ប្រាសាទជ័យក្សេត្របើកទទួលភ្ញៀវឱ្យចូលទស្សនានៅចុង ខែសីហា ជាផ្លូវការឡើងវិញ ក្រោយបញ្ចប់គម្រោងជួសជុលជំហាន៣

បាត់ដំបង៖ ប្រាសាទជ័យក្សេត្រឬហៅថាប្រាសាទបសែតនៅក្នុងខេត្តបាត់ដំបង បើកទទួលភ្ញៀវឱ្យចូលទស្សនានៅចុងខែសីហាជាផ្លូវការឡើងវិញ ក្រោយការបញ្ចប់គម្រោងជួសជុលជំហានទី៣ដោយក្រុមជំនាញគាំពារអភិរក្សសំណង់បុរាណ។

មន្ដ្រីនាយកដ្ឋានគាំពារនិងអភិរក្សសំណង់បុរាណលោក គឹម សុធិន បានឱ្យដឹងនៅថ្ងៃទី១៣ ខែសីហានេះថា៖ ជំហានទី៣ក្នុងការជួសជុលនិងសង្គ្រោះបន្ទាន់ប្រាសាទបសែតនេះបានប្រើប្រាស់ថវិការបស់រាជរដ្ឋាភិបាលកម្ពុជាទាំងស្រុង ដោយចាប់ផ្ដើមតាំងពីខែមិនា រហូតដល់ពាក់កណ្តាលខែសីហា ឆ្នាំ២០១៨ បន្ទាប់ពីគម្រោងការជួសជុល នឹងសង្គ្រោះបន្ទាន់ជំហានទី១នៅឆ្នាំ២០១៥ ជំហានទី២ ឆ្នាំ២០១៦និងជំហានចុងក្រោយបង្អស់នៅឆ្នាំ២០១៨។

គម្រោងថ្មីនេះក្រសួងវប្បធម៌និងវិចិត្រសិល្បះបានជ្រើសរើសដាក់ការជួសជុលតែលើប្រាសាទបសែតប៉ុណ្ណោះ ព្រោះប្រាសាទខាងលើនេះមានសភាពទ្រុឌទ្រោមជាងប្រាសាទដទៃហើយមិនសូវមានភ្ញៀវចូលទស្សនាច្រើន និងស្របតាមគម្រោងស្ដារឡើងវិញរបស់រាជរដ្ឋាភិបាលប្រចាំឆ្នាំ២០១៨ សំដៅការអភិរក្សកេរ្តិ៍ដំណែលរបស់ដូនតាឱ្យបានគង់វង្សនឹងក្នុងគោលបំណងស្រូបយកភ្ញៀវទេសចរណ៍ចូលទស្សនាឱ្យបានកាន់ច្រើន។

រីឯកញ្ញា កែវ សុភាព ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បះខេត្តបាត់ដំបងបានគូសបញ្ជាក់ថា គម្រោងជួសជុលប្រាសាទបសែតបានបញ្ចប់ ទាំងតួប្រាង្គប្រាសាទនៅផ្នែកខាងមុខនិងផ្នែកកណ្តាលនេះបានផុសត្រដែតយ៉ាងរស់រវើកឡើងវិញប្រកបដោយភាពទាក់ទាញ មានបរិយាកាសត្រជាក់ល្អបរិសុទ្ធ មិនចាញ់ប្រាង្គប្រាសាទដ៏ទៃឡើយ ។ បន្ថែមពីនេះជុំវិញបរិវេណប្រាសាទនៅមាននៅស្នាដៃបុព្វបុរសដ៏គួរឱ្យស្ងប់ស្ងែងមួយទៀតគឺស្រះទឹកបុរាណដ៏ជ្រៅនិងធំកម្រឃើញថែមទៀត។

កញ្ញា កែវ សុភាព បន្ថែមថា ប្រាសាទជ័យក្សេត្រឬហៅថាប្រាសាទបសែតក្បែរបរិវេណនេះក៏មានបន្ទប់ទឹកដ៏ស្រស់ស្អាតប្រកបដោយភាពអនាម័យផងដែរដើម្បីសម្រួលដល់ការបន្ទោបង់ផ្សេងៗរបស់ភ្ញៀវយ៉ាងប្រសើរទៀតផង។

ប្រាសាទបសែតរួមទាំងប្រាសាទផ្សេងទៀតក្នុងខេត្តបាត់ដំបងបានរងការប៉ះពាល់យ៉ាងខ្លាំងដោយកក្តាធម្មជាតិ អាយុកាល និងកត្តាមនុស្សពិសេសក្នុងរបបប្រល័យពូជសាសន៍បានវាយបំផ្លាញចោលនិងវាយទំលាក់យកថ្មធ្វើសំណង់នានានិងការជីកកកាយរកវត្ថុមានតម្លៃខុសពីគោលការណ៍ថែទាំទៀត។ ប្រាសាទបសែតកសាងឡើងក្រោមរជ្ជកាលរបស់ព្រះបាទសូរិយវរ្ម័នទី១នាសតវត្សរ៍ទី១១មានរចនាបទ២ប្រភេទគឺរចនាបទឃ្លាំងនិងរចនាបទបាពួន និងមានកំពែងជុំវិញប្រមាណ៣០០ម៉ែត្រ៕ ដោយៈ SR

អត្ថបទដែលជាប់ទាក់ទង