ទស្សនៈកូនខ្មែរ៖ តួនាទីរបស់បញ្ញវន្ដកម្ពុជា

ទស្សនៈកូនខ្មែរ៖ នៅប្រទេសកម្ពុជា ឥទ្ធិពលនៃទ្រឹស្ដីសេរីនិយមនិងទ្រឹស្ដីសង្គមនិយមបានជះយ៉ាងខ្លាំងដល់ស្មារតីរបស់ប្រជាជនគ្រប់ស្រទាប់វណ្ណៈតាំងពីសម័យអាណានិគមនិយមបារាំងរហូតមកដល់សព្វថ្ងៃ។ ទ្រឹស្ដីទាំងនេះស្ថិតនៅលាយឡំជាមួយទ្រឹស្ដីជាតិនិយមដែលជារបស់ខ្មែរពិតប្រាកដ។ ជួនកាលយើងបានតម្កល់ទ្រឹស្ដីជាតិនិយមធំជាងទ្រឹស្ដីដទៃទៀត។ នៅពេលដែលទ្រឹស្ដីជាតិនិយមខ្ពស់ត្រដែតឡើង ប្រទេសយើងមានសាមគ្គីភាពយ៉ាងទូលំទូលាយប្រកបដោយសេចក្ដីសប្បាយរុងរឿង។ ប៉ុន្ដែជួនកាលទ្រឹស្ដីសេរីនិយមឬទ្រឹស្ដីសង្គមនិយមលេចធ្លោឡើងបណ្ដាលឱ្យទ្រឹស្ដីជាតិនិយមរួញតូចទៅវិញ។

ក្នុងករណីដែលទ្រឹស្ដីជាតិនិយមរួញតូចបែបនេះ ការបែកបាក់ប្រះឆារវាងខ្មែរនិងខ្មែរតែងមានទំហំធំឡើង ព្រោះទំនាស់តែងកើតឡើងយ៉ាងខ្លាំងដោយម្ខាងផ្អែកលើទ្រឹស្ដីសេរីនិយម ហើយម្ខាងទៀតផ្អែកលើទ្រឹស្ដីសង្គមនិយម។ រីឯលទ្ធផលដែលបានទទួល គឺយើងបរាជ័យទាំងអស់គ្នា ពោលគឺខ្មែរយើងជួបប្រទះនឹងមហន្ដរាយយ៉ាងធ្ងន់ធ្ងរ។ យើងអាចនិយាយថា អត្ដសញ្ញាណជាតិត្រូវធ្លុះធ្លាយ ព្រោះខ្មែរឈ្លោះជាមួយខ្មែរ បង្ហូរឈាមខ្មែរគ្នាឯង។ សង្គ្រាមដែលកើតឡើងជិត៣០ឆ្នាំមកហើយនេះមិនមែនជាសង្គ្រាមពូជសាសន៍ឬសង្គ្រាមសាសនាឬសង្គ្រាមភាសាទេ តែជាសង្គ្រាមរវាងបក្សពួកនិងបក្សពួក ព្រោះតែប្រកាន់ទ្រឹស្ដីខុសគ្នា ទទួលមនោគមវិជ្ជាខុសគ្នា ដើម្បីការពារផលប្រយោជន៍រៀងៗខ្លួន ដោយបណ្ដោយឱ្យមនោគមវិជា្ជជាតិលិចបាត់ទៅ។

មតិល្អៗដែលហូរចេញពីទ្រឹស្ដីទាំងអស់ ទាំងខាងទ្រឹស្ដីសេរីនិយម ទាំងខាងទ្រឹស្ដីសង្គមនិយម ដូចជាសិទ្ធិ សេរីភាព ប្រជាធិបតេយ្យ យុត្ដិធម៌ សមធម៌ នីតិរដ្ឋ ….ល…. គ្រាន់តែជាការលួងលោមបបោសអង្អែលស្មារតីប្រជាជនមួយគ្រាៗប៉ុណ្ណោះ។ តាមពិតក្នុងការអនុវត្ដជាក់ស្ដែង បញ្ញត្ដិទាំងនេះពុំសូវមានន័យឡើយ ហើយរឹតតែគ្មានន័យថែមទៀតនៅក្នុងចុងរបបសាធារណរដ្ឋដែលដឹកនាំដោយ លន់ នល់ និងរបបប្រល័យពូជសាសន៍ដែលដឹកនាំដោយ ប៉ុល ពត មានន័យថាការកាប់សម្លាប់ប្រជាជនមានសកម្មភាពខ្លាំងនៅក្នុងរបបទាំងពីរនេះ។

