អគ្គនាយកដ្ឋានកាំកុងត្រូល នៅតែបន្តយុទ្ធនាការត្រួតពិនិត្យតម្លៃប្រេងឥន្ធនៈទូទាំងប្រទេស

ភ្នំពេញ៖ កាលពីថ្ងៃសុក្រ ១កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ យុទ្ធនាការត្រួតពិនិត្យតម្លៃប្រេងឥន្ធនៈនៅតាមបណ្ដាស្ថានីយ និងដេប៉ូលក់ប្រេងឥន្ធនៈនានា នៅតែបន្តធ្វើឡើងដោយមន្ត្រីរបស់អគ្គនាយកដ្ឋានកម្ពុជាត្រួតពិនិត្យទំនិញនីហរ័ណ អាហរ័ណ និងបង្រ្កាបការក្លែងបន្លំ (កាំកុងត្រូល) នៃក្រសួងពាណិជ្ជកម្ម ដើម្បីពង្រឹងប្រសិទ្ធភាព នៃការអនុវត្តន៍បទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានឯកភាពឲ្យមានការបញ្ចុះតម្លៃប្រេងឥន្ធនៈ ១៦០រៀល/លីត្រ ពោលគឺ ៣,៩៥០រៀល សម្រាប់ប្រេងសាំងធម្មតា និង៣,៧៥០រៀល សម្រាប់ប្រេងម៉ាស៊ូត។

យុទ្ធនាការនេះ មន្ត្រីរបស់អគ្គនាយកដ្ឋានកាំកុងត្រូល បានចុះទៅកាន់ស្ថានីយ និងដេប៉ូលក់ប្រេងឥន្ធនៈមួយចំនួនក្នុងរាជធានីភ្នំពេញ ដែលមានដូចខាងក្រោម៖

+ រាជធានីភ្នំពេញ៖ មន្ត្រីសាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ សាខាកំពង់ផែអន្តរជាតិភ្នំពេញ និងនាយកដ្ឋានកិច្ចការការពារអ្នកប្រើប្រាស់ បានចុះទៅត្រួតពិនិត្យ និងណែនាំស្ថានីយប្រេងបានចំនួន ១៧ទីតាំង នៅក្នុងខណ្ឌមួយចំនួន នៃរាជធានីភ្នំពេញ។

ចំពោះស្ថានីយ និងដេប៉ូលក់ប្រេងឥន្ធនៈ ដែលបានរកឃើញមានបញ្ហាជាមួយតម្លៃប្រេង មន្ត្រីរបស់អគ្គនាយកដ្ឋានកាំកុងត្រូល បានធ្វើការសម្របសម្រួល និងណែនាំដល់ម្ចាស់ស្ថានីយទាំងអស់នោះ ធ្វើការកែប្រែតម្លៃប្រេងភ្លាមៗ ទៅតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល និងសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ដើម្បីរួមចំណែកដោះស្រាយការលំបាក និងជួយសម្រួលជីវភាពរស់នៅ របស់ប្រជាពលរដ្ឋទូទាំងប្រទេស៕

Na Rom

អត្ថបទដែលជាប់ទាក់ទង