ជិះម៉ូតូវិលមកពីប្តូរប្រេងម៉ាសុីនត្រូវរថយន្តបុកស្លាប់តាមផ្លូវ

ភ្នំពេញ៖ បុរសម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម បន្ទាប់ពីជិះម៉ូតូវិលមកពីប្តូរប្រេងម៉ាសុីនវិញ ត្រូវបានរថយន្តមិនស្គាល់ម៉ាកបើកបុក ស្លាប់តាមផ្លូវ កាលពីវេលាម៉ោង៣ៈ៣០នាទីរសៀល ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅតាមផ្លូវបេតុង ភូមិបឹងធំទី២ សង្កាត់បឹងធំ ខណ្ឌពោធិ៍សែនជ័យ ។

ជនរងគ្រោះឈ្មោះ យឹង សុវណ្ណារាជ ភេទប្រុស អាយុ២៥ឆ្នាំ ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដា សេ១២៥ ស៊េរី២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GQ-2736 ជាមធ្យោបាយ ។

តាមប្រភពនៅកន្លែងកើតហេតុ ប្រាប់ឱ្យដឹងផ្សេងគ្នា ដោយពុំមានអ្នកណាបានឃើញហេតុការណ៍ឡើយ អ្នកខ្លះថា មុនកើតហេតុ ជនរងគ្រោះជិះម៉ូតូពីលិចទៅកើត ដល់ចំណុចខាងលើ ត្រូវបានរថយន្តមិនស្គាល់ម៉ាក បើកបុកពីក្រោយ បណ្តាលឱ្យជនរងគ្រោះ បាក់កស្លាប់ភ្លាមៗនៅកន្លែង ម៉ូតូខ្ទេចមួយកំណាត់ក្រោយ។

នពលរដ្ឋខ្លះបានឱ្យដឹងថា មុនកើតហេតុជនរងគ្រោះ គេឃើញជិះម៉ូតូ ចេញពីកន្លែងប្តូរប្រេងម៉ាសុីន ហើយចូលកន្លែងផឹកសុី ជនរងគ្រោះផឹកអស់មួយកំប៉ុងហើយ ជិះម៉ូតូវិលទៅផ្ទះ ដោយធ្វើដំណើរពីលិចទៅកើតល្បឿនលឿន ដល់ចំណុចផ្លូវកោង យកចង្កូតមិនទាន់ ដួលខ្លួនឯង ហើយត្រូវបានរថយន្ត មិនស្គាល់ម៉ាក បើកបញ្ច្រាសទិស បើកមកបុកបន្ថែម បណ្តាលឱ្យស្លាប់ និងខ្ទេចម៉ូតូ មួយកំណាត់ក្រោយ ។

តែបើតាមក្រុមគ្រួសារវិញ បានឱ្យដឹងថា៖ មុនកើតហេតុ ជនរងគ្រោះ ក្រោយត្រឡប់មកពីកាត់សក់វិញ ចូលផ្ទះម្តងហើយ សុំលុយប្រពន្ធជិះម៉ូតូ ទៅប្តូរប្រេងម៉ាសុីន លុះពេលដែលវិលត្រឡប់មកផ្ទះវិញ ជួបហេតុការណ៍នេះតែម្តង ។

តែទោះជាយ៉ាងណាក្តី នៅកន្លែងកើតហេតុ ពុំមានអ្នកណាម្នាក់បានឃើញហេតុការណ៍ឡើយ ហើយការលើកឡើងផ្សេងៗគ្នា គ្រាន់តែជាការសន្និដ្ឋាន ។

ក្រោយកើតហេតុ សាកសពជនរងគ្រោះ ត្រូវបានក្រុមគ្រួសារ ទាមទារដាច់ខាតដឹកយកទៅផ្ទះខាងប្រពន្ធ នៅភូមិខ្ចៅ សង្កាត់បឹងធំ ក្បែរនោះ ខណៈដែលមេឃរកនឹងភ្លៀង ទោះជាសមត្ថកិច្ចជំនាញខណ្ឌ ទៅមិនទាន់ដល់ មិនទាន់បានពិនិត្យក៏ដោយ បង្ខំយកទៅផ្ទះ សិន បានរៀបចំធ្វើបុណ្យ ។

ករណីខាងលើ ទោះជាសាច់ញាតិជនរងគ្រោះ ដឹកសព និងយកម៉ូតូទៅផ្ទះបាត់មុនប៉ូលិសជំនាញខណ្ឌ ទៅដល់ក៏ដោយ សូម្បីប៉ូលិសប៉ុស្តិ៍ឃាត់ក៏មុនឈ្នះដែរ សមត្ថកិច្ចបន្ត ចុះទៅពិនិត្យ និងបន្តស្រាវជ្រាវ ៕ដោយ៖ (ណារម្យ)

 

អត្ថបទដែលជាប់ទាក់ទង