រងរបួសធ្ងន់២នាក់ ស្លាប់ម្នាក់ក្នុងហេតុការណ៍ករណីគ្រោះថ្នាក់ចរាចរណ៍

មណ្ឌលគិរី៖ នៅវេលាម៉ោង១៦ៈ៤៥នាទី ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨នេះ មានករណីគ្រោះថ្នាក់ចរាចរណ៏មួយបានកើតឡើងដែល បណ្តាលឱ្យស្លាប់បាត់បង់ជីវិតមនុស្សស្រីម្នាក់ និងពីរនាក់ទៀតរងរបួសធ្ងន់ត្រូវបានបញ្ជូនមកព្យាបាលនៅមន្ទីពេទ្យបង្អែក ក្រុង សែនមនោរម្យភ្លាមៗតែម្តង បន្ទាប់ពីមានហេតុការណ៍នេះកើតឡើង។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដោយខ្លួនឯងនៅលើដងផ្លូវជាតិលេខ76Aត្រង់ចំណុចទល់មុខផ្សារកែវសារ៉ាន់ ស្ថិតនៅក្នុងភូមិពូលូង សង្កាត់រមនា ក្រុងសែនមនោរម្យខេត្តមណ្ឌលគីរី។

បើតាមសមត្ថកិច្ចនៅកន្លែងកើតហេតុបានឱ្យដឹងថា៖ជនរងគ្រោះបានជិះម៉ូតូចំនួន៣នាក់ម៉ាក HONDA ឆ្នាំ2011 ពណ៌ខ្មៅ ពាក់ស្លាកលេខៈតាកែវ1F46-72 ដោយមានអ្នករួមដំណើរ ចំនួន២នាក់ជាមួយ ពេលមកដល់ចំណុចកើតហេតុខាងលើ អ្នកបើកបរម៉ូតូបានបើកបរក្នុងល្បឿនលឿន និងចំកន្លែងផ្លូវកោងបណ្តាល ឱ្យដួលស្លាប់មនុស្សស្រីម្នាក់ និងពីរនាក់ទៀតរងរបួសធ្ងន់។

សមត្ថកិច្ចដដែលឱ្យដឹងបន្តថា៖ អ្នកបើកបរម៉ូតូឈ្មោះ ពៅ សុផាត ភេទប្រុស អាយុ៦២ឆ្នាំ ជនជាតិខ្មែរ ជាចៅសង្កាត់សុខដុម រស់នៅក្នុងភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យរងរបួសរលាត់ចិញ្ចើមឆ្វេង កន្ទុយភ្នែកឆ្វេង បបូមាត់លើខាងឆ្វេងធ្ងន់ ចំណែកអ្នករួមដំណើរជាមួយឈ្មោះ វ៉ា ចន្ធី ភេទស្រី អាយុ៥៣ឆ្នាំ ជនជាតិខ្មែរ មុខរបរជាកសិករ ត្រូវជាប្រពន្ធរបស់អ្នកបើកបរម៉ូតូ រងរបួសក្រោមកន្ទុយភ្នែកខាងស្តាំ ព្រមទាំងបបូមាត់ខាងស្តាំធ្ងន់ និងអ្នករួមដំណើរម្នាក់ទៀតឈ្មោះ ឌឿន ភេទស្រី បានស្លាប់នៅ នឹងកន្លែងកើតហេតុ។

បន្ទាប់មកសាកសពត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី រីឯវត្ថុតាងត្រូវបានសមត្ថកិច្ចយកមក រក្សាទុកនៅអធិការដ្ឋានក្រុងសែនមនោរម្យ៕ដោយ៖(ហង្ស សុភាព)

អត្ថបទដែលជាប់ទាក់ទង