LEXUS GX-470​ បើកបរក្នុងល្បឿនលឿនបានរេជ្រុលចង្កូតទៅបុកទ្រូងផ្លូវពេញទំហឹង​

ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្ត LEXUS GX-470 មួយគ្រឿង បើកក្នុងល្បឿនលឿន បានជ្រុលចង្តូតទៅបុកទ្រូងផ្លូវបណ្ដាលឱ្យ​រងការខូចខាតអស់ចំនួន១កង់ រីឯរយន្តរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំនិងបែកកញ្ចក់មុខផងដែរ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើងឡើងនៅវេលាម៉ោង០០និង១០នាទីយប់រំលងអធ្រាត្រ​ ឈានចូលថ្ងៃច័ន្ទ​ ទី១៣ ខែសីហា ឆ្នាំ២០១៨ ត្រង់ចំណុចទល់មុខ​ក្រសួងវប្បធម៌ ​និងវិចិត្រសិល្បៈ ជិតស្ពានអាកាសក្បាលថ្នល់  តាមបណ្តោយផ្លូវព្រះនរោត្តម ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន​ រាជធានីភ្នំពេញ ។

សាក្សីនៅក្បែរកន្លែងកើតហេតុបានរៀបរាប់ប្រាប់ភ្នាក់ងារ​ កម្ពុជាទាន់ហេតុការណ៍​ CHN​ ដឹងថា៖ នៅមុនពេលកើតហេតុគេបានឃើញ រថយន្តមួយគ្រឿង ម៉ាក LEXUS GX-470 ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ​ ២AG-១៩០២ បើកបរដោយបុរស​មិនស្គាល់អត្តសញ្ញាណម្នាក់ ដែលមានឈុតមន្ត្រីអាវុធហត្ថនៅជាប់កៅអីអង្គុយ ដែលធ្វើដំណើរតាមបណ្តោយផ្លូវជាតិ ទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿនមិនប្រយ័ត្ន បានជ្រុលចង្កូតទៅបុកទ្រូងផ្លូវ បណ្តាលឱ្យរងការខូចខាតអស់ចំនួន១កង់ ចំណែកឯរថយន្តរងការខូចខាតផ្នែកខាងមុខ​និងបែកកញ្ជក់រថយន្តខាងមុខខ្ទេចយ៉ាងដំណំផងដែរ តែសំណាង​ល្អ មិនបណ្ដាលឱ្យមនុស្សរងរបួសនោះទេ ។

ប្រភពបន្ថែម​ទៀតថា៖ ភ្លាមនោះគេឃើញបុរសដែលជាអ្នកបើករថយន្ត បើកទ្វារចុះមក​ ទាំងមានរបួសនៅដៃផង បានប្រញាប់ប្រញាល់​ហៅ​រ៉ឺម៉ក កង់បីជិះចេញពីកន្លែងកើតហេតុគេចខ្លួនបាត់តែម្ដង ដោយទុករថយន្តបង្កហេតុចោលនៅកន្លែងកើតហេតុ​ ។

ក្រោយពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកកន្លែងកើតហេតុ រួចទាក់ទងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែង និងស្ទូចយករថយន្តបង្កទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំម្ចាស់រថយន្តចូលខ្លួនធ្វើការដោះស្រាយសងកាតខូចខាតទ្រព្យសម្បត្តិរដ្ឋទៅតាមនីតិវិធីផ្លូវច្បាប់៕

(អត្ថបទរូបភាព​ AhBoYz + នូ​ បូរ៉ា​ + សុខារ័ត្ន)(CSC)

អត្ថបទដែលជាប់ទាក់ទង