ម៉ែចាស់​ របស់ពេជ្រ ថៃ​ បានទទួលមរណៈភាព​ចោលពេជ្រថៃហើយ ក្នុ​ង​ជន្មាយុ​៧៧ឆ្នាំ​ ដោយ​ជរាភាព

ហ្វេសប៊ុក​ ៖ ប្រិយមិត្តប្រាកដជាជ្រាបពីជីវិតដ៏កម្សត់របស់ តារាចម្រៀងវ័យក្មេង និងជាម្ចាស់ពានរង្វាន់រដូវកាលដំបូង ពេជ្រ ថៃ ហើយថា ប្អូនបានរស់នៅជាមួយនឹងលោកយាយតាំងពីតូចរហូតដល់ធំដឹងក្តី មានការគិតជ្រៅជ្រះ អ្នកណាក៏សរសើរ ស្របពេលដែលមិនដែលបានទទួលបានភាពកក់ក្តៅ ពីម្តាយអស់ពេលជាច្រើនឆ្នាំ។

យ៉ាងណាមិញ ក្នុងរយៈពេលជាច្រើនឆ្នាំ ទោះបីមិនសូវបាននៅចិត្តម្តាយ តែពេជ្រ ថៃ មានការចេះដឹង និយាយស្តីដឹងខុសត្រូវមិនចាញ់មនុស្សធំនោះទេ ទាំងនេះបានដោយសារតែលោកយាយជាទីស្រលាញ់របស់ប្អូន បានបង្ហាត់បង្រៀន ណែនាំឲ្យដើរផ្លូវល្អ។

ជាក់ស្តែង នៅក្នុងទំព័រហ្វេសប៊ុកផ្លូវការ របស់តារាវ័យក្មេងរូបនេះ បានបង្ហោះសារកំណាព្យមួយដែលមានអត្ថន័យយ៉ាងជ្រាលជ្រៅ ដែលប្អូនបានតែងដោយខ្លួនឯង ជូនទៅលោកយាយជាទីស្រលាញ់ ដែលប្អូនតែងតែហៅថា «ម៉ែចាស់»នោះ តែនៅយប់ថ្ងៃទី០៦ ខែសីហា​ ឆ្នាំ២០១៨នេះ ម៉ែចាស់​ របស់ពេជ្រ ថៃ​ បានទទួលមរណៈភាព​ចោលពេជ្រថៃហើយ ក្នុ​ង​ជន្មាយុ​៧៧ឆ្នាំ​ ដោយ​ជរាភាព​ ដែលធ្វើឲ្យ​ពេជ្រ ថៃ ត្រហ៊ោយំ ឱបសពយាយនឹកទាំង​អាឡោះអាល័យម៉ែចាស់យ៉ាងខ្លាំង​។

ពិតជាមានអារម្មណ៍ក្តុកក្តួលនិងអាណិតលោកយាយ​ និងពេជ្រ ថៃ ខ្លាំងណាស់!

មជ្ឈមណ្ឌល​ព័ត៌មានកម្ពុជាទាន់ហេតុការណ៍​ CHN​ សូមលើកយកពី​ជីវប្រវត្តិ​ពិត របស់ពេជ្រ​ ថៃ ​ចែករំលែក​ជូនបងប្អូន អោយជ្រាបជាដំណឹងថា ពិត​ជា​កម្សត់​ណាស់ ព្រោះ ពេជ្រ ថៃ ត្រូវ​ឪពុក​ម្ដាយ​ទៅ​ធ្វើការ​​នៅ​ប្រទេស​ថៃ​ចោល​បាត់ ហើយ​ឪពុក​នោះ​មាន​ឈ្មោះ ពេជ្រ ទើប​មាន​កូន​ដាក់​ឈ្មោះ ពេជ្រ ថៃ ដើម្បី​រំឭក​ពី​ជីវិត​តស៊ូ។

លោក​យាយ ហូ ហុម ដែល​មាន​អាយុ៧៧ឆ្នាំ​ទៅ​ហើយ និង​កំពុង​រស់នៅភូមិជ្រៃ១ ឃុំជ្រៃ ស្រុកមោងប្ញស្សី ខេត្ត​បាត់​ដំបង គឺ​ជា​ជីដូន​បង្កើត​របស់​កុមារ ពេជ្រ ថៃ ហើយ​ក៏​ជា​អ្នក​ចិញ្ចឹម​បី​បាច់​ថែរក្សា​កុមារ​នេះ​ឲ្យ​ធំ​ដឹង​ក្ដី រហូត​បាន​ចូល​ប្រឡង​ចម្រៀង​កម្មវិធី​លំដាប់​ថ្នាក់​ពិភពលោក The Vocie Kids Cambodia។

