ទស្សនៈកូនខ្មែរ៖ វប្បធម៌សន្ដិភាពនៅក្នុងស្មារតីទៅដល់វប្បធម៌សន្ដិភាពនៅក្នុងការប្រតិបត្ដិ

ទស្សនៈកូនខ្មែរ៖ ពិតណាស់ អ្វីដែលស្ដែងចេញជាសកម្មភាពជាក់ស្ដែង គឺសុទ្ធតែបានគិតគូរទុកជាមុន លើកលែងតែអំពើមួយចំនួនតូចដែលមនុស្សបានប្រព្រឹត្ដដោយអចេតនា។ បើសន្ដិភាពចាប់ប្រភពពីខួរក្បាល យើងត្រូវធ្វើឱ្យវប្បធម៌សន្ដិភាព ស្ថិតនៅក្នុងខួរក្បាលជាមុនសិន។ ដើម្បីបណ្ដុះវប្បធម៌សន្ដិភាពនៅក្នុងស្មារតី យើងត្រូវធ្វើឱ្យស្មារតីនោះជួបប្រទះជារឿយៗនូវអ្វីដែលល្អ។ទង្វើបែបនេះ យើងគួរជៀសវាងបាតុភូតអវិជ្ជមានមួយចំនួននៅក្នុងសង្គមរបស់យើង៖

– ការកាប់សម្លាប់សត្វនានា ដូចជា គោ ក្របី មាន់ ទា ជ្រូក ដោយដឹកជញ្ជូនលាតត្រដាងនៅតាមទីសាធារណៈ។

– ការបកស្រាយលាតត្រដាងអំពិវិធីសម្លាប់មនុស្សតាមរយៈបណ្ដាញផ្សព្វផ្សាយនានា។

– ការបញ្ចាំងខ្សែភាពយន្ដអំពីការកាប់សម្លាប់ ការប្លន់ ការជំរិត ការលក់គ្រឿងញៀន … ។

យើងមិនអាចមិនសម្លាប់សត្វដើម្បីធ្វើម្ហូបអាហារបានទេ តែគួរបិទបាំងសត្វទាំងនោះនៅពេលដឹកជញ្ជូនឆ្លងកាត់ទីសាធារណៈ។ យើងមិនអាចមិននិយាយអំពីការសម្លាប់មនុស្សដែលប្រព្រឹត្ដដោយឃាតកទេ តែក៏មិនគួរ បង្ហាញពីវិធីសម្លាប់យ៉ាងល្អិតល្អន់ដល់សាធារណជនដែរ។ យើងមិនអាចមិនបញ្ចាំងខ្សែភាពយន្ដ ស្ដីពីការកាប់សម្លាប់ទេ តែគួរបញ្ចាំងនៅពេលណាដែលកុមារភាគច្រើនដេកលក់។ បើយើងធ្វើបែបនេះ យើងអាចបន្ថយភាពគ្រោតគ្រាតនៅក្នុងស្មារតី។ 

ផ្ទុយទៅវិញ បើយើងបង្ហាញពីវិធីសម្លាប់មនុស្ស មនុស្សដែលខ្វះសីលធម៌អាចយកតម្រាប់តាមវិធីទាំងនោះ។

បុគ្គលដែលមានសមត្ថភាពវិទ្យាសាស្ដ្របច្ចេកទេស និងមានបុគ្គលិកលក្ខណៈប្រកបដោយសីលធម៌ ៖

– ឆ្លងពីញាណសយម្ភូតទៅញាណត្រិះរិះ ឆ្លងពីញាណត្រិះរិះទៅញាណ  ត្រិះរិះសមហេតុផល,

-មានជំនឿលើខ្លួនឯង,

-ត្រូវបានអ្នកដទៃជឿជាក់,

-មានលក្ខណៈជាបុគ្គលផ្ទាល់ខ្លួន,

-មានលក្ខណៈជាសមូហភាព។

សង្គមដែលពោរពេញទៅដោយពលរដ្ឋដែលមានសមត្ថភាពវិទ្យាសាស្ដ្រ បច្ចេកទេសនិងសមត្ថភាពសីលធម៌ ៖

€€€€€ -សង្គមរីកចម្រើននៅក្នុងសមូហភាព

-សង្គមមានសន្ដិសុខ និងសន្ដិភាព

-សង្គមផ្ដល់គំរូដល់ជំនាន់ក្រោយ។

ទន្ទឹមនឹងការបំបាត់បាតុភូតអវិជ្ជមាននោះ យើងត្រូវយកចិត្ដទុកដាក់យ៉ាងខ្លាំងដល់ការអប់រំសមាជិកគ្រួសារដែលជាកោសិកាសំខាន់បំផុតរបស់សង្គម។ ដើម្បីឱ្យបុគ្គលដែលជាសមាជិកគ្រួសារមានគំនិតច្នៃប្រឌិត និងមានសកម្មភាពម្ចាស់ការសង្គមគួររួមចំណែកកសាងបុគ្គលិកលក្ខណៈរបស់បុគ្គលឱ្យក្លាយជាបុគ្គលដែលមានជំនឿលើខ្លួនឯង និងជាអ្នកដែលត្រូវបានអ្នកដទៃជឿជាក់។ 