តើនរណាជាអ្នកការពារទ្រឹស្ដីជាតិនិយម ? តើនរណាជាអ្នកទទួលយកទ្រឹស្ដីសេរីនិយម ? តើនរណាជាអ្នកទទួលយកទ្រឹស្ដីសង្គមនិយម ? គឺយើងទាំងអស់គ្នាដែលក្នុងនោះមានបញ្ញវន្ដរួមចំណែកផងដែរ ជាពិសេសបញ្ញវន្ដនយោបាយ។

បញ្ញវន្ដជាស្រទាប់សង្គមមួយដែលមានការយល់ដឹងខ្ពស់ ដែលច្រើនទទួលយកទ្រឹស្ដីទាំងនោះ មុនវណ្ណៈដទៃទៀត។ ហេតុនេះ យើងអាចនិយាយថា បញ្ញវន្ដពិតជាបានរួមចំណែកលើកតម្កើងមនោគមវិជា្ជជាតិឬលើកតម្កើងមនោគមវិជ្ជាផ្សេងៗទាំងសេរីនិយម ទាំងសង្គមនិយម។ បច្ចុប្បន្នកាលនេះ បញ្ញវន្ដត្រូវទទួលខុសត្រូវចំពោះវាសនាប្រទេសជាតិ ដោយរួមចំណែកយ៉ាងខ្លាំងក្នុងការលើកតម្កើងអរិយធម៌ វប្បធម៌ជាតិ ដើម្បីបុព្វហេតុរួមមួយ គឺសេចក្ដីរុងរឿងនៃមាតុភូមិ។

អំណះអំណាងទាំងនេះ មិនមែនមានន័យថា  យើងអាចទប់ស្កាត់មិនឱ្យមនោគមវិជ្ជាផ្សេងៗហូរចូលមកបានឡើយ តែបញ្ហាសំខាន់គឺត្រូវចេះកែច្នៃយកកត្ដាសកម្មនៃមនោគមវិជ្ជាទាំងនោះ ដើម្បី  បម្រើឱ្យមនោគមវិជ្ជាជាតិយើង។ យើងមិនគួរទទួលយកមនោគមវិជ្ជានោះទាំងដុលមកប្រើប្រាស់ក្នុងប្រទេសយើងឡើយ។

នេះជាការងារមួយយ៉ាងលំបាកស្មុគ្រស្មាញបំផុតនៅក្នុងជីវិតរស់នៅប្រចាំថ្ងៃ ព្រោះជាធម្មតា បញ្ញវន្ដសុទ្ធសាធច្រើនតែជាមនុស្សដែលគ្មានអំណាចនិងគ្មានកម្លាំងគ្រប់គ្រាន់ក្នុង ដំណោះស្រាយបញ្ហា។ គេពុំមានលទ្ធភាពគ្រប់គ្រាន់ក្នុងការជជែកវែកញែករកខុសត្រូវ ដើម្បីសេចក្ដីរីកចម្រើនរួម។

ប៉ុន្ដែទោះយ៉ាងណាក៏ដោយ ក៏គ្មានប្រទេសណាមួយដែលឥតត្រូវការបញ្ញាពលកម្មដែរ។ ឯអ្នកប្រើបញ្ញាពលកម្មនេះ គឺបញ្ញវន្ដ។ គេចាត់ទុកបញ្ញវន្ដជា “បេះដូង” ដែលជាទីតាំងយ៉ាងសំខាន់នៃឈាមដែលត្រូវចែកចាយដល់សព្វសរសៃទាំងអស់នៅក្នុងសារព៌ាង្គកាយ។

និយាយពីតួនាទីយ៉ាងសំខាន់នៃបញ្ញវន្ដក្នុងការកសាងមាតុភូមិកម្ពុជា មិនមែនមានន័យថាបំភ្លេចចោលតួនាទីកំណត់បំផុតនៃវណ្ណៈកសិករនិងវណ្ណៈកម្មករឡើយ។ ម្យ៉ាងទៀតមូលធនិក ពាណិជ្ជករនិងឈ្មួញតួចតាចសុទ្ធសឹងមានសារៈប្រយោជន៍ដល់សង្គមជាតិ។ បញ្ញវន្ដម្នាក់ឯងមិនអាចកសាងសង្គមជាតិបានឡើយ។

