ប្រជាពលរដ្ឋនៅកោះប៉ែនរីករាយជាមួយទិន្នផលផ្លែក្រូចថ្លុងនិងមានទីផ្សារល្អ

កំពង់ចាម៖ គ្រួសារប្រជាពលរដ្ឋរស់នៅលើកោះប៉ែន មានដើមក្រូចថ្លុងពី ៣០ ទៅ ជាង ១០០ ដើម ស្ទើរគ្រប់លំនៅឋាន នៃភូមិចំនួន ប្រាំបួន របស់ឃុំកោះមិត្ត ស្រុកកំពង់សៀម ខេត្តកំពង់ចាម ដោយមានមោទនភាពយ៉ាងខ្លាំងលើការផ្តល់ផល ពីដើមរដូវនេះមានតម្លៃទីផ្សារល្អពោល គឺមានឈ្មួញប្រមូលទិញយកមធ្យោបាយដឹកជញ្ជួនដល់ខាងក្រោមដើមតែម្តង។

លោក ស៊ូ ផា អាយុ ៧២ ឆ្នាំនៅភូមិកោះចាស់ នៃតំបន់កោះប៉ែនបានឱ្យដឹងនៅថ្ងៃទី ៣០ កក្កដា ឆ្នាំ២០១៨ ថា ផ្លែក្រូចថ្លុងទើបបានចាប់ផ្តើមទុំឱ្យផលជាបណ្តើរៗ ពិសេសផ្លែក្រូចថ្លុងប្រភេទទន្ទឹមចាប់ពីផ្កា ផ្លែ ដល់ប្រមូលផលទុំចំនួន ប្រាំមួយ ខែ និងប្រភេទក្រូចថ្លុងផ្អែមចំនួន ប្រាំពីរ ខែ។ ជាទូទៅក្រូចទាំងពីរប្រភេទនេះផ្តល់ផលពេញបន្ទុកចន្លោះចាប់ពីខែកញ្ញា ដល់ខែធ្នូ។

ម្ចាស់ចម្ការក្រូចបានឱ្យដឹងទៀតថា៖ ចម្ការក្រូចថ្លុងលោកមានដីទទឹង ២៥ ម៉ែត្រ និងបណ្តោយជិត ៣០០ ម៉ែត្រ គឺបានដំណាំចម្រុះដាំលាយជាច្រើនមុខជាមួយផងនោះ មានដើមរបស់វា ចាប់ពីអាយុ ១ឆ្នាំ ដល់ ២០ឆ្នាំ ចំនួនជាង ១០០ ដើម។ ក្នុងនោះមានដើមក្រូចផ្តល់ផលចំនួន ៦០ ភាគរយ គឺរយៈពេលពី ១៥ ទៅ ៣០ ថ្ងៃ អាចប្រមូលផលជាផ្លែក្រូចទុំពី ១០ ទៅ ៣០ ឡូ ស្មើនឹង ១២០ ទៅ ៣៦០ ផ្លែក្នុងមួយលើក។

លោក ស៊ូ ផា ជាអ្នកក្រូចថ្លុងច្រើនជាងគេក្នុងភូមិកោះចាស់នេះបានបន្តថា ៖ ដល់រដូវទុំមែនទែន គឺទុំព្រមគ្នាបេះមួយលើកចាប់ពី ១០០ ទៅ ៣០០ ឡូ ដោយមានឈ្មួញប្រើមធ្យោបាយដឹកជញ្ជួនជារ៉ឺម៉កម៉ូតូ និងរថយន្តមកប្រមូលទិញបេះខ្លួនឯងដល់ចម្ការ រយៈពេលពីរឆ្នាំចុងក្រោយនេះ គឺចាប់ពីមានស្ពាន និងផ្លូវបេតុងខ្វែងខ្វាត់នៅលើទឹកដីកោះប៉ែននេះ។

លោក វ៉ែន នាង មេឃុំកោះមិត្តបានឱ្យដឹងដែរថា មានភូមិចំនួន ប្រាំពីរ :ទី១ .ភូមិកោះប៉ែន«ក» ទី២. ភូមិកោះប៉ែន«ខ» ទី៣. ភូមិកោះប៉ែន « គ» ទី៤. ភូមិកោះចាស់ ទី៥. ភូមិកោះដាច់ ទី៦. ភូមិកោះកំពង់ត្រុំលើ និងទី៧.ភូមិកោះព្រលូង គឺមានចំនួន ១.៤០០ គ្រួសារ ដែលគ្រួសារនីមួយៗមានដាំដំណាំក្រូចថ្លុងចាប់ ៣០ ទៅ ជាង១០០ ដើម ដោយមានភូមិស្វាយជ្រុំ និងភូមិកោះកំពង់ត្រុំក្រោម ជាដីទំនាបជាងគេនៅមិនទាន់អាចដំាដំណាំមួយនេះបានដូចគេ៕ដោយSS5(CSC)

អត្ថបទដែលជាប់ទាក់ទង