ពិធីសំណេះសំណាលជាមួយមន្ត្រីរាជការរដ្ឋបាលខេត្ត

សៀមរាប៖ នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨នេះ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្ត បានជួបធ្វើការ សំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការនៃរដ្ឋបាលខេត្តសៀមរាប ចំនួន ១ពាន់ ៧នាក់ ដើមី្បជម្រុញដល់មន្ត្រីរាជការ ទាំងអស់ ចូលរួមជម្រុញដល់ក្រុមគ្រួសារ ញាតិមិត្ត បងប្អូនជិតខាងខ្លួន ឱ្យបានទៅបោះឆ្នោតគ្រប់ៗគ្នា នាថ្ងៃទី២៩ ខែកក្កដា ខាងមុខនេះ ហើយការរារាំងប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោត មិនឱ្យទៅបោះឆ្នោត គឺជាទោសប្បញ្ញត្តិ ដែលមានចែងនៅ ក្នុងច្បាប់របស់គណកម្មាធិការជាតិរៀបចំការបោះឆ្នោត ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ។

មានប្រសាសន៍សំណេះសំណាលនោះ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ក៏បានធ្វើការកោតសរសើរ និងថ្លែងអំណរគុណផងដែរ ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ ដែលបានខិតខំបំពេញការងារ មានការសាមគ្គីគ្នាល្អ ក្នុងការកែលម្អរនូវសោភណ្ឌ        ភាព ក្នុងក្រុងប្រវត្តិសាស្ត្រ ដែលមានកេរ្តិ៍ឈ្មោះលី្បល្បាញ ជាទីក្រុងទេសចរណ៍វប្បធម៌ប្រវត្តិសាស្ត្រ និង ធម្មជាតិ ។

ជាមួយនេះដែរ ក្រុងសៀមរាប ដែលជាអតីតរាជធានីនៃអាណាចក្រខ្មែរសម័យរុងរឿងនៃអង្គរ ក៏បានទទួលជ័យលាភី ជាទីក្រុងទេសចរណ៍ស្អាតអាស៊ាន ឆ្នាំ២០១៨-២០២០ និងបានក្លាយជាតំបន់គោលដៅរបស់ភ្ញៀវទេសចរណ៍លើពិភពលោក ចូលមកទស្សនាកម្សាន្ត ក្រោមដំបូលនៃសន្តិភាព ដែលជាសមិទ្ធផល បានមកពីការស្វែងរកដោយការលំបាក និង មានលះបង់ ខ្ពស់បំផុត នៃសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ។

ឯកឧត្តមបណ្ឌិតអភិបាលខេត្តបានលើកឡើងថា៖
ការទៅបោះឆ្នោត ឬមិនបានទៅបោះឆ្នោត និងត្រូវបានបោះឆ្នោតជូនគណបក្សនយោបាយណាមួយនោះ ដែលប្រជាពលរដ្ឋមាន ជំនឿទុកចិត្ត គឺជាសិទ្ធិរបស់ប្រជាពលរដ្ឋ ក៏ប៉ុន្តែបើប្រសិនជាជនណាម្នាក់ បានធ្វើសកម្មភាពគ្រប់រូបភាព បំណងរារាំង ប្រជាពលរដ្ឋដែលមានសិទ្ធបោះឆ្នោត មិនឱ្យទៅបោះឆ្នោត នោះគឺជាអំពើល្មើសច្បាប់ ។

ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ក៏បានបង្ហាញបន្ថែមនូវការបកស្រាយថា៖
ការរារាំង មិនឱ្យប្រជាពលរដ្ឋទៅបោះឆ្នោត ត្រូវបានចែងជាទោសប្បញ្ញត្តិ ក្នុងច្បាប់ស្តីពីការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត លើមាត្រា ១៤២ របស់គណកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលមាត្រាចែង ស្តីអំពីទោសប្បញ្ញត្តិនោះ មានការផាកពិន័យ ជាប្រាក់ ពី ៥ លានរៀល ដល់ ២០លានរៀល ដោយ គណកម្មាធិការជាតិរៀបចំការបោះឆ្នោត ដោយពុំទាន់គិតដល់ទោសព្រហ្មទណ្ឌ ផ្សេងៗទៀតផង ។

