សាកលវិទ្យាល័យឥន្ទ្រវិជ្ជា បានប្រគល់អាហារូបករណ៍និងចុះហត្ថលេខាលើអនុស្សារណៈរវាងសាកលវិទ្យាល័យនិងវិទ្យាស្ថានចំនួន១៦របស់ប្រទេសចិន

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃព្រហស្បត្តិ៍ ១៥រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨ នៅទីស្នាក់ការសមាគមមិត្តភាពកម្ពុជា-ចិន  ដើម្បីចូលរួមអបអរសាទរខួប៦០ឆ្នាំនៃចំណងការទូតកម្ពុជា-ចិន។

កម្មវិធីនេះក្រោមការគាំទ្រពីឯកឧត្តម ឯក សំអុល ប្រធានសមាគមមិត្តភាពកម្ពុជា-ចិន ទើបសាកលវិទ្យាល័យឥន្ទ្រវិជ្ជាបានរៀបចំនូវកម្មវិធីប្រគល់អាហារូបករណ៍ និងពិធីចុះហត្ថលេខាលើអនុស្សារណៈរវាងសាកលវិទ្យាល័យឥន្ទ្រវិជ្ជានិងសាកលវិទ្យាល័យនិងវិទ្យាស្ថានចំនួន១៦របស់ប្រទេសចិន។

ឧកញ៉ាបណ្ឌិត ឡាច សំរោង សាកលវិទ្យាធិការនៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជាបានបញ្ជាក់ថា នេះជាលើកទី១ដែលសាកលវិទ្យាល័យបានសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញបានរៀបចំពិព័រណ៍អប់រំកម្រិតឧត្តមសិក្សានិងការផ្សព្វផ្សាយអាហារូបករណ៍ទៅបន្តការសិក្សានៅប្រទេសចិនកាលពីព្រឹកមិញ ហើយរៀបចំកម្មវិធីប្រគល់អាហារូបករណ៍ និងពិធីចុះហត្ថលេខាលើអនុស្សារណៈរវាងសាកលវិទ្យាល័យឥន្ទ្រវិជ្ជានិងសាកលវិទ្យាល័យនិងវិទ្យាស្ថានចំនួន១៦របស់ប្រទេសចិន។

ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការផ្តល់ឱកាសកាន់តែច្រើន និងបង្កើនបរិមាណ ជូនដល់សិស្ស និស្សិតកម្ពុជាទៅបន្តការសិក្សានៅប្រទេសចិន។

ថ្លែងកោតសរសើរចំពោះ សមិទ្ធផលនៃកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កានេះ លោក អ៊ី ដា អគ្គលេខាធិការវិទ្យាស្ថានប៉េកាំងសម្រាប់កិច្ចសហប្រតិបត្តិការនិងការផ្លាស់ប្តូរអន្តរជាតិបានបញ្ជាក់ថា ថ្វីត្បិតតែនេះជាលើកទី១ក្នុងការរៀបចំនៅកម្ពុជា តែសាកលវិទ្យាល័យ និងវិទ្យាស្ថានទាំង១៧ទទួលបាននូវជោគជ័យយ៉ាងត្រចេះត្រចង់ក្នុងកិច្ចសហការជាមួយសាកលវិទ្យាល័យឥន្ទ្រវិជ្ជាក្រោមកិច្ចគាំទ្រពីសមាគមមិត្តភាពកម្ពុជា-ចិន និងសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ។

លោកបញ្ជាក់បន្ថែមថា លទ្ធផលទាំងនេះមិនអាចកាត់ផ្តាច់ពីការខិតខំនិងការជ្រោមជ្រែងរបស់លោកបណ្ឌិត ជា មុនីឫទ្ធិ សមាជិកគណៈប្រតិបត្តិសមាគមមិត្តភាពកម្ពុជា-ចិន និងជាប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន រួមនឹងសហការីបានជួយរួមចំណែកយ៉ាងសកម្មក្នុងរយៈពេលជិត១ទសវត្សរ៍នេះក្នុងកិច្ចបង្កើនបរិមាណធនធានមនុស្សលើជំនាញភាសាចិនដែលជាទុនដ៏ល្អក្នុងការស្នើសុំអាហារូបករណ៍នាពេលនេះ។

គួរបញ្ជាក់ថា ក្រោយបិទបញ្ចប់ពិព័រណ៍អប់រំរបស់ប្រទេសចិននារសៀលនេះបានបន្តការចុះអនុស្សារណៈយោគយល់គ្នាចំនួន១៦រវាងសាកលវិទ្យាល័យឥន្ទ្រវិជ្ជានិងសាកលវិទ្យាល័យនិងវិទ្យាស្ថានទាំង១៦របស់ប្រទេសចិនរួមមាន៖

-សាកលវិទ្យាល័យវិស្វកម្មក្រុងហាអឺពីង

-សាកលវិទ្យាល័យព័ត៌មាននិងទំនាក់ទំនងខេត្តជឺជាំង

-វិទ្យាស្ថានពហុបច្ចេកទេសក្រុងណានជីង

-វិទ្យាស្ថានបច្ចេកទេសកសិកម្ម-ចិញ្ចឹមសត្វខេត្តជាំងស៊ូ

-វិទ្យាស្ថានបច្ចេកវិទ្យាក្រុងឆាងចូវ

-វិទ្យាស្ថានបច្ចេកវិទ្យានិងឧស្សាហកម្មខេត្តហឺប៉ី

-វិទ្យាស្ថានបច្ចេកទេសក្រុងជីនណាន

-វិទ្យាស្ថានបច្ចេកវិទ្យានិងឧស្សាហកម្មធុនស្រាលក្រុងឆាងចូវ

-វិទ្យាស្ថានបច្ចេកវិទ្យានិងសិល្បៈក្រុងស៊ូចូវ

-វិទ្យាស្ថានធនធានទឹកនិងហ៊ីដ្រូក្រុងគួយចូវ

-វិទ្យាស្ថានពហុបច្ចេកវិទ្យាខេត្តសាងស៊ី

-វិទ្យាស្ថានបច្ចេកវិទ្យាព័ត៌មានក្រុងឆាងចូវ

-វិទ្យាស្ថានវិទ្យាសាស្រ្តសុខាភិបាល និងចំណីអាហារខេត្តជាំងស៊ូ

-វិទ្យាស្ថានកសិកម្មនិងរុក្ខាប្រមាញ់ក្រុងជាំងស៊ូ

-វិទ្យាស្ថានសេដ្ឋកិច្ច-កសិកម្មខេត្តហីឡុងជាំង

-វិទ្យាស្ថានពហុបច្ចេកវិទ្យាខេត្តសានទុង។

និស្សិតចំនួន១៩រូបត្រូវបានទទួលអាហារូបករណ៍ទៅបន្តការសិក្សានៅប្រទេសចិន ព្រមទាំងមាននិស្សិតកម្ពុជាចំនួនជាង៣០០រូបបន្ថែមទៀតដែលត្រូវបានជ្រើសរើសក្នុងពេលដ៏ខ្លីខាងមុខ ដើម្បីទៅបន្តការសិក្សាតាមរយៈកម្មវិធីផ្សព្វផ្សាយនិងអនុស្សារណៈយោគយល់ជាមួយសាកលវិទ្យាល័យឥន្ទ្រវិជ្ជា។

 

 

 

អត្ថបទដែលជាប់ទាក់ទង