ផ្គង់ឱ្យការងារបង្កបង្កើនផលស្រូវលើផ្ទៃដីប្រមាណ ៦.០០០ ហិកតា ហើយនិង​ក្លាយទៅជាប្រភពទឹកដ៏សំខាន់មួយសម្រាប់ផ្គត់ផ្គង់ទឹកបន្ថែមទៅកាន់ប្រព័ន្ធធារាសាស្ត្រ ស្ទឹងស្រែង (ជំហានទី ២) ។ ក្រៅពីការផ្តល់អត្ថប្រយោជន៍ខាងលើ សំណង់នេះ ក៏នឹងក្លាយទៅជាផ្លូវគមនាគមន៍តភ្ជាប់ពីឃុំត្រពាំងតាវ ទៅកាន់ឃុំលំទង ស្រុកអន្លង់វែង ផងដែរ ៕ប៊ុន រិទ្ធី

 

អត្ថបទដែលជាប់ទាក់ទង