ប៉ុន្ដែមាតុភូមិនឹងមានសក្ដានុពលភាពខ្លាំងក្លា ប្រសិនបើមាតុភូមិនោះសម្បូរទៅដោយប្រជាពលរដ្ឋដែលមានសមត្ថភាពខ្ពង់ខ្ពស់ទាំងខាងវិទ្យាសាស្ដ្របច្ចេកទេស  ទាំងខាងសីលធម៌រស់នៅ គឺមានធនធានមនុស្សដ៏សមស្របមួយដែលគួរឱ្យជឿទុកចិត្ដ។ ឯប្រភពដែលបង្កើតធន ធានមនុស្សគឺបញ្ញាជននោះឯង។

កម្ពុជាដែលកំពុងស្ថិតនៅក្នុងស្ថានភាពដែលមានលំហូរចូលមកច្រើននៃមនោគមវិជ្ជាបរទេស ពិតជាត្រូវការបញ្ញវន្ដដែលមានមុខវិជ្ជាឯកទេសជ្រៅជ្រះដែលមានសីលធម៌រស់នៅស្អាតស្អំដែលប្រកាន់គោលជំហរអព្យាក្រិត ក្នុងការត្រួសត្រាយមាគ៌ាសម្រាប់ឱ្យប្រជាជាតិធ្វើដំណើរតាម។

ហេតុនេះ ការចងក្រងបញ្ញវន្ដតាមជំនាន់ គឺជាការចាំបាច់សម្រាប់ជាពន្លឺដល់ពលករផ្សេងៗទៀតនៅក្នុងសង្គម។ នេះមិនមែនជាតម្រូវការអត្ដនោម័តរបស់បុគ្គលទេ តែជាតម្រូវការបរានុម័តរបស់សង្គមទាំងមូល ទោះបីចង់បានក្ដីឬមិនចង់បានក្ដី។ ការចងក្រងបញ្ញវន្ដជាប្រព័ន្ធ គឺដើម្បីឱ្យបញ្ញវន្ដធ្វើសំយោគចំពោះទស្សនៈប្លែកៗរបស់បញ្ញវន្ដអន្ដរជាតិដោយឆ្លុះបញ្ចាំងទស្សនៈនោះមកលើសង្គមកម្ពុជានិងលើកគោលការណ៍រួមមួយ ដើម្បីមាតុភូមិកម្ពុជា។ គោលការណ៍រួមនោះត្រូវគិតទាំងខាងបរិមាណនិងគុណភាពវិទ្យាសាស្ដ្រ បច្ចេកទេសនិងគិតទាំងខាងបរិមាណនិងគុណភាពសីលធម៌វិជ្ជាជីវៈ ដោយរួមចំណែកបណ្ដុះបណ្ដាលបុគ្គលិកលក្ខណៈនៃមនុស្សកម្ពុជាឱ្យសក្ដិសមជាពលរដ្ឋថ្លៃថ្នូរក្នុងសង្គមជាតិ។

បញ្ញវន្ដគួរធ្វើជាស្ពានសម្រាប់តភ្ជាប់រដ្ឋាភិបាលនិងប្រជាជនខាងផ្នែកអប់រំ វិទ្យាសាស្ដ្រ បច្ចេកទេសនិងសីលធម៌។ ហេតុនេះ បញ្ញវន្ដត្រូវប្រុងប្រយ័ត្នបំផុតចំពោះទ្រឹស្ដីដែលខ្លួនបានលើកឡើង ព្រោះទ្រឹស្ដីមួយចំនួនអាចឈានបង្កចលាចលដល់សង្គមជាតិ។

បច្ចុប្បន្ន សាកលវិទ្យាល័យឥន្ទ្រវិជ្ជា ដែលជាស្ថាប័នដ៏សំខាន់មួយក្នុងការប្រមូលផ្តុំដោយបញ្ញវន្តជាតិទាំងក្នុងប្រទេសនិងក្រៅប្រទេសកំពុងបំពេញការងារដ៏មានអត្ថប្រយោជន៍នេះ ក្នុងឋានៈជាមជ្ឈមណ្ឌលបណ្តុះបណ្តាលឥស្សរជនរបស់ជាតិទាំងកម្រិតឧត្តមសិក្សា និងក្រោយឧត្តមសិក្សា។

អត្ថបទ៖ បណ្ឌិត ជា មុនីឫទ្ធិ

 

អត្ថបទដែលជាប់ទាក់ទង