បណ្ឌិតសភាចារ្យ ឆយ យីហ៊ាង បានពោលថា “ក្នុងឋានៈជាប្រធាន ដែលមានសីលធម៌ បុគ្គលគឺជាអ្នកធ្វើសកម្មភាពជាមួយអ្នកដទៃ ពោលគឺជាមនុស្សដែលរស់នៅជាមួយអ្នកដទៃ”។ ហេតុនេះមនុស្សយើងម្នាក់ៗជាមនុស្សដែលមានលក្ខណៈជាបុគ្គលផង និងជាមនុស្សដែលមានលក្ខណៈជាសមូហភាពផង។ បុគ្គលអត្ដនោម័តដែលរស់នៅដោយមានស្មារតីផ្ដាច់ខ្លួនពីអ្នកដទៃ កេងប្រវ័ញ្ចអ្នកដទៃ មិនស្ថិតនៅក្នុងក្របខ័ណ្ឌនៃសង្គមដែលយើងចង់បានឡើយ។ 

គ្រប់សាសនាទាំងអស់នៅក្នុងប្រទេសកម្ពុជាតែងបណ្ដុះបណ្ដាលសីលញាណដល់បរិស័ទរបស់ខ្លួន។ ក្នុងនោះ ពុទ្ធសាសនាបានដើរតួនាទីយ៉ាងសំខាន់។ បញ្ហាសំខាន់បំផុតមិនមែនស្ថិតនៅត្រង់ការយល់ទ្រឹស្ដីសីលធម៌នៅក្នុងស្មារតីទេ តែត្រូវធ្វើឱ្យទ្រឹស្ដីសីលធម៌នោះក្លាយជាសកម្មភាពប្រតិបត្ដិ។ ជម្លោះរវាងពុទ្ធបរិស័ទ និងពុទ្ធបរិស័ទរវាងបព្វជិតនិងបព្វជិតនៅក្នុងទីវត្ដអារាមដែលស្ដែងឡើងជារឿយៗ មានន័យថា ទ្រឹស្ដីសីលធម៌ស្ថិតនៅតែក្នុងស្មារតីម្ដងម្កាលប៉ុណ្ណោះ។

ក្នុងករណីនេះ បុគ្គលមិនបានបណ្ដុះវប្បធម៌សន្ដិភាពឡើយ។ បណ្ឌិតសភាចារ្យ ខ្លូត ធីតា បានកំណត់ថាសន្ដិភាពតាមកម្រិតនីមួយៗ និងក្នុងវិស័យនីមួយៗ ហើយស្នើឱ្យប្រើវិធីមួយចំនួនដើម្បីបានទទួលសន្ដិភាពនោះ។ វិធីអភិវឌ្ឍគុណភាពនៃការអប់រំបណ្តុះបណ្តាលមនុស្សដែលទទួលខុសត្រូវក្នុងការគាំទ្រសន្ដិភាពផ្ទៃក្នុង និងសន្ដិភាពសង្គម ដូចជាសេចក្ដីរីករាយ សេចក្ដីស្រឡាញ់ចំពោះអ្នកដទៃ សេចក្ដីអាណិតអាសូរនិងសាកលភាពនៃសញ្ចេតនាដូចគ្នា។ លោកស្នើឱ្យធ្វើសមាធិសម្រាប់បណ្ដុះសន្ដិភាពនៅក្នុងស្មារតី និងស្នើផងដែរឱ្យមានការតម្រង់ស្មារតីទៅរកតម្លៃស្ថាបនា ដូចជាការស្គាល់អ្នកដទៃ សហប្រតិបត្ដិការ និងការរួមចំណែកជាដើម។ 

ការអប់រំសម្រាប់សន្ដិភាពសង្គម និងសន្ដិភាពអន្ដរជាតិមានបីបែបដូចខាងក្រោម ៖

– ការអប់រំវប្បធម៌ដើម្បីសន្ដិភាព

– ការអប់រំសង្គមដើម្បីសន្ដិភាព

– ការអប់រំសេដ្ឋកិច្ចដើម្បីសន្ដិភាព។

យើងត្រូវអនុវត្ដការងារនេះជាប្រចាំ គ្រប់កាលនិងលំហ ដែលមិនមែនតែនៅក្នុងប្រទេសយើងប៉ុណ្ណោះទេ តែនៅក្នុងពិភពលោកទាំងមូល។