ចំពោះជនណាដែលបានធ្វើសកម្មភាពទុច្ចរិត រារាំងដល់ការបោះឆ្នោត ដូចជាបង្កការអុកឡុក ធ្វើឱ្យបាត់ទំនុកចិត្តលើការ សម្ងាត់នៃ ការបោះឆ្នោត ធ្វើឱ្យមានការភាន់ច្រឡំបាត់ទំនុកចិត្តលើការបោះឆ្នោត បង្កការរំខានមិនឱ្យដំណើរការបោះឆ្នោតប្រព្រឹត្តិទៅបាន ធ្វើឱ្យខូចរបៀបរៀបរយនៅពេលបោះឆ្នោត បង្កការរំខានមិនឲ្យការរាប់សន្លឹកឆ្នោតដំណើរការទៅបានជាដើម ។

ថ្លែងទៅកាន់ថ្នាក់ដឹកនាំ មន្រ្តីរាជការរដ្ឋបាលខេត្តទាំងនោះ ឯកឧត្តមបណ្ធិត ឃឹម ប៊ុនសុង បញ្ជាក់ថា៖
ទាំងនេះ គឺជាការផ្តល់ជូននូវការយល់ជ្រាប អំពីច្បាប់នៃការបោះឆ្នោត សម្រាប់បុគ្គលិក មន្រ្តីរាជការ យកទៅអនុវត្តកាតព្វកិច្ច ជាពលរដ្ឋល្អ និងផ្សព្វផ្សាយបន្តជូនដល់មហាជនទូទៅ រួមគ្នាថែរក្សាបរិយាកាសនៃការបោះឆ្នោតជ្រើសតាំងសមាជិកសភា អណត្តិទី៦នេះ ឱ្យបានល្អប្រសើរ ព្រោះថា ការបោះឆ្នោតនេះ មានតម្លៃជាប្រវត្តិសាស្រ្តដល់ការថែរក្សាសន្តិភាព បន្តការអភិវឌ្ឍជាតិ ប្រកបដោយនិរន្តរភាព ឆ្ពោះទៅកាន់ចក្ខុវិស័យ នៃប្រទេសមានចំណូលមធ្យមកម្រឹតទាបនាពេលបច្ចុប្បន្ន ទៅជាប្រទេសដែល មានចំណូលមធ្យមកម្រឹតខ្ពស់ នាឆ្នាំ២០៣០ខាងមុខ និងត្រូវទទួលបានកិត្តិយសផងដែរ កម្ពុជា ជាអារិយប្រទេស ជឿនលឿនមួយនៅក្នុងតំបន់ ។

ក្នុងនោះដែរឯកឧត្តម បណ្ឌិតក៏បានលើកនូវប្រសាសន៍របស់សម្តេចតេជា ហ៊ុន សែន ដោយបញ្ជាក់ថា នឹងធ្វើការបើកនូវបៀវត្ស ជូនមន្ត្រីរាជការ ២សប្តាហ៍បើកម្តង នៅឆ្នាំ២០១៩ លុះត្រាគណបក្សប្រជាជនកម្ពុជា ទទួលបានជោគជ័យក្នុងការ បោះឆ្នោត អាណត្តិទី៦ ហើយមានសម្តេចតេជោ នៅតែបន្តការដឹកនាំប្រទេស។

ក្នុងនោះដែរឯកឧត្តមបណ្ឌិត ក៏បានធ្វើ ការផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការរដ្ឋបាលខេត្តទាំងអស់ ត្រូវធ្វើការពង្រឹងក្នុងការ បម្រើសេវាសាធារណៈជូន ប្រជាពលរដ្ឋឱ្យកាន់តែបានល្អទ្វេរឡើង ព្រមទាំងដឹកនាំក្រុមគ្រួសារ បងប្អូន ញាតិមិត្តជិតខាងខ្លួន ទៅបោះឆ្នោត នាថ្ងៃទី២៩ កក្កដា ខាងមុខ សំខាន់បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា មានលំដាប់លេខរៀងទី២០ ៕ដោយ៖ (ប៊ុន រិទ្ធី)

អត្ថបទដែលជាប់ទាក់ទង