បុរសម្នាក់បើករថយន្ត Prius ទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់១កង់ នៅផ្លូវម៉ៅសេទុង

ភ្នំពេញ ៖ បុរសម្នាក់សង្ស័យស្រវឹងស្រា បានបើករថយន្តជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់១កង់ នៅវេលាម៉ោង២ និង២០នាទីរំលងអាធ្រាត ឈានចូលថ្ងៃច័ន្ទ ទី១៣ ខែសីហា ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវម៉ៅសេទុង កែងផ្លូវលេខ១៩៣ ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន ភ្នំពេញ​។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅពេលកើតហេតុ គេឃើញរថយន្តតូយ៉ូតាព្រូស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2U-3586 ដែលបើកបរដោយបុរសម្នាក់ទំនងជាស្រវឹងស្រា និងបានធ្វើដំណើរក្នុងល្បឿនយ៉ាងលឿនតាមបណ្ដោយផ្លូវម៉ៅសេទុង ទិសដៅពីត្បូងមកជើង។

លុះមកដល់ចំណុចកើតហេតុ ក៏រេចង្កូតមកបុកនិងរបាំងថ្មពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹង បណ្ដាលឲ្យរបាំងថ្ម (ក្បាលនាគ) បាក់អស់១កង់ រីឯរថយន្តបង្កវិញ បានដាច់កាឡែកង់មុខផ្នែកខាងឆ្វេងយ៉ាងដំណំ ដោយរថយន្តនៅទាន់អស់ល្បឿន ក៏បានបន្តទៅមុខប្រហែល៣០ម៉ែត្រទើបឈប់សំណាងល្អមិនបង្កឲ្យមនុស្សណាម្នាក់រងរបួសនោះឡើង។

ក្រោយកើតហេតុ ម្ចាស់រថយន្តបង្កបានទុករថយន្តចោល ហើយឡើងជិះរថយន្តផ្សេងគេចខ្លួនបាត់ស្រមោល ។ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ និងទាក់ទងទៅជំនាញចរាចរណ៍ឲ្យមកធ្វើការវាស់វែង ស្ទួចយករថយន្តបង្កខាងលើ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធីច្បាប់៕

 

អត្ថបទដែលជាប់ទាក់ទង