អាជ្ញាធរខេត្តសម្រេចចាក់ដុំថ្មធំៗនៅត្រង់ចំណុចច្រាំងបាក់ ដើម្បីទប់ស្កាត់ការរាលដាលចូលចំណែកផ្លូវដោយសារជំនន់កាន់តែធ្ងន់ធ្ងរទៅៗ

បាត់ដំបង៖អាជ្ញាធរខេត្តបាត់ដំបងបង្ខំចិត្តសម្រេចប្រើប្រាស់ដុំថ្មទំហំធំរាប់តោនចាក់នៅត្រង់កន្លែងច្រាំងបាក់មុខមន្ទីរពេទ្យធំដើម្បីទប់ស្កាត់ការរាលដាលដីបាក់ចូល ចំណែកផ្លូវខេត្តដោយសារជំនន់កាន់តែធ្ងន់ធ្ងរជាច្រើនសារ។

គម្រោងសាងសង់របាំងថ្មទប់ដីមាត់ស្ទឹងសង្កែជាច្រើនរយម៉ែត្រមុខមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ឋិតតាមបណ្តោយផ្លូវលេខ១៥៦ ក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ​ ក្រុងបាត់ដំបង បានចាប់ផ្តើមសាងសង់តាំងពីដើមឆ្នាំ២០១៨មក បច្ចុប្បន្នបានផ្អាកដំណើរការសាងសង់ជាបណ្តោះអាសន្នហើយដោយសារជំនន់ទឹកភ្លៀងបានឡើងខ្ពស់សាងសង់លែងកើតថែមទាំងបានបង្កអោយរលំបាក់ដីនិងប៉ះពាល់ដល់ផ្លូវមួយកំណាត់យ៉ាងធ្ងន់ធ្ងរទៀតផង។

ការប៉ះពាល់ដ៏អាក្រក់នេះ ក្នុងការចុះពិនត្យស្ថានភាពច្រាំងស្រុតបាក់នៅល្ងាចថ្ងៃទី១៣ ខែកក្តដាកន្លងមកអាជ្ញាធរខេត្តបាត់ដំបង ឯកឧត្តម ងួន រតនះ បានបង្ខំចិត្តសម្រេចអោយក្រុមបច្ចេកទេសយកដុំថ្មធំៗជាច្រើនតោនមកចាក់បំពេញត្រង់កន្លែងបាក់ដីថ្នល់នេះដើម្បីកាត់បន្ថយការបាក់ច្រាំងកាន់តែខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ។

វិធានការបន្ទាន់យកដុំថ្មទំហំធំជាច្រើនតោនមកចាក់បំពេញត្រង់កន្លែងបាក់ដីថ្នល់នេះនិងចាប់ផ្តើមចាប់ពីថ្ងៃទី១៤ ខែកក្តដាដែលជាចំណែកមួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋឆ្លងកាត់លើកំណាត់ផ្លូវខេត្តមួយនេះអោយបានឆាប់រហ័សនិងមានភាពងាយស្រួលឡើងវិញ។

លោក ផេង សិទ្ធី អភិបាលក្រុងបាត់ដំបងបានបញ្ជាក់អោយដឹងដែរថា ទឹកស្ទឹងសង្កែម្តងឡើង ម្តងស្រកជាច្រើនសារនៅក្នុងអំឡុងចុងខែមិថុនានិងដើមខែកក្តដានេះបានបង្កអោយប៉ះពាល់យ៉ាងខ្លាំងលើគម្រោងសាងសង់របាំងថ្មទប់ដីមាត់ស្ទឹងសង្កែ មិនតែប៉ុណ្ណោះទឹកស្ទឹងបានបោកបុករហូតដល់បាក់ច្រាំងប្រមាណជាជាង១០០ម៉ែត្ររួមទាំងផ្លូវថ្នល់មួយចំណែកផ្សេងទៀតហើយបានធ្វើអោយអាក់ខានដល់កិច្ចដំណើរសាងសង់ច្រាំងទប់ទឹកកម្ពស់ខ្ពស់ខុសពីការគ្រោងទុកថែមទៀត៕

ដោយ : SR(SLH)

អត្ថបទដែលជាប់ទាក់ទង