មុខរបរចម្លាក់ព្រះ និងរូបបដិមាផ្សេងៗ នៅស្រុកសន្ទុក ខេត្តកំពង់ធំ កំពុងតែទទួលបានភាពជោគជ័យ លើការងារមួយនេះ

កំពង់ធំ៖ លោក ពូ សៀងវ៉ាន់ដា ជាអាជីវករចម្លាក់ព្រះនិងរូបបដិមាករ រស់នៅភូមិសំណាក ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ បានឱ្យដឹងថា ក្រុមគ្រួសាររបស់គាត់បានចាប់យកអាជីព ចម្លាក់ព្រះអស់រយៈពេលជាង១០ឆ្នាំមកហើយ ពីព្រោះមុខរបរមួយនេះធ្វើឱ្យក្រុមគ្រួសារគាត់មានជីវភាពធូរធា តាំងពីផ្ទះតូច រហូតមានលំនៅឋានសមរម្យដូចគេឯង មិនតែប៉ុណ្ណោះក្រុមគ្រួសាររបស់គាត់ បានពង្រីកពីអាជីវកម្មខ្នាតតូចធ្វើដោយដៃ មកប្រើបច្ចេកទេសថ្មី គឺភ្លើងអេឡិចត្រូនិច ដើម្បីងាយស្រួលប្រើកម្លាំងតិច អស់ចំណាយតិច ផ្នែកតាមការ ណែនាំរបស់មន្ត្រីនៃក្រសួងវប្បធម៌ តែងចុះមកសិក្សាផ្តល់បច្ចេកទេសជារៀងរាល់ឆ្នាំ លោកបន្តថា ព្រះ១អង្គធំ ទំហំភ្នែនក្រោម ចាប់ពី២:៥០មទៅ២:៧០ម៉ែត ត្រូវប្រើរយៈពេលធ្វើចាប់ពី៤០ទៅ៥០ថ្ងៃ ហើយលក់ជៀវឱ្យទៅអតិថិជនតាមការកម្មង់ទិញរូបព្រះធម្មតាសម្មណៈឧត្តម ក្នុងតម្លៃចាប់ពី៤៥០០$ទៅ៦០០០ដុល្លារ តែបើរូបចម្លាក់ព្រះសេអាមន្ត្រីវិញ គឺអាចលក់បានដល់ទៅ៨០០០$ ព្រោះរូបចម្លាក់នេះ មានក្បាច់រចនាច្រើនជាងគេ ហើយប្រើរយៈពេលយូរជាងគេ។

លោក គង់ ចាន់ ជាមេភូមិសំណាកបានបញ្ជាក់ថា៖ គិតមកដល់ពាក់កណ្តាលឆ្នាំនេះ មានអាជីវករចម្លាក់ព្រះចំនួន៣២គ្រួសារ ក្នុងចំណោមប្រជាពលរដ្ឋ២០០គ្រួសារ លោកបន្តថា កាលចាប់ផ្តើមដំបូងមុនឆ្នាំ២០០០មានអាជីវករចម្លាក់ត្រឹមតែ៤ទៅ៥គ្រួសារប៉ុណ្ណោះ តែដោយក្រុមអាជីវករខាងលើនេះ ទទួលបានភាពជោគជ័យ មានប្រាក់ចំណេញច្រើន ពី១ឆ្នាំទៅ១ឆ្នាំ ធ្វើឱ្យអ្នកភូមិនេះ បាននាំគ្នាពង្រីកអាជីវកម្មបន្ថែមទៀត។

លោកបន្តថា៖ បច្ចុប្បន្នអ្នកភូមិសំណាក់បាននាំគ្នាជ្រើសរើសយកថ្មពួកមកផលិតរូបព្រះនិងរូបចម្លាក់ផ្សេងៗ ព្រោះប្រភេទថ្មនេះមានគុណភាពរឹងល្អនិងងាយចម្លាក់ក្បាច់ស្អាតជាងគេ ហើយប្រភេទថ្មនេះច្រើនតែទៅទិញមកពីខេត្តព្រះវិហារ ទិញតអ្នកមានអាជ្ញាប័ណ្ណរបស់ក្រុមហ៊ុនមួយចំនួន។

អ្នកស្រី ឈុំ ពៅ ប្រធានការិយាល័វប្បធម៌និងវិចិត្រសិល្បៈស្រុកសន្ទុក បានបញ្ជាក់ឱ្យដឹងថា៖ មន្ត្រីជំនាញតែងតែចុះណែនាំផ្តល់បទពិសោធដល់ក្រុមអាជីវករចម្លាក់នៅភូមិខាងលើនេះជាបន្តបន្ទាប់ ពីបច្ចេទេសដាក់ក្បាច់ចម្លាក់ទៅលើរូបសំណាក់និងរូបព្រះបដិមាករ ដើម្បីឱ្យស្របតាមព្រះពុទ្ធសាសនាខ្មែរ ហើយម្យ៉ាងវិញញទៀតអ្នកស្រី ក៏បានជូនដំណឹងដល់ក្រុមអាជីវករចម្លាក់ទាំងអស់ ត្រូវចូលរួមសិក្សារៀនសូត្រពីបច្ចេកទេសឱ្យបានគ្រប់ៗគ្នាព្រោះមន្ត្រីជំនាញរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈនិងចុះទៅបង្រៀននៅដើមខែ៩ ឆ្នាំ២០១៨នេះ។ដោយCSB(CSC)

អត្ថបទដែលជាប់ទាក់ទង