អគារព្យាបាលនៅមណ្ឌលសុខភាពឃុំរាម ដែលជាអំណោយរបស់ប្រជាជនអាមេរិក ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

ព្រះសីហនុ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៥រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១២​ ខែកក្កដា​ ឆ្នាំ២០១៨ អាគារព្យាបាលនៅក្នុងមណ្ឌលសុខភាពឃុំរាម ដែលជាអំណោយរបស់ប្រជាជនអាមេរិក ត្រូវបានសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាព លោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្តព្រះសីហនុ តំណាង ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ និង លោកវរ:សេនីយ៍ត្រី ប្រេនឌី ចនសុន តំណាងស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។

លោកស្រី ហៀក ហ៊ីមុល្លី មានប្រសាសន៏ថ្លែងអំណរគុណដល់ប្រជាជនអាមេរិក​ ដែលបានផ្តល់អគារព្យាបាលមួយខ្នងនេះ​ ដល់ប្រជាជនខេត្តព្រះសីហនុ ។លោកស្រី ស្នើអោយអាមេរិក បន្តជួយកម្ពុជាតទៅទៀត។
ជាមួយគ្នានេះដែរ លោកស្រី អភិបាលរងខេត្តព្រះសីហនុ ក៏បានរំលឹកដល់ គ្រូពេទ្យទាំងឡាយត្រូវយកចិត្តទុកដាក់ក្នុងការបម្រើសេវាសុខភាពប្រជាជនក្នុងដែនដីរបស់ខ្លួន​ អោយបានល្អប្រសើរប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។

លោកស្រី លឹម សាមាន ប្រធានមន្ទីរសុខាភិបាលខេត្តព្រះសីហនុ អោយដឹងថា អាគារព្យាបាលអ្នកជំងឺនេះ ទំហំ​ ១១ម​ x ២០.៥០ ម ជាអំណោយរបស់ប្រជាជនអាមេរិច ។ ក្រៅពីការផ្តល់អាគារប្រជាជនអាមេរិកក៏បានបំពាក់ជូនប្រព័ន្ធអគ្គីសនីប្រើដោយថាមពលពន្លឺព្រះអាទិត្យ អណ្តូងទឹក ប្រពន្ធ័ចម្រោះទឺកស្អាត និងគ្រឿងបរិក្ខាពេទ្យមួយចំនួនទៀតសរុបជាថវិកាប្រមាណ២០ម៉ឺនដុល្លារអាមេរិក។
លោកស្រី លឹម សាមាន បានថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅផងដែរចំពោះប្រជាជនអាមេរិកដែលបានជួយផ្នែកកិច្ចគាំពារសុខភាពដល់ប្រជាជនកម្ពុជាពិសេសប្រជាជនខេត្តព្រះសីហនុ។
លោកស្រីមានរំពឹងថារដ្ឋាភិបាលអាមេរិក​ នឹងបន្តជួយកម្ពុជាបន្តទៀត។

លោក ប្រេនឌី ចនសុន តំណាងទូតសហរដ្ឋអាមេរិក បញ្ជាក់ថា អាមេរិចនឹងនៅតែបន្តជួយកម្ពុជាលើផ្នែក សុខាភិបាល​ និងអប់រំតទៅទៀត៕ដោយ វ៉ើន កញ្ញា

អត្ថបទដែលជាប់ទាក់ទង