អ្នកឃុំដូនកែវនឹងទទួលបានស្ពានបេតុងថ្មីជាចំណងដៃពីអាជ្ញាធរជាតិអប្សរា

ខេត្តសៀមរាប៖ ដោយមើលឃើញពីទុក្ខលំបាកក្នុងការធ្វើដំណើររបស់ប្រជាជនក្នុងឃុំដូនកែវ ស្រុកពួក ដែលត្រូវធ្វើដំណើរកាត់ ស្ពានចាស់ទ្រុឌទ្រោម ឆ្លងមកក្រុងសៀមរាប អាជ្ញាធរជាតិអប្សរា បានស្ថាបនាស្ពានបេតុងថ្មី ដើម្បីជាប្រយោជន៍ដល់អ្នកឃុំដូនកែវ ទាំងមូល។

ស្ពានបេតុងថ្មីនេះ នឹងសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុងឃុំដូនកែវ ទាំងរដូវប្រាំង និងវស្សា។អស់ជាច្រើន ឆ្នាំមកហើយ ដែលអ្នកឃុំដូនកែវ បានប្រើប្រាស់ស្ពានឈើមួយកន្លែង ដែលឆ្លងកាត់អូរដំរីស្លាប់ កាត់តាមផ្លូវលើខ្នងបារាយណ៍ខាងលិច មកកាន់ក្រុងសៀមរាប។

ស្ពានឈើមានសភាពទ្រុឌទ្រោម ហើយការធ្វើដំណើរមិនអំណោយផលទេក្នុងរដូវវស្សា ដោយសារទឹកជន់លិចខ្លាំង និងពេលខ្លះលិចភូមិដែលនៅជាប់នោះផង។

លោក រ៉ម វិចិត្រ បុគ្គលិកបច្ចេកទេសនាយកដ្ឋានគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា៖
ស្ពានបេតុងថ្មីនេះ គឺភ្ជាប់ពីឃុំដូនកែវ ទៅក្រុងសៀមរាប។

លោកបន្ថែមថា៖ ស្ពានចាស់មានទំហំតូច ហើយការធ្វើដំណើរក្នុងរដូវវស្សាមានភាពលំបាកនិងអាចគ្រោះថ្នាក់បើនៅបន្ដប្រើប្រាស់ ជាបន្តទៀត។

ក្នុងពេលចុះពិនិត្យការដ្ឋានសាងសង់នៅថ្ងៃទី១៣ ខែកក្កដា លោក វិចិត្រ ពន្យល់ថា៖ ស្ពានបេតុងថ្មីនេះគឺឆ្លងកាត់ប្រឡាយរំដោះទឹកជំនន់ពីក្រុងអង្គរ ក្រុងសៀមរាប ទៅស្ទឹងពួក និងស្ទឹងព្រះស្រុក។ ដោយសារស្ពានតូច ធ្វើឱ្យមាត់ប្រឡាយរួមតូច ដូច្នេះពេលភ្លៀងខ្លាំងមានជំនន់ទឹកភ្លៀងតែងជន់លិចភូមិក្បែរៗនោះជានិច្ច។ការស្ថាបនាស្ពានថ្មីនេះ អាជ្ញាធរជាតិអប្សរាបានស្ដារ និងពង្រីកមាត់ប្រឡាយ ដើម្បីសម្រួលចរន្តទឹក និងអាចរំដោះទឹកបានលឿនជាងពេលមុនៗ។

សូមបញ្ជាក់ថា៖ ស្ពានបេតុងថ្មីខាងលើចាប់ផ្តើមសាងសង់នៅចុងខែ មិថុនា ឆ្នាំ២០១៨ ដោយគ្រោងនឹងបញ្ចប់នៅរយៈ ពេល៣ខែ បន្ទាប់។ ស្ពាននេះមានប្រវែង ២៤ម៉ែត្រ និងទទឹង ៣,៥ម៉ែត្រ៕ដោយ៖ (BRT)

អត្ថបទដែលជាប់ទាក់ទង