យុវជន​ជាប់សង្ស័យឆក់ទូរស័ព្ទ២នាក់​ ត្រូវនារីជនជាតិចិនជាម្ចាស់ទូរស័ព្ទ បើករថយន្ត LEXUS ដេញតាមបុកផ្ទប់នឹងជញ្ចាំងផ្ទះ រងបួសធ្ងន់ធ្ងរ​ក្អួតឈាម​ នៅម្ដុំទួលទំពូង

ភ្នំពេញ ៖ ជនសង្ស័យ២នាក់ ត្រូវបាននារីជាជនជាតិចិនអះអាងថាបានធ្វើសកម្មភាពឆក់ទូរស័ព្ទរបស់គាត់ ប៉ុន្តែគាត់បានបើករថយន្តដេញ បុកផ្ទប់នឹងជញ្ចាំងផ្ទះគេ បណ្តាលអោយរងរបួសធ្ងន់ធ្ងរ​ ក្អួតឈាម​ សង្ស័យតែមិនរស់ផង ដែលហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១យប់ ថ្ងៃអាទិត្យ​ ទី១២ ខែសីហា ឆ្នាំ២០១៨ នៅចំណុចផ្លូវលេខ៤៥៤ កែងនឹងផ្លូវលេខ១២៣ ស្ថិតក្នុងសង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន ។

បើតាមក្មេងប្រុសម្នាក់ជាអ្នកនិយាយភាសាចិននិងបានជួយបកប្រែភាសាចិនពីស្រ្តីជនជាតិចិនទាំង២នាក់នោះរួចរៀបរាប់ប្រាប់ភ្នាក់ងារកម្ពុជាទាន់ហេតុការណ៍ CHN យើងបានដឹងថា នៅមុនពេលកើតហេតុ​ គឺ ជនសង្ស័យទាំង២នាក់បានជិះម៉ូតូមកធ្វើសកម្មភាពឆក់ទូរស័ព្ទដៃរបស់គាត់ពីក្នុងរថយន្ត ខណៈពេលកំពុងឈប់រថយន្តអែបចិញ្ចើមផ្លូវ​លេខ៤៦០ ពេលភ្លាមនោះគាត់ក៏បានបើករថយន្តដេញតាមដែរ តែតាមមិនទាន់ ។

ខណៈដែលទូរស័ព្ទដៃគាត់បានភ្ជាប់ប្រព័ន្ឋGPS ផងនោះ គាត់ក៏ឆែកមើលឃើញហើយក៏បើករថយន្តរកមើលតាមសញ្ញា Locations និងប្រព័ន្ធ​GPS ដែលលោតបង្ហាញតាមផ្លូវរហូតមកដល់ចំណុចកើតហេតុផ្លូវ៤៥៤​ កែងផ្លូវ១២៣ ក៏ប្រទះឃើញជនសង្ស័យទាំង២នាក់នោះ កំពុងព្យាយាមជិះម៉ូតូ Scoopy ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ​1CL-7241 រត់គេចហើយក៏បើករថយន្តបំបុកតែម្តង រួចរុញទៅបុកផ្ទប់នឹងជញ្ជាំងថ្មរបងផ្ទះគេពេញទំហឹង បណ្តាលអោយជនជាប់សង្ស័យទាំង២នាក់​ រងរបួសធ្ងន់ធ្ងរ ដោយម្នាក់នៅសល់ដង្ហើមចង្រិត ក្អួតឈាមពេញខ្លួនទៀតផង​ និងម្នាក់ទៀតសន្លប់ស្ដូកផ្កាប់មុខនៅហ្នឹងកន្លែងតែម្ដង ហើយក៏ឃើញទូរស័ព្ទរបស់គាត់នៅក្បែរជនសង្ស័យនោះដែរ​ ទើបគាត់រើសយកមកវិញ​ ទើបបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ​ និងអ្នកដំណើរមកចោមរោមមើល​តែម្ដង។

ក្រោយមកជនជាប់សង្ស័យទាំង២នាក់នោះ​ត្រូវបានដឹកតាមរថយន្តគិលានសង្គ្រោះគ្លីនិកឯកជនយកទៅសង្គ្រោះបន្ទាន់ បន្តបន្ទាប់គ្នាផងដែរ។សូមបញ្ជាក់ថា​នៅក្នុងករណីនេះភ្នាក់ងារកម្ពុជាទាន់ហេតុការណ៍យើងនៅមិនទាន់ដឹងច្បាស់លាស់នៅឡើយទេ ថាជាករណីចោរឆក់ ឬក៏យ៉ាងណា​ ខណៈដែលសមត្ថកិច្ចមូលដ្ឋានក៏មិនទាន់អាច​សន្ឋិដ្ឋានប្រាប់ភ្នាក់ងារយើងបានឲ្យដឹងដែរ ដោយសុំរងចាំធ្វើការស្រាវជ្រាវបន្តទៀត ខណៈដែលស្រ្តីជាជនជាតិចិនទាំង២នាក់​ ត្រូវបានសមត្ថកិច្ចនាំយកទៅប៉ុស្តិ៍ដើម្បីសាកសួរសិន តែស្ថិតក្នុង​អាការ​ភិតភ័យពេកឲ្យក៏ទៅផ្ទះសម្រាកសិន ។

ចំណែកប្រជាពលរដ្ឋរស់នៅក្បែរកន្លែងដែលបុកជនជាប់សង្ស័យ ទាំង២នាក់នោះ បាននាំគ្នាអះអាងថាករណីនេះដូចជាមិនទំនងសោះ ហើយបានស្នើសុំតាមរយះភ្នាក់ងារកម្ពុជាទាន់ហេតុការណ៍ CHN និងគ្រប់បណ្ដាញសារព័ត៌មានទាំងអស់ អោយសមត្ថកិច្ចនិងសមត្ថកិច្ចជំនាញមេត្តា​បើកការស្រាវជ្រាវអោយបាន​លម្អិតផង​ បើអាចសុំអោយសមត្ថកិច្ចធ្វើ​សន្ធសិទ្ធ​សារព័ត៌មាន​បង្ហាញអោយ​ប្រជាពលរដ្ឋ​បានដឹងច្បាស់ផង ពាក់ព័ន្ធ​ករណីខាងលើនេះ ម៉្យាង​ទៀតថ្វីបើជនជាតិចិននោះជាអ្នករងគ្រោះក៏ដោយ តែក្នុងនាមជាជនបរទេស​ ​ពួកគេត្រូវមានប័ណ្ឌ​សំគាល់​ ឬលិខិតស្នាមអ្វី ដែលច្បាប់អនុញាតអោយ​អាចបើករថយន្តដោយសេរីបែប​នេះ​ ។

យ៉ាងណាមិញព័ត៌មានលម្អិតភ្នាក់ងារយើងនិងលម្អិតជូននាពេលក្រោយ ៕ (អត្ថបទរូបភាព​ AhBoYz​ + សុខារ័ត្ន)

អត្ថបទដែលជាប់ទាក់ទង