ជំនន់ទឹកភ្លៀងបង្កឱ្យដំណាំស្រូវខូចខាតទាំងស្រុងហូតដល់ជិត៣០០០ហិកតា

បាត់ដំបង៖ យោងតាមរបាយការណ៍របស់គណៈកម្មាធិការគ្រោះមហន្តរាយខេត្តបាត់ដំបងក្នុងឱកាសអាជ្ញាធរខេត្តនិងមន្ត្រីពាក់ព័ន្ធចុះពិនិត្យមើលស្ថានភាពស្រូវដែលទទួលរងការលិចលង់ខូចខាតក្នុងស្រុកឯកភ្នំ កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៨ បានបង្ហាញថាទឹកភ្លៀងធ្លាក់ជាប់ៗគ្នាប៉ុន្មានថ្ងៃកន្លងមកនេះបានបង្កឱ្យដំណាំស្រូវបង្កើនរដូវរបស់កសិករនៅតាមបណ្តាស្រុកជាប់ដែនទឹកមួយចំនួនក្នុងខេត្តបាត់ដំបងរងការប៉ះពាល់ ដូចជាស្រុកសង្កែ ស្រុកមោងឫស្សី ស្រុកថ្មគោល ស្រុកបវេល និងស្រុកមួយទៀតធ្ងន់ធ្ងរខ្លាំងជាងគេគឺស្រុកឯកភ្នំ ដែលបង្កឱ្យប៉ះពាល់ដំណាំស្រូវសរុបចំនួន៣៨០៨ហិកតា ក្នុងនោះបណ្តាលឱ្យខូចខាតទាំងស្រុងអស់ចំនួន២៧៤៩ហិកតា គិតត្រឹមថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៨ កន្លងមកនេះ។

លោក ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទខេត្តបាត់ដំបងបានឱ្យដឹង ទូទាំងខេត្តបាត់ដំបង មានផ្ទៃដីដាំដុះសរុបចំនួន ១១១.៤៧៦ ហិកតា ដោយក្នុងស្រុកឯកភ្នំ រងការខូចខាតធ្ងន់ធ្ងរសរុបចំនួន២៧៤៩ហិកតា មានឃុំខ្ពបខូចស្រូវទាំងស្រុងចំនួន៤៤៣ហិកតា ឃុំព្រែកនរិន្ទខូចខាតទាំងស្រុងចំនួន១០៩២ហិកតា និង ឃុំព្រែកហ្លួង ស្រូវខូចខាតទាំងស្រុងអស់ចំនួន១២១៤ហិកតា។

ក្នុងចំណោមផលប៉ះពាល់ខាងលើនេះក៏បង្កឱ្យប្រជាកសិករចំនួន១៣៥៨គ្រួសារជួបការលំបាកនិងត្រូវការស្រូវពូជបន្ថែមដើម្បីបន្តការបង្កបង្កើនផលនៅរដូវខាងមុខទៀត៕ដោយVSK(CSC)

អត្ថបទដែលជាប់ទាក់ទង