ម៉ូតូស៊េរីទំនើបចំនួន២គ្រឿងត្រូវបានចោរលួចកាច់សោ យកបានសម្រេចទាំងព្រឹក

បាត់ដំបង៖សមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យបានកាច់សោម៉ូតូករណីទី១ បានកើតឡើងនៅវេលាម៉ោងប្រមាណ០៦:៥០នាទីព្រឹក ថ្ងៃទី១៣ ខែកក្តដា ឆ្នាំ២០១៨ ត្រង់ចំនុចផ្សារតាលាស់ ភូមិចុងប្រឡាយ ឃំុតាលាស់ និងករណីទី២ កើតឡើងនៅវេលាម៉ោងប្រមាណ៧:២០នាទីព្រឹកថ្ងៃដដែល នៅក្នុងចំណុចផ្សារកូនខ្លុង ភូមិព្រៃដំរី ឃំុព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង។

ករណីលួចកាច់សោបានសម្រេចដូចគ្នានេះបានកើតឡើងនៅពេលដែលម្ចាស់ម៉ូតូថតម៉ូតូប្រហែសទុកចោលហើយចូលទៅខាងក្នុងផ្សារដើម្បីទិញម្ហូប។

ជនរងគ្រោះមានឈ្មោះជា នឹប ភេទស្រី អាយុ៥៣ឆ្នាំ រស់នៅភូមិស្ទឹងថ្មី ឃំុតាលាស់ ម៉ូតូដែលបាត់ម៉ាកហុងដា C១២៥ ពណ៌ខ្មៅសេរី២០១៧ ពាក់ស្លាកលេខ បាត់ដំបង ១AA-៤៣៤៤ ចំណែកជនរងគ្រោះក្នុងករណីទី២ មានឈ្មោះជឿន សុផល ភេទស្រី អាយុ៤០ឆ្នាំ រស់នៅ ភូមិព្រៃដំរី ឃំុព្រៃតូច ម៉ូតូដែលបាត់ម៉ាកហុងដាC១២៥ ពណ៌ខ្មៅ ស៊េរី២០១៦ ពាក់ស្លាកលេខ បាត់ដំបង ៧៦៨៦ ។

ក្រោយទទួលបានពាក្យបណ្តឹងនគរបាលមូលដ្ឋានស្រុកមោងឫស្សីបាននិងកំពុងស្រាវជ្រាវកំណត់មុខសញ្ញាចាប់ខ្លួនជនសង្ស័យដើម្បីផ្តន្ទាទោសតាមច្បាប់៕

ដោយ: SR

អត្ថបទដែលជាប់ទាក់ទង