លោក​យាយ​បាន ប្រាប់​ថា កូន​ស្រី​ទី២ របស់​លោក​យាយ មាន​ជីវភាព​ខ្វះ​ខាត​ខ្លាំង ត្រូវ​ពឹង​លើ​កម្លាំង​រក​ស៊ី និង​ធ្វើ​ការ​ដល់​ប្រទេស​ថៃ​ឯណោះ។ កូន​ស្រី​ទី២ របស់​លោក​យាយ​នេះ បង្កើត​បាន​កូន ២​នាក់ ដោយ​ក្នុង​នោះ​កូន​ស្រី​ច្បង​មាន​ប្ដី​ហើយ នៅ​ឡើយ ពេជ្រ ថៃ ជា​ក្មេង​រៀន​ថ្នាក់​ទី៧ ហើយ​ក៏​ជា​ក្មេង​កម្សត់ ដែល​មិន​បាន​ជួប​ឪពុក​ម្ដាយ​ច្រើន​ដូច​ក្មេង​ដទៃ​ឡើយ។

មុន​កើត ពេជ្រ ថៃ ប្ដី​ប្រពន្ធ​ដ៏​ក្រខ្សត់ បាន​នាំ​គ្នា​ផ្សង​ព្រេង​ទៅ​ធ្វើ​ការ​នៅ​ថៃ លុះ​មាន​ផ្ទៃ​ពោះ ទើប​ត្រលប់​មក​ស្រុក​វិញ។ បាន​ត្រឹម ៣​ថ្ងៃ​ប៉ុណ្ណោះ ក៏​បង្កើត​បាន​កូន​ប្រុស​ម្នាក់ ប៉ុន្តែ​បំណាច់​កើត​មក​ជា​អ្នក​ក្រ ត្រូវ​ប្រឹង​ត្រដរ​ត្រលប់​ទៅ​ធ្វើ​ការ​នៅ​ថៃ​វិញ​ទាំង​កូន​ខ្ចី គឺ​ក្រោយ​បង្កើត​កូន​បាន ១០​ថ្ងៃ​ប៉ុណ្ណោះ។ ចំណែក ពេជ្រ ថៃ នៅ​ជាមួយ​ជីដូន ធំ​ធាត់​ដោយ​គុណ​ទឹក​ដោះ​គោ។

ដោយ​សារ​ជីវិត​កម្សត់ ឪពុក​ឈ្មោះ ពេជ្រ និង​រំឭក​ទៅ​ដល់​វាសនា​កម្មករ​នៅ​ថៃ ដែល​អាច​ប្រសូត​បាន​កូន​ប្រុស​ជា​តំណក់​ឈាម ទើប​គ្រួសារ​សម្រេច​ដាក់​ឈ្មោះ ពេជ្រ ថៃ។ លោក​យាយ ហូ ហុម បាន​ប្រាប់​ទៀត​ថា ចៅ​ប្រុស​របស់​លោក​យាយ លុះ​ធំ​ដឹង​ក្ដី ក៏​កើត​ការ​នឹក​រឭក​ដល់​ឪពុក​ម្ដាយ និង​ត្រាប់​សំឡេង​តាម​លោក​តា ស៊ីន ស៊ីសាមុត រហូត​ច្រៀង​បាន​យ៉ាង​កម្សត់​តាម។

ដោយ​ឃើញ​មាន​ដុង ទាំង​គ្មាន​ជាប់​សែ​ស្រឡាយ​អ្នក​សិល្បៈ​បែប​នេះ លោក​យាយ ក៏​ជម្រុញ​បន្ថែម ឲ្យ​រៀន​សូត្រ​កាន់​តែ​ខ្ពស់ ចេះ​ដឹង​ខុស​ត្រូវ ចេះ​គោរព​ចាស់​ទុំ។ ក្រោយ​មក​មាន​ការ​ប្រកាស​ប្រឡង The Vocie Kids Cambodia លោក​យាយ​ក៏​បាន​រក​អ្នក​ជួយ​ចូក​ជួយ​ចែវ ដាក់​ឈ្មោះ​ប្រឡង និង​ល្បី​ឈ្មោះ​ដូច​រាល់​ថ្ងៃ៕ ​អត្ថបទដោយ AhBoYz

អត្ថបទដែលជាប់ទាក់ទង