៧ខែនៃឆ្នាំ២០១៨នេះ​ ភ្ញៀវទេសចរជាតិ និងអន្តរជាតិជាង២២ម៉ឺននាក់ បានទៅកម្សាន្តនៅខេត្តកោះកុង

កោះកុង៖ ជាងពាក់កណ្ដាលខែសីហា ដើមឆ្នាំ២០១៨នេះ ភ្ញៀវទេសចរជាតិ និងអន្តរជាតិជាង២២ម៉ឺននាក់ បានទៅកម្សាន្តនៅខេត្តកោះកុង កើនឡើងជាង១១៤ភាគរយ បើធៀបនឹងឆ្នាំមុន នេះបើតាមការបញ្ជាក់របស់ លោក ប៊ុន បៀវ ប្រធានមន្ទីរទេសចរណ៍ខេត្តកោះកុង កាលពីកន្លងទៅ។

លោកប្រធានមន្ទីរ បានបញ្ជាក់ទៀតថា៖ ស្របពេលដែលមាន ភ្ញៀវទេសចរណ៍កើនឡើងនេះ អាជ្ញាធរខេត្តកោះកុង បាននឹងកំពុងពង្រឹងគុណភាព សេវាកម្ម រម្មណីយដ្ឋាន អភិវឌ្ឍន៍វិស័យទេសចរណ៍ក្នុងតំបន់ ដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យមកលេងក្នុងខេត្តនេះឱ្យបានកាន់តែច្រើន។

លោកបានបញ្ជាក់ថា៖ នាពាក់កណ្ដាលខែសីហា ឆ្នាំ២០១៨នេះ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានមកលេងក្នុងខេត្តកោះកុងមានចំនួន ២២៩,៦៥៨នាក់ ក្នុងនោះភ្ញៀវជាតិចំនួន ១៧៨,៥៤៩នាក់ កើនឡើង៤៨,០១១នាក់ និងងភ្ញៀវអន្តរជាតិចំនួន ​៥១,​១០៩នាក់ កើនឡើង២៣,៣៦០នាក់។

សូមបញ្ជាក់ថា៖ ការកើននូវកំណើនភ្ញៀវទេសចរណ៍នេះ ដោយសារខេត្តកោះកុង មានសក្តានុពលវិស័យទេសចរធម្មជាតិ ដែលមានតំបន់ជាច្រើន ដូចជា តំបន់ព្រៃកោងកាងពាមក្រសោប ឆ្នេរប៉ាក់ខ្លង តាតៃ តំបន់សហគមន៍អារ៉ែង សហគមន៍ជីផាត កោះកុងក្រៅ កោះស្ដេច ទឹកជ្រោះ និងព្រំដែនកម្ពុជា-ថៃ ដើម្បីត្រៀមសេវាកម្ម​ជូនភ្ញៀវទេសចរ ដែលមកកម្សាន្តលេង ពិសេសនោះ នាពេលខាងមុខ ខេត្តកោះកុងនឹងមានព្រឹត្តិការណ៍ពិធីបុណ្យសមុទ្រ ក្នុងជុំទី២ នេះផង៕ដោយ៖ ណារម្យ(CSC)

អត្ថបទដែលជាប់ទាក់ទង