បុរសម្នាក់​ជិះម៉ូតូធំXR ទៅបុករថយន្ត LEXUSកំពុងបើកឆ្លងផ្លូវលាន់ដូចរន្ទះ នៅជិតរដ្ឋសភា

ភ្នំពេញ​ ៖ បើកបរខ្វះការប្រុងប្រយ័ត្ន បុរសម្នាក់​ជិះម៉ូតូធំ XR ទៅបុករថយន្ត LEXUS កំពុងបើកឆ្លងផ្លូវ លាន់ដូចរន្ទះបណ្ដាលឱ្យខូចខាត​រថយន្តនិងម៉ូតូយ៉ាងដំណំ បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងអ្នកដំណើរចោមរោមមើល​យ៉ាង​កកកុញ​ផងដែរ។

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះបានកើតមានឡើងនៅវេលាម៉ោង១១:២០នាទីយប់ ថ្ងៃអាទិត្យ​ ទី១២ ខែសីហា​​ ឆ្នាំ២០១៨នេះ នៅត្រង់ចំណុចខាងមុខរដ្ឋសភា​ តាមបណ្ដោយរដ្ឋសភា ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន​ រាជធានីភ្នំពេញ​។

សាក្សីនៅក្បែរកន្លែងកើតហេតុបានរៀបរាប់ប្រាប់ឱ្យភ្នាក់ងារកម្ពុជាទាន់ហេតុការណ៍ដឹងថា៖ នៅមុនពេលកើតហេតុ​ គេឃើញរថយន្តមួយគ្រឿងម៉ាក Lexus RX350 ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ​ ២AE-៩០៧៦ កំពុងបើកឆ្លងផ្លូវ លុះមកដល់ពាក់កណ្ដាលផ្លូវ ស្រាប់តែមានបុរសម្នាក់ជិះម៉ូតូធំ មួយគ្រឿងទៀត ម៉ាកXR ពណ៌សលាយក្រហម (ពុំមានស្លាកលេខ) ធ្វើដំណើរទិសដៅពីជើងទៅត្បូង ក្នុងល្បឿនយ៉ាងលឿន​ ក៏បានទៅបុកគ្នាចំពេញទំហឹងតែម្ដង បណ្ដាលឱ្យ​រថយន្តខ្ទេចផ្នែកខាងមុខចំហៀងឆ្វេងយ៉ាងដំណំ ចំណែកឯម៉ូតូគៀបជាប់រថយន្តតែម្ដង តែសំណាងល្អ​ អ្នកបើកបរ​ម៉ូតូ​បានពាក់មួក​សុវត្ថិភាព​ត្រឹមត្រូវ មិនបណ្ដាលឱ្យរងរបួសនោះទេ ក្រោយមកភាគីទាំងសងខាងបានចុះមក ប្រកែកគ្នារកត្រូវរៀងខ្លួន បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់ប្រជាពលរដ្ឋ និងអ្នកដំណើរចុះមកចោមរោមមើលទាំងយប់ផងដែរ។

ភ្នាក់ងារ​កម្ពុជាទាន់ហេតុការណ៍​បន្ថែមទៀតថា៖ ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទាក់ទងទៅសមត្ថកិច្ចជំនាញផ្នែកចរាចរណ៍ ចុះមកកន្លែងកើតហេតុ ហើយឱ្យភាគីរថយន្តទាំងសងខាងធ្វើការសម្របសម្រួលគ្នាសិន បើសម្រួលគ្នាមិនត្រូវ សមត្ថកិច្ចជំនាញនិងធ្វើការវ៉ាស់វែងគ្រឿង រួចយកទៅរក្សាទុកនៅ​អធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីរងចាំភាគីទាំងសងខាងដោះស្រាយបន្តតាមផ្លូវច្បាប់៕ (អត្ថបទនិងរូបភាព AhBoYz +​ នូ​ បូរ៉ា​ + សុខារ័ត្ន)(CSC)

អត្ថបទដែលជាប់ទាក់ទង