សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជានឹងចេញដឹកនាំក្បួនបិទយុទ្ធនាការឃោសនារកសំឡេងឆ្នោត នៅថ្ងៃ២៧ ខែកក្កដាខាងមុខ

ភ្នំពេញ៖ ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨នេះ បានឱ្យដឹងថា ការដឹកនាំក្បួនបិទយុទ្ធនាការឃោសនារកសំឡេងឆ្នោតនេះ នឹងធ្វើការជួបជុំ ព្រមទាំងដង្ហែក្បួនចេញពីមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

ប្រមុខគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងចេញដឹកនាំក្បួនបិទយុទ្ធនាការឃោសនារកសំឡេងឆ្នោតនាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ។

យោងតាមលិខិតសម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា បានគូសបញ្ជាក់ថា មុននឹងចេញដង្ហែក្បួនសម្តេចប្រមុខបក្សកាន់អំណាច នឹងមានការថ្លែងសារនយោបាយជូនមហាជន ហើយការថ្លែងសារនេះ នឹងផ្សាយផ្ទាល់តាមទូរទស្សន៍ វិទ្យុ និងប្រព័ន្ធផ្សព្វផ្សាយដទៃទៀត ដែលបក្សបានជួលរួចរាល់ហើយនោះ។

សូមបញ្ជាក់ថា ការចេញដឹកនាំក្បួនបិទយុទ្ធនាការឃោសនារកសំឡេងឆ្នោតនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ គឺជាការដឹកនាំក្បួនឃោសនារកសំឡេងឆ្នោត ជាលើកទីពីរហើយ សម្រាប់ប្រមុខបក្សកាន់អំណាច។ កាលពីក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នាឆ្នាំ២០១៧កន្លងទៅ សម្តេចតេជោ ហ៊ុន សែន ក៏បានចេញដឹកនាំយុទ្ធនាការឃោសនារកសំឡេងឆ្នោតបែបនេះផងដែរ។

ចាប់តាំងពីការបោះឆ្នោតឡើងដំបូងនាឆ្នាំ១៩៩៣ សម្តេចតេជោ ហ៊ុន សែន មិនដែលចេញដឹកនាំក្បួនឃោសនារកសំឡេងឆ្នោតនោះឡើយ ពោលប្រមុខបក្សរូបនេះតែងធ្វើសកម្មភាពខ្លាំងនៅមុនយុទ្ធនាការឃោសនារកសំឡេងឆ្នោតចូលមកដល់។ លុះដល់ថ្ងៃឃោសនារកសំឡេងឆ្នោត សម្តេចតេជោ ហ៊ុន សែន តែងតែរក្សាភាពស្ងប់ស្ងាត់។

ដូច្នេះសម្រាប់ការចេញដឹកនាំក្បួនឃោសនាដោយផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឱ្យមហាជនមានការចាប់អារម្មណ៍ខ្លាំង។ ជាពិសេសតាមរយៈសកម្មភាពនេះ បានបង្ហាញថា ប្រមុខបក្សកាន់អំណាចរូបនេះ បានផ្តល់តម្លៃខ្ពស់លើការប្រកួតប្រជែងជាលំអាននៃលទ្ធិប្រជាធិបតេយ្យដែលកម្ពុជាកំពុងប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួននោះ៕

 

អត្ថបទដែលជាប់ទាក់ទង