បើប្រៀបធៀបជាមួយសង្គមសាធារណរដ្ឋខ្មែរ ( សង្គម លន់ នល់ )និងសង្គមកម្ពុជាប្រជាធិបតេយ្យ (សង្គម ប៉ុល ពត) សង្គមយើងជាផល ឯសង្គមលើទាំងពីរជាហេតុ។ ហេតុទាំងពីរដ៏អាក្រក់បានផ្ដល់ផលអាក្រក់មកដល់យើង។ ប៉ុន្ដែ តាំងពីឆ្នាំ១៩៧៩មក យើងបានស្ដារអ្វីដែលល្អឡើងវិញហើយយើងមានកត្ដាល្អច្រើនណាស់នៅក្នុងមាតុភូមិរបស់យើង។ 

ប្រទេសកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺជាភស្ដុតាងបញ្ជាក់ឱ្យឃើញថា ក្នុងសកម្មភាពប្រតិបត្ដិយើងកំពុងស្វែងរកសន្ដិភាព និងកំពុងខិតខំការពារសន្ដិភាពឱ្យស្ថិតនៅគង់វង្ស។ 

ប៉ុន្ដែបញ្ហាសំខាន់ជាងនេះទៀត គឺការបណ្ដុះស្មារតីសន្ដិភាពដល់កុមារ យុវជន និងមនុស្សពេញវ័យឱ្យជម្រុះចោលនូវស្មារតីសង្គ្រាម ស្មារតីហិង្សា ដើម្បីធ្វើឱ្យមនុស្សខ្មែរទូទាំងប្រទេស បង្កើតបានវប្បធម៌សន្ដិភាពទាំងនៅក្នុងស្មារតីទាំងនៅក្នុងការប្រតិបត្ដិ។ 

សព្វថ្ងៃមានបាតុភូតអវិជ្ជមានជាច្រើនដែលយើងពិបាកដោះស្រាយ ព្រោះវាកើតឡើងបន្ដបន្ទាប់រៀងរាល់ថ្ងៃ ដោយសារបុគ្គលជាច្រើនគ្មានវប្បធម៌សន្ដិភាពនៅក្នុងស្មារតី។ ពួកគេធ្វើឱ្យបាត់បង់តម្លៃមនុស្ស បំផ្លិចបំផ្លាញ សណ្ដាប់ធ្នាប់សង្គម ដើម្បីបំពេញមហិច្ឆិតាខ្មៅក្រខ្វក់របស់គេ។ ហេតុនេះ ការបណ្ដុះបណ្ដាលបុគ្គលិកលក្ខណៈរបស់បុគ្គលដែលជាសមាជិកពលរដ្ឋ ដោយយកសមត្ថភាពបច្ចេកទេស និងសមត្ថភាពសីលធម៌ធ្វើជាគ្រឹះជាបញ្ហាចាំបាច់ បន្ទាន់សម្រាប់រួមចំណែកអភិវឌ្ឍសង្គមជាតិ ជាកិច្ចការដែលសាកលវិទ្យាល័យឥន្ទ្រវិជ្ជាកំពុងចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ 

យើងជឿជាក់ថា សាកលវិទ្យាល័យឥន្ទ្រវិជ្ជាដែលមានទីតាំងនៅរាជធានីភ្នំពេញ និងនៅខេត្តបាត់ដំបង គឺជាជម្រើសដ៏ល្អបំផុតសម្រាប់សិស្សានុសិស្សដែលជាពិសេសសិស្សានុសិស្សដែលនឹងប្រឡងបញ្ចប់ការសិក្សាថ្នាក់មធ្យមសិក្សាទុតិយភូមិមកបន្តការសិក្សានៅកម្រិតឧត្តមសិក្សា ស្របពេលដែលមាននិស្សិតជាច្រើនរួមទាំងមន្ត្រីរាជការដែលជាឥស្សរជនរបស់ជាតិកំពុងសិក្សាកម្រិតបរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត។ ជាមួយគ្នានេះផងដែរ ធនធានសាស្ត្រាចារ្យ ធនធានទំនើបកម្មសម្ភារៈ រួមជាមួយការទទួលស្គាល់ទាំងថ្នាក់ជាតិ ទាំងថ្នាក់អន្តរជាតិ នោះសាកលវិទ្យាល័យឥន្ទ្រវិជ្ជាគឺជាថ្នាលបណ្តុះបណ្តាលធនធានមនុស្សដ៏សំខាន់មួយនៅកម្ពុជាចាប់ពីកម្រិតឧត្តមសិក្សា។

អត្ថបទស្មេរ៖ លោកបណ្ឌិត ជា មុនីឫទ្ធិ

 

អត្ថបទដែលជាប់ទាក់ទង