ជិះម៉ូតូក្នុងល្បឿនលឿនផ្លូវកោងដួលខ្លួនឯង បណ្តាលឱ្យស្លាប់ម្នាក់ របួសធ្ងន់ ២នាក់

មណ្ឌលគិរី៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដោយមានម៉ូតូមួយគ្រឿងជិះគ្នា ៣នាក់ ខណៈមកដល់ផ្លូវកែង បណ្តាលឱ្យដួលខ្លួនឯង បង្កឱ្យស្លាប់ម្នាក់ និងរបួសធ្ងន់ ២នាក់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៦ៈ៤៥នាទី ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨ តាមបណ្តោយផ្លូវជាតិលេខ៧៦A ត្រង់ចំណុចទល់មុខផ្សារកែវសារ៉ាន់ ស្ថិតនៅក្នុងភូមិពូលូង សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរី។

បើតាមសមត្ថកិច្ចនៅកន្លែងកើតហេតុបានឱ្យដឹងថា ជនរងគ្រោះបានជិះម៉ូតូមួយគ្រឿងម៉ាក HONGDA ឆ្នាំ២០១១ ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1F 4672 ដោយមានអ្នករួមដំណើរចំនួន ២នាក់ ពេលមកដល់ចំណុចកើតហេតុខាងលើ អ្នកបើកបរម៉ូតូបានបើកបរក្នុងល្បឿនលឿន និងចំកន្លែងផ្លូវកោងបណ្តាលឱ្យដួលស្លាប់ស្ត្រីម្នាក់ និងពីរនាក់ទៀតរងរបួសធ្ងន់។

សមត្ថកិច្ចដដែលឱ្យដឹងបន្តថា អ្នកបើកបរម៉ូតូឈ្មោះ ពៅ សុផាត ភេទប្រុស អាយុ៦២ឆ្នាំ ជនជាតិខ្មែរ ជាចៅសង្កាត់សុខដុម រស់នៅក្នុងភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ រងរបួសរលាត់ចិញ្ចើមឆ្វេង កន្ទុយភ្នែកឆ្វេង បបូមាត់លើខាងឆ្វេងធ្ងន់។ ចំណែកអ្នករួមដំណើរជាមួយឈ្មោះ វ៉ា ចន្ធី ភេទស្រី អាយុ៥៣ឆ្នាំ ជនជាតិខ្មែរ មុខរបរជាកសិករ ត្រូវជាប្រពន្ធរបស់អ្នកបើកបរម៉ូតូរងរបួសក្រោមកន្ទុយភ្នែកខាងស្តាំ ព្រមទាំងបបូមាត់ខាងស្តាំធ្ងន់ និងអ្នករួមដំណើរម្នាក់ទៀតឈ្មោះ ឌឿន ភេទស្រី បានស្លាប់នៅនឹងកន្លែងកើតហេតុ។

ក្រោយកើតហេតុសពស្ត្រីរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី រីឯវត្ថុតាងត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋានក្រុងសែនមនោរម្យ៕

អត្ថបទដែលជាប់ទាក់ទង