យុទ្ធនាការឃោសនារកសំឡេងឆ្នោត ជាលើកទី២ របស់បក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ អ្នកចូលរួមប្រមាណ១៥,០០០នាក់

រាជធានី​ភ្នំពេញ ៖ ក្នុង​ថ្ងៃ​បើកឆាក​ជាលើកទី២ នៃ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ របស់បក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ ដែលបានធ្វើការជួបជុំគ្នានៅកោះពេជ្រមានមហាជន សហជីព និងកម្មករចូលរួមប្រមាណ ១៥,០០០នាក់។

ក្បូនដង្ហែឃោសនាបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រខាងលើនេះ​ធ្វើឡើងនាព្រឹកថ្ងៃទី១៤កក្កដា ក្រោមការដឹកនាំពីលោក​ ប៉ា សុជាតិវង្ស ប្រធានគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ លោកឃួង ស្រេង អនុប្រធានគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ លោកអ៊ិត សំហេង និងថ្នាក់ដឹកនាំមួយចំនួនទៀត។

បើតាមការអោយដឹងពីក្រុមការងារដែលរៀបចំកម្មវិធីខាងលើនេះបានអោយដឹងថា ក្បូនដង្ហែឃោសនាបោះឆ្នោត​ជាលើកទី២ នេះចាប់ផ្តើមចេញដំណើរ​ពី​កោះ​ពេជ្រ​នៅ​ម៉ោង ៨ព្រឹក ដោយមានមហាជន សហជីព និងកម្មករចូលរួមប្រមាណ១៥០០០នាក់ ​ប្រើប្រាស់​រថយន្ត ជាង១០០គ្រឿង ម៉ូតូជាង៦០០០គ្រឿង។

ក្រុមការងារដដែរបានបន្តថា បើតាមតំរាយផ្លូវក្បូនដង្ហែចេញពីកោះពេជ្រ បត់ឆ្វេងឡើងផ្លូវសុធារស ទៅផ្លូវម៉ៅសេទុង បត់ស្តាំមកផ្លូវព្រះមុនីវង្ស មកដល់ស្តុបពេទ្យចិន បត់ឆ្វេងមកផ្លូវព្រះសីហនុ រួមបន្តបត់ឆ្វេងមករង្វង់មូលនាងគង្ហីង រួចបន្តមកផ្លូវឆេកូស្កូវ៉ាគី បត់មកផ្លូវកម្ពុជាក្រោម រួចបត់ទៅផ្លូវ២៧១ ចុះមកផ្លូវ៤៨៨ បត់ទៅផ្លូវព្រះមុនីវង្ស ហើយឡើងមកកោះពេជ្រវិញ ដើម្បីបញ្ចប់កម្មវិធី។

គួរបញ្ជាក់ផងដែរថា ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦នេះ មានគណបក្សនយោបាយចំនួន២០ ចូលរួមប្រកួតប្រជែង ហើយកាលពីថ្ងៃបើកឆាក​ដំបូង​នៃ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ជាមួយនិង​ការ​ប្រារព្ធ​ខួប​ទី​៦៧ នៃ​ខួបកំណើត​គណបក្ស​ប្រជាជន​កម្ពុជា ក៏បានជួបជុំ​និងរៀបចំ​ឡើងនៅ​មជ្ឈមណ្ឌល​ពិព័រណ៍​ និងសន្និសីទ​កោះ​ពេជ្រនេះដែរ កាលពីសប្តាហ៍មុន ដោយធ្វើឡើងក្រោមវត្តមានដ៏ខ្ពស់ខ្ពស់របស់សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ដោយមានការចូលរួមពីសមាជិក​ចូលរួម​ប្រមាណ​ជាង ៦ម៉ឺន​នាក់​ មកពី១២ខណ្ឌក្នុងរាជធានីភ្នំពេញ៕ (រូបភាព AhBoYz – អត្ថបទ​ នូ​ បូរ៉ា)

អត្ថបទដែលជាប់ទាក